សហគមន៍​ខ្មែរ​នៅ​អាមេរិក ចងក្រង​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម

កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​ប្រទេស​កម្ពុជា ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់ ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការ​សម្លាប់ ការ​អត់​អាហារ ការ​បង្ខំ​អោយ​ធ្វើ​ការ​បាក់​កម្លាំង និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ។

0:00 / 0:00

ដើម្បី​ប្រាប់ និង​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ អោយ​ដឹង​នូវ​ព្រឹត្តិការណ៍ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​យុគ​ដ៏​ខ្មៅ​ងងឹត​នោះ សហគមន៍​ខ្មែរ​មួយ នៅ​សហរដ្ឋ​អាមេរិក កំពុង​ខិតខំ​ប្រមូល​ឯកសារ​ទាំង​ឡាយ ដែល​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម ចង​ក្រង​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ។

រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​ជាង ៣០ ឆ្នាំ​ហើយ ចាប់​តាំង​ពី​របប​ខ្មែរក្រហម​ដួល​រលំ។ បើ​ទោះ​បី​ជា​មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ពិភព​លោក បាន​ដឹង​ឮ​ពី​សោកនាដកម្ម ដែល​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​ច្រើន​ណាស់​ទៀត រួម​ទាំង​កូន​ខ្មែរ​ផង ជា​ពិសេស អ្នក​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម នៅ​ពុំ​បាន​ដឹង​រឿងរ៉ាវ​ស៊ីជម្រៅ ឬ​ស្ដាប់​ឮ​ពី​អតីត​ជន​រងគ្រោះ​អំពី​អ្វី ដែល​កើត​ឡើង​ក្នុង​របប​វាល​ពិឃាដ​នោះ​ទេ។

ដើម្បី​ជា​ជំនួយ​ក្នុង​ទិសដៅ​អប់រំ និង​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ខ្មែរក្រហម សហគមន៍​ខ្មែរ នៅ​ទីក្រុង​ឡង ប៊ិច រដ្ឋ California រួម​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង ឡូវ៉ែល (រដ្ឋ) កំពុង​ផ្តួចផ្តើម​គំនិត​ចងក្រង​ឯកសារ​ ដោយ​បង្កើត​ជា​ប័ណ្ណសារ ពិសេស​មួយ តាម​ប្រព័ន្ធ​អេឡិចត្រូចនិច ដែល​ដាក់​ចំណង​ជើង​ថា Khmer Rouge Genocidal Library។

ការ​បង្កើត​ប័ណ្ណសារ​ពិសេស​នេះ គឺ​ដើម្បី​រក្សា​រឿងរ៉ាវ​ពិតៗ ស្តីពី​បទ​ពិសោធន៍​ជីវិត​ជូរ​ចត់ និង​ការ​រង​ទារុណកម្ម​របស់​បុគ្គល​ម្នាក់ៗ ដែល​បាន​រួច​រស់​ជីវិត​ពី​របប​ខ្មែរក្រហម។

សមាជិក​គណៈកម្មការ​រៀបចំ​គម្រោង លោក មាស សាម ពលរដ្ឋ​ខ្មែរ​អាមេរិក​រស់​នៅ​ទីក្រុង ឡូវ៉ែល មាន​ប្រសាសន៍​ថា គម្រោង​បង្កើត​ប័ណ្ណសារ​ពិសេស​នេះ ជា​ប្រភព​មួយ​ដ៏​សំខាន់​ ដែល​មិន​ដែល​មាន​ពី​មុន​មក។

លោក មាស សាម៖ «ម្នាក់ៗ បើ​ចង់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​អញ្ចឹង អាច​ចូល​មក​មើល​បាន។ គោល​បំណង​នោះ គឺ​ចង់​សម្ភាស​ជន​រងគ្រោះ ពី​រឿងរ៉ាវ​មុន​របប​ខ្មែរក្រហម​ចូល​ស្រុក។ ពី​ការ​រស់​នៅ​របស់​គាត់​ក្នុង​បដិវត្ត ហើយ​ក្រោយ​ពេល​ដែល​ខ្មែរក្រហម​បាន​ចាក​ចេញ មាន​ដូច​ជា ការ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដូច​ជា​ការ​រស់​នៅ​ក្នុង​ប្រទេស​ទី ៣ អ៊ីចឹង ឬ​ក៏​ការ​រស់​នៅ​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ហ្នឹង។ យើង​ចង់​ទាក់ទង​បង​ប្អូន​ខ្មែរ​យើង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​គ្រប់​ប្រទេស​ព្រម​ទាំង​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ដែរ»។

ចំណែក​សមាជិក​ជាន់​ខ្ពស់​ម្នាក់ទៀត នៃ​គណៈកម្មការ​ស្ថាបនា​ប័ណ្ណសារ​នេះ គឺ​លោក វ៉ាន់ ទូច មាន​ប្រសាសន៍​ដែរ​ថា ស្រប​ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​ដំណើរ​ការ​នីតិវិធី​កាត់​សេចក្ដី​ អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម​នៅ​កម្ពុជា មាន​សាក្សី ភស្តុតាង និង​ឯកសារ​ជា​ច្រើន ក្នុង​ដំណើរ​ការ​ក្ដី​នេះ គណៈកម្មការ​នឹង​យក​មក​ចងក្រង​ជា​ឯកសារ បញ្ចូល​ជា​ទិន្នន័យ​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​អេឡិចត្រូចនិច​ប័ណ្ណសារ Archive នេះ​ដែរ។

លោក វ៉ាន់ ទូច៖ «ដាក់​នៅ​ក្នុង​បណ្ណាល័យ​ទាំង​អស់​យើង​មាន Library ទាំង​អស់ អ្វី​ដែល​ចៅក្រម​ចេញ​ដីកា មាន​ឯកសារ​ផ្សេងៗ ទាំង​អស់។ យើង​នឹង​ធ្វើ​ជា​លីង​ជា​មួយ​តុលាការ​ខ្មែរក្រហម​ហ្នឹង​ឲ្យ​មាន​តម្លាភាព»។

តាម​ការ​អោយ​ដឹង​ពី​សមាជិក​ជាន់​ខ្ពស់​ម្នាក់​ទៀត គឺ​លោក ឃឿន សំខាន់ គឺ​គណៈកម្មការ​ចង់​ឲ្យ​ជន​រងគ្រោះ​ទាំង​អស់​បង្ហាញ​ដល់​ពិភព​លោក ឲ្យ​ដឹង​តាម​រយៈ​ប័ណ្ណសារ​នេះ អំពី​ប្រវត្តិ​របស់​ខ្លួន ដោយ​បញ្ចូល​ឯកសារ​ជា​ការ​សរសេរ​ជា​សំឡេង មាន​កាសែត​វីដេអូ ជា​រូបថត និង​បទ​សម្ភាស​ជន​រងគ្រោះ​ផង​ដែរ។

លោក ឃឿន សំខាន់៖ «គោល​បំណង​ធំ​នៃ​ការ​បង្កើត Cyber Library ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ជន​រងគ្រោះ​ខ្មែរក្រហម​ហ្នឹង គឺ​មាន​បំណង​ថា​ចង់​ប្រមូល​នូវ​ឯកសារ សំណុំ​រឿង​ផ្សេងៗ។ ជា​ពិសេស ដល់​ជន​រងគ្រោះ​ទាំង​ឡាយ ដែល​បាន​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម។គោល​បំណង​ធំ​ហ្នឹង ចង់​ឲ្យ​ជន​រង​គ្រោះ​ទាំង​អស់​អាច​និយាយ​ប្រាប់​រឿង​របស់​ខ្លួន»។

លោក ឃឿន សំខាន់ បាន​បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​សម្រាប់​ប័ណ្ណសារ​ប្រព្រឹត្តិ​នេះ​ទៅ​បាន​ដោយ​ជោគជ័យ គណៈកម្មការ​គ្រោង​នឹង​រក​ថវិកា​ពី​ប្រភព​ផ្សេងៗ ជា​ច្រើន ដូច​ជា ពី​បណ្ណាល័យ​ជាតិ អន្តជាតិ ពី​រដ្ឋាភិបាល​អាមេរិក ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពី​ប្រភព​ឯកជន​ផ្សេងៗ ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា គណៈកម្មការ​នេះ​ក៏​មាន​ថវិកា​ប្រមាណ ៥ ម៉ឺន​ដុល្លារ តម្កល់​ទុក​សម្រាប់​ត្រៀម​ចាប់​ផ្ដើម​ដំណើរ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។