ការផ្លាស់ប្តូរនេះត្រូវបានសាលាក្តីប្រកាសឲ្យដឹងជាផ្លូវការក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១០នេះ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា លោកស្រីចៅក្រម Catherine Marchi-Uhel (កាទ្រីន ម៉ាស៊ី អ៊ុយអែល) មកពីប្រទេសបារាំង ដែលជាចៅក្រមអន្តរជាតិបម្រុងនៅអង្គជំនុំជម្រះតុលាការកំពូល ត្រូវបានសាលាក្តីខ្មែរក្រហមតែងតាំងឲ្យមកបម្រើការងារនៅអង្គបុរេជំនុំជម្រះវិញ។
ជុំវិញហេតុផលនៃការផ្លាស់ប្តូរនេះត្រូវបានមន្ត្រីទទួលបន្ទុកព័ត៌មានសាលាក្តីខ្មែរក្រហម គឺលោក ឌឹម សុវណ្ណារុំ បញ្ជាក់ដូច្នេះ ៖ «ការផ្លាស់ប្ដូរហ្នឹងគឺហេតុផលសំខាន់ត្រង់តែអង្គបុរេបានធ្វើការពេញម៉ោង។ នៅពេលអង្គបុរេធ្វើការពេញម៉ោង ចៅក្រមដែលគាត់ពុំអាចនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការពេញម៉ោង គាត់សុំមកធ្វើជាចៅក្រមបម្រុងវិញ ហើយកន្លែងនៃចៅក្រមបម្រុងគឺជំនួសឲ្យចៅក្រមផ្សេង។ អ៊ីចឹងហើយបានមានលោកស្រី កាទ្រីន ជនជាតិបារាំងសុទ្ធ ក្នុងនាមគាត់ជាចៅក្រមនៅតុលាការកំពូល ផ្លាស់ប្ដូរមកអង្គបុរេវិញ»។
នៅក្នុងការផ្លាស់ប្តូរនេះដែរ លោកស្រីចៅក្រម Katinka Lahuis (កាទីនកា ឡាហ៊ូ) មកពីប្រទេសហុល្លង់ ដែលជាចៅក្រមនៅអង្គបុរេជំនុំជម្រះពីមុន នឹងបំពេញការងារជាចៅក្រមបម្រុងវិញ ដោយសារតែលោកស្រីមិនមានពេលគ្រប់គ្រាន់ក្នុងការបំពេញការងារពេញម៉ោង។
ចៅក្រមអន្តរជាតិមួយរូបទៀតឈ្មោះ Florence Mumba (ហ្វ្លរិនស៍ ម៉ាំបា) មកពីប្រទេសហ្សាំប៊ី ត្រូវបានតែងតាំងជាចៅក្រមបម្រុងថ្មីនៅតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហមជំនួសលោកស្រីចៅក្រម កាទ្រីន ម៉ាស៊ី អ៊ុយអែល។
លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកព័ត៌មានសាលាក្តីខ្មែរក្រហម ថ្លែងបន្តថា កន្លងមកអង្គបុរេជំនុំជម្រះមិនបានបំពេញការងាររបស់ខ្លួនពេញម៉ោងទេ ដោយសារទំហំការងារក្នុងបណ្តឹងឧទ្ធរណ៍នៅមានចំនួនសមល្មមនៅឡើយ។ ក៏ប៉ុន្តែដោយសារតែការងារបណ្តឹងឧទ្ធរណ៍នឹងមានការកើនឡើង ទើបអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតម្រូវឲ្យអង្គបុរេជំនុំជម្រះធ្វើការពេញម៉ោងចាប់ពីដើមឆ្នាំ២០១០នេះតទៅ ដែលជាហេតុតម្រូវឲ្យមានការផ្លាស់ប្តូរចៅក្រមដូច្នេះ។
ចៅក្រមដែលត្រូវធ្វើការផ្លាស់ប្ដូរទាំងនេះត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon (បាន គីម៉ូន) និងអនុម័តដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី រួចហើយ៕
