តំណាងរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានប្រកាសថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មានសិទ្ធិពេញលេញក្នុងការតែងតាំងចៅក្រមស៊ើបអង្កេតអន្តរជាតិ ដោយមិនចាំបាច់មានការតែងតាំងបន្ថែមពីភាគីកម្ពុជាទេ។
នៅថ្ងៃនេះ លោក កែវ រ៉េមី ដែលជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រតិកម្មខ្លីមួយ ដោយលើកជាសំណួរថា បើលោក អ៊ិច (X) ម្នាក់ ចង់ធ្វើជាមន្ត្រីរាជការ ប៉ុន្តែបើលោកពុំមានលិខិតស្នាមជាផ្លូវការត្រឹមត្រូវ ដើម្បីតែងតាំងនោះទេ តើលោក អ៊ិច (X) អាចទៅជាមន្ត្រីរាជការបានដែរអត់ ៖ «ក្រដាសស្នាមជាផ្លូវការយើងដឹងហើយ មានដូចជាប្រកាស អនុក្រិត្យ ព្រះរាជក្រិត្យ ជាដើម ក្នុងការប្រកាសនេះជាសំណួរមួយ ដែលយើងដាក់សួរត្រឡប់ទៅវិញ…»។
ការលើកឡើងរបស់លោក កែវ រ៉េមី នេះ គឺជាការឆ្លើយតបទៅនឹងសំណួរដែលសួរបញ្ជាក់ពីជំហរខាងរដ្ឋាភិបាល ទៅនឹងការអះអាងរបស់មន្ត្រីអង្គការសហប្រជាជាតិ គឺលោក ដេវីដ សែហ្វហ៊្វើ (David Scheffer) ដែលថា អង្គការសហប្រជាជាតិនៅតែប្រកាន់ជំហរតែងតាំងលោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ជាចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង ឲ្យទៅជាចៅក្រមស៊ើបអង្កេតអន្តរជាតិពេញសិទ្ធិនៃសាលាក្តីខ្មែរក្រហម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
