មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា អង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម បានទទួលពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងករណីលេខ០០២ ពីជនរងគ្រោះក្នុងសម័យខ្មែរក្រហម បានជាង៤ពាន់នាក់ហើយ គិតមកដល់ថ្ងៃពុធ ទី២៨ កក្កដានេះ។
លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែកក្កដានេះថា សំណុំរឿង០០២ សហចៅក្រមស៊ើបអង្កេតសាលាក្ដីគ្រោងរៀបចំបញ្ជូនសំណុំរឿងទាំងនោះ ទៅអង្គជំនុំជម្រះនៅខែកញ្ញា ឆ្នាំ២០១០នេះ ៖ «សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា សំណុំរឿង០០២ គឺជាសំណុំរឿងក្ដីរបស់អតីតមេដឹកនាំខ្មែរក្រហមចំនួន៥រូប រួមមាន លោក ខៀវ សំផន, លោក អៀង សារី, អ្នកស្រី អៀង ធីរិទ្ធិ, លោក នួន ជា និងអាចមានលោក កាំង ហ្កិចអ៊ាវ ហៅ ឌុច ផងដែរ។ សាលាក្ដីនឹងពិចារណាថាតើនឹងបញ្ចូល ឌុច ក្នុងសំណុំរឿង០០២ នេះ ជាចុងក្រោយ ឬយ៉ាងណា នៅខែកញ្ញាខាងមុខនេះ»។
ទាក់ទងបញ្ហានេះដែរ បុរសវ័យចំណាស់ ឈ្មោះ នង សារ៉ាត់ ដែលអះអាងជាជនរងគ្រោះម្នាក់ ក្នុងរបបខ្មែរក្រហម បានសម្ដែងការខកចិត្ត ចំពោះសហចៅក្រមស៊ើបអង្កេតសាលាក្ដីខ្មែរក្រហម ដែលបានបដិសេធមិនឲ្យរូបគាត់បានចូលខ្លួនធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០១ កន្លងទៅនេះ។ បុរសរូបនេះឲ្យដឹងថា សំណុំរឿង០០២ រូបគាត់ក៏បានដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណីដែរ ប៉ុន្តែមិនដឹងថា ចៅក្រមសាលាក្ដីខ្មែរក្រហមបដិសេធដូចសំណុំរឿង០០១ ដែរ ឬយ៉ាងណានោះទេ។
លោក ហុង គឹមសួន មេធាវីការពារក្តីឲ្យជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណី នៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានសម្ដែងការព្រួយបារម្ភទាក់ទងនឹងការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះ ក្នុងសំណុំរឿងលេខ០០២។ ការព្រួយបារម្ភកើតឡើងបន្ទាប់ពីសំណុំរឿងលេខ០០១ របស់ជនរងគ្រោះជាច្រើននាក់ ត្រូវបានសហចៅក្រមសាលាក្ដីខ្មែរក្រហមច្រានចោលជាច្រើនករណី ដោយហេតុផលមិនមានឯកសារ និងវត្ថុតាងបញ្ជាក់គ្រប់គ្រាន់។
មន្ត្រីសាលាក្ដីខ្មែរក្រហមឲ្យដឹងថា សំណុំរឿង០០១ ដែលមានលោក កាំង ហ្កិចអ៊ាវ ហៅ ឌុច ជាជនជាប់ចោទ គឺមានដើមបណ្ដឹងសរុប ៩៣រូប ក្នុងនោះសហចៅក្រមស៊ើបអង្កេតសាលាក្ដី បានទទួលស្គាល់ត្រឹមតែ ៦៦រូបប៉ុណ្ណោះ។ ក្រៅពីនោះ បានទាត់ចោលដោយសំអាងថា មិនមានឯកសារ ឬវត្ថុតាងច្បាស់លាស់៕
