នៅថ្ងៃអង្គារ ទី ១០ មេសា សាក្សី ឌុច បាននិយាយជាចំហនៅក្នុងសវនាការសាលាដំបូងថា បើមិនជឿលើសក្ខីកម្ម ដែលគាត់ផ្ដល់នៅពេលនេះទេ សូមកុំចាប់អ្នកផ្សេងទៀត មកជួយបញ្ជាក់។
សំឡេង៖ «ឆ្នាំនេះ ២០១២។ គិតមកត្រឹម ១៩៧៩ វា ៣៤ ឆ្នាំ។ មនុស្សបែកខ្ញែកគ្នាអស់ ស្លាប់អស់រលីង។ លោកទៅរកនរណាមកឱ្យជួយដឹងឮ? ចង់ចាប់គេប៉ុន្មាននាក់ទៀត មកឱ្យជួយដឹងឮនោះ? បើជឿខ្ញុំក៏ជឿទៅ បើមិនជឿទេក៏ហីទៅ»។
សេចក្ដីថ្លែងរបស់សាក្សី ឌុច បែបនេះ គឺជាការឆ្លើយតបទៅមេធាវីអន្តរជាតិការពារក្ដីរបស់ជនជាប់ចោទ ខៀវ សំផន លោក អាទើរ វ៉ែរកិន (Arthur Vercken) នៅពេលដែលមេធាវីរូបនេះ សួររកឯកសារសំអាង ដើម្បីបញ្ជាក់លើចម្លើយសក្ខីកម្មមួយ ទាក់ទងនឹងលិខិតធ្វើដំណើររបស់ ឌុច ដែលថា មានហត្ថលេខារបស់ជនជាប់ចោទ ខៀវ សំផន។
ការសួរដេញដោលរបស់មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លើសាក្សី ឌុច គឺដើម្បីផ្ទៀងផ្ទាត់សក្ខីកម្មពាក់ព័ន្ធនឹងការចោទប្រកាន់លើតួនាទី និងអំណាចរបស់កូនក្ដីខ្លួន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សំឡេង៖ «ហេតុអ្វីក៏មិនមែន នួន ជា ចុះហត្ថលេខាលើលិខិតដើរផ្លូវនេះ ព្រោះលោកអះអាងថា លោក នួន ជា ជាអ្នកជំនួសលោក សុន សេន? លោកចង់និយាយថា ចំណែកលោក ខៀវ សំផន វិញគាត់គ្រាន់តែជាគណៈប្រធានរដ្ឋទេឬយ៉ាងម៉េច?»
ក្រៅពីការនិយាយឡើងវិញខ្លះៗ ពាក់ព័ន្ធនឹងអំណាច និងតួនាទីរបស់ជនជាប់ចោទ នួន ជា សាក្សី ឌុច ក៏បានឆ្លើយបញ្ជាក់ជូនអង្គជំនុំជម្រះអំពីតួនាទីរបស់ជនជាប់ចោទ ខៀវ សំផន ដែរ ដែលកាលនោះ គាត់ជាប្រធានគណៈប្រធានរដ្ឋ។
សំឡេង៖ «ធំណាស់ ប៉ុល ពត និង នួន ជា នោះ។ ទៅឱ្យស៊ីញេលិខិតដើរផ្លូវយ៉ាងម៉េច? ខៀវ សំផន មិនមែនធំប៉ុន ប៉ុល ពត និង នួន ជា ទេ តែគាត់ធំល្មមសមរម្យនឹងអាចស៊ីញេលិខិតដើរផ្លូវបាន។ ក្នុងបក្សគាត់ជាសមាជិកមជ្ឈិមពេញសិទ្ធិ»។
យើងសង្កេតឃើញថា សវនាការជាបណ្ដោះអាសន្ន នៅថ្ងៃអង្គារ ទី ១០ មេសា សាក្សី ឌុច ក៏បានបដិសេធមិនឆ្លើយនឹងសំណួរមេធាវីខ្លះៗ ដែរ។
មេធាវី៖ «ខ្ញុំសួរលោកទាក់ទងនឹងក្រសួងការបរទេស តើអ្នកទទួលបន្ទុកនាំអ្នកទោសទៅមន្ទីរ ស២១ ឈ្មោះអី?»
ឌុច៖ «ជម្រាបលោកប្រធាន! មិនឆ្លើយទេ ខ្ញុំមិនឆ្លើយទេ។ ខ្ញុំបានជម្រាបហើយថា គឺខាងមិត្ត លីន បញ្ជូនមកឱ្យខ្ញុំ។ ឥឡូវ ទៅឆ្កឹះកកាយអីឯណា»។
ការផ្ដល់ឱកាសសួរដេញដោលសាក្សី ឌុច សម្រាប់ក្រុមមេធាវីជនជាប់ចោទទាំង ៣ រូប បានបញ្ចប់ហើយៗ ជនជាប់ចោទ អៀង សារី និង ខៀវ សំផន មិនមានបំណងសួរដេញដោល ឌុច វិញទេ។
ដោយឡែក មេធាវី មីឃៀល ផេសមិន បានជម្រាបអង្គជំនុំជម្រះថា ជនជាប់ចោទ នួន ជា ស្នើសុំធ្វើសេចក្ដីថ្លែងការណ៍តបនឹងសក្ខីកម្មរបស់ ឌុច រយៈពេលប្រហែល ៥ ទៅ ១០ នាទី នៅសប្ដាហ៍ក្រោយ។
សាលាដំបូងបានផ្អាកសវនាការជាបណ្ដោះអាសន្ន នៅថ្ងៃអង្គារ ទី ១០ មេសា។ សវនាការនឹងត្រូវធ្វើបន្តទៀត នៅថ្ងៃពុធ ទី ១៨ ខែមេសា គឺបន្ទាប់ពីចូលឆ្នាំខ្មែរហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
