ព័ត៌មានអំពីគម្រោងសវនាការលើបណ្តឹងឧទ្ធរណ៍ ៣ របស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលកំពុងជាប់ឃុំ ត្រូវបានថ្លែងបញ្ជាក់ដោយមន្រ្តីទទួលបន្ទុកព័ត៌មានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម គឺលោក ឌឹម សុវណ្ណារុំ កាលពីរសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០១០។
លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ឲ្យដឹងអំពីពេលវេលាដែលត្រូវធ្វើសវនាការនោះដូច្នេះ ៖ «គឺថ្ងៃទី១១ គឺសវនាការសាធារណៈរបស់ជនត្រូវចោទ អៀង សារី, ថ្ងៃទី១២ ខៀវ សំផន, ថ្ងៃទី១៥ អៀង ធីរិទ្ធ»។
មេធាវីរបស់ជនជាប់ចោទ អៀង សារី គឺលោក អាង ឧត្តម មានប្រសាសន៍ថា លោកបានទទួលដំណឹងនិងត្រៀមសម្រាប់សវនាការនៅថ្ងៃច័ន្ទ ទី១១ សប្តាហ៍ក្រោយនេះហើយ ហើយលោកបញ្ជាក់ថា ៖ «បានទទួលដំណឹងថា អង្គសវនាការជំនុំជម្រះលើការយើងសុំដូរលក្ខខណ្ឌនៃការឃុំខ្លួនហ្នឹង យើងបានសុំហ្នឹង ឥឡូវគេចេញដីកាចាត់សវនាការហ្នឹងនៅថ្ងៃទី១១ វេលាម៉ោង ៩ព្រឹកហ្នឹងហើយ»៕
