សាលាក្ដី​ខ្មែរក្រហម បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម មាស វឿន

អង្គ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី​ឈ្មោះ មាស វឿន ហើយ នៅ​ថ្ងៃ​អង្គារ ទី ៩ តុលា ឆ្នាំ ២០១២។

ក្នុង​សវនាការ សាក្សី មាស វឿន ដែល​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរក្រហម ក្នុង​ទសវត្ស​ឆ្នាំ ១៩៧០ ត្រូវ​បាន​ភាគី​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ អៀង សារី នួន ជា និង ខៀវ សំផន សួរ​បញ្ជាក់​បន្ថែម​អំពី​ចំណុច​ខ្វះ​ចន្លោះ​មួយ​ចំនួន ដែល​គាត់​បាន​ឆ្លើយ​ចំពោះ​សហ​ព្រះរាជ​អាជ្ញា និង​សហ​ចៅក្រម ចាប់​តាំង​ពី​ថ្ងៃ​ទី ៣ តុលា​មក។

បន្ទាប់​ពី​សក្ខីកម្ម​របស់​លោក មាស វឿន ក្រឡា​បញ្ជី​អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​អាន​ខ្លឹមសារ​ដីកា​ដំណោះ​ស្រាយ ដែល​ជា​ការ​បន្ថែម​អង្គហេតុ​មួយ​ទៀត សម្រាប់​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ​បច្ចុប្បន្ន ស្នើសុំ​ដោយ​សហ​ព្រះរាជ​អាជ្ញា។ អង្គ​ហេតុ​បន្ថែម​នេះ គឺ​ការ​សម្លាប់​ទាហាន និង​អតីត​មន្ត្រី​រដ្ឋការ​នៃ​របប លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ កន្លែង​សម្លាប់​នៅ​ទួល​ពោធិ៍​ជ្រៃ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ចំនួន ២ ពាន់ ទៅ ៣ ពាន់​នាក់។

នៅ​ក្នុង​តួនាទី​ជា​សមាជិក​គណៈមជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជន​ជាប់​ចោទ នួន ជា ខៀវ សំផន និង អៀង សារី ត្រូវ​បាន​កំណត់​នៅ​ក្នុង​ដីកា​ដំណោះស្រាយ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ឯកសារ​កំណត់​មុខ​សញ្ញា​នៃ​ក្រុម​ជាក់លាក់ ដែល​ត្រូវ​សម្លាប់។ ប់។ នៅ​ថ្ងៃ​ពុធ ទី ១០ តុលា អង្គ​ជំនុំជម្រះ​នឹង​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ នួន ជា ឡើង​ឆ្លើយតប​នឹង​អង្គហេតុ​ទាំង​នេះ។

ទាក់ទង​នឹង​ជន​ជាប់​ចោទ នួន ជា ដែរ គឺ​មេធាវី​អន្តរជាតិ​របស់​គាត់​ឈ្មោះ អានឌ្រូ អ៊ីអានូហ្ស៊ី (Andrew Ianuzzi)ត្រូវ​បាន​អង្គ​ជំនុំជម្រះ​ប្ដឹង​ទៅ​គណៈ​មេធាវី​កម្ពុជា ដោយ​ហេតុ​ថា​មេធាវី​រូប​នេះ និយាយ​ដដែលៗ និង​មាន​អាកប្បកិរិយា​មិន​គោរព​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ ហើយ​សួរ​ដេញដោល​សេចក្ដី​សម្រេច​នោះ។ ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន បាន​ចាត់​ទុក​អាកប្បកិរិយា​របស់​មេធាវី អានឌ្រូ អ៊ីអានូហ្ស៊ី ថា ជា​ការ​ប្រមាថ​អង្គ​ជំនុំជម្រះ។ យើង​នៅ​មិន​ទាន់​ដឹង​ថា គណៈ​មេធាវី​កម្ពុជា​នឹង​សម្រេច​យ៉ាង​ណា​ទេ លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។