សាលាក្តី​ខ្មែរ​ក្រហម​ជួប​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦​ជំនួស​ការ​បើក​សវនាការ​ជំនុំ​ជម្រះ

មន្រ្តី​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ឲ្យ​ដឹង​ថា ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​មិន​មាន​ទេ​នៅ​ក្នុង​សប្តាហ៍​នេះ ដោយ​ជំនួស​មក​វិញ​នូវ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦​របស់​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

កិច្ច​ប្រជុំ​ពេញ​អង្គ​នឹង​ត្រូវ​ធ្វើ​ជា​សម្ងាត់​នៅ​ក្នុង​សាល​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម ដោយ​សាធារណ​ជន​មិន​អាច​ដឹង​បាន​ថា ការ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ច​ប្រជុំ​មាន​លក្ខណៈ​យ៉ាង​ណា​នោះ​ទេ។

ក៏​ប៉ុន្តែ​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៩ លោក គង់ ស្រ៊ីម ប្រធាន​ដឹកនាំ​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ ថ្លែង​ថា មាន​របៀប​វារៈ​សំខាន់ៗ​ជា​ច្រើន ដែល​ត្រូវ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​នេះ ក្នុង​នោះ​មាន​សំណើ​ធ្វើ​វិសោធន​កម្ម​លើ​វិធាន​ផ្ទៃ​ក្នុង​មួយ​ចំនួន និង​ការ​ពិនិត្យ​លើ​ការ​កែប្រែ​លើ​សេចក្តី​ណែនាំ​អនុវត្តន៍​ផ្សេងៗ​ទៀត ហើយ​លោក​ថ្លែង​បន្ត​ថា៖ «ព្រមទាំង​ទិសដៅ​នា​ពេល​អនាគត និង​ការ​ចូលរួម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ភាគ​ច្រើន​នៃ​សំណើ​ទាំង​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​លើ​ការងារ​មួយ​ចំនួន ដែល​ទាមទារ​ឲ្យ​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិនិត្យ​និង​អនុម័ត​ដើម្បី​ឲ្យ​តុលាការ​អាច​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់»

បញ្ហា​ការ​ចូលរួម​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​មាន​បញ្ហា​ប្រឈម​មុខ​នោះ ត្រូវ​លោកស្រី Silvia Cartwright ចៅក្រម​អន្តរ​ជាតិ​និង​ជា​អនុ​ប្រធាន​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ បន្ទរ​ថា ៖ «ដូច្នេះ​ក្នុង​សប្ដាហ៍​នេះ ចៅក្រម​ទាំង​ឡាយ​របស់ អ.វ.ត.ក. (អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា) នឹង​ពិនិត្យ​ឡើង​វិញ នូវ​ទម្រង់​នៃ​ការ​ចូលរួម​របស់​ជន​រង​គ្រោះ​និង​ការ​ពិចារណា​រក​វិធី​ដើម្បី​កែ​លម្អ​ទម្រង់​នេះ ជា​ប្រយោជន៍​សម្រាប់​ជន​រង​គ្រោះ​និង​សាធារណ​ជន»

បញ្ហា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០១ របស់​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដក​សិទ្ធិ​សួរ​ជន​ជាប់​ចោទ​និង​សាក្សី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០០៩ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​២៨​រូប​ក្នុង​ចំណោម ៩៣​រូប បាន​ធ្វើ​ពហិការ​សវនាការ​ពេញ​មួយ​សប្តាហ៍ ជា​ការ​តវ៉ា​ទៅ​នឹង​ការ​ដក​សិទ្ធិ​នោះ។

លោក ជុំ ម៉ី ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ ខែ​កញ្ញា ថា ៖ «ចាំ​មើល​ចម្លើយ​ពី​ខាង​ចៅក្រម​មើល៍ គាត់​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្លែង​ថា ការ​ដក​សិទ្ធិ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ពេល​នេះ គឺ​ជា​ការ​បរាជ័យ​មួយ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​មើល​រំលង​កន្លង​មក។

ក្រៅ​ពី​ការ​ពិភាក្សា​លើ​បទ​ពិសោធន៍​កន្លង​មក​នេះ កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦ ក៏​មាន​គម្រោង​លើក​ឡើង​ផង​ដែរ​ថា ថវិកា​របស់​សាលាក្តី​នឹង​ត្រូវ​អស់​នៅ​ដំណាច់​ឆ្នាំ​២០០៩​នេះ​ហើយៗ សាលាក្តី​កំពុង​ធ្វើ​គម្រោង​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ​២០១០ និង​២០១១៕