ទីភ្នាក់ងារព័ត៌មានបារាំងអា.អេហ្វ.ប៉េ. បានស្រង់ប្រសាសន៍លោកអ្នកនាំពាក្យសាលាក្តី លោក Lars Olsen ថា ព្រះរាជអាជ្ញាអន្តរជាតិបានទទួលការអនុញ្ញាតឲ្យធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតលើជនសង្ស័យច្រើននាក់ថែមទៀត។
ចំណែកឯលោក រាជ សម្បត្តិ ប្រធានផ្នែកការងារសាធារណៈនៃសាលាក្ដីខ្មែរក្រហមវិញ លោកទើបបានប្រាប់វិទ្យុអាស៊ីសេរីថា របាំងដែលរារាំងព្រះរាជអាជ្ញាអន្តរជាតិមិនឲ្យបន្តការស្វែងរកជនសង្ស័យនៃរបបខ្មែរក្រហមមកកាត់ទោសបន្ថែម បានត្រូវអង្គបុរេជំនុំជម្រះសាលាក្ដីខ្មែរក្រហមនេះ ដកចេញទៅវិញហើយ។
លោក រាជ សម្បត្តិ ៖ «របាំងដែលរារាំងសហព្រះរាជអាជ្ញាអន្តរជាតិមិនឲ្យធ្វើការស៊ើបអង្កេតបន្ថែមត្រូវបានដកចេញហើយ អ៊ីចឹងមានន័យថា បើសិនជាសហព្រះរាជអាជ្ញាអន្តរជាតិគាត់មានបំណងចង់ឲ្យការិយាល័យសហចៅក្រមស៊ើបអង្កេត ឬក៏សហចៅក្រមស៊ើបអង្កេត ស៊ើបអង្កេតបន្ថែម គឺគាត់អាចធ្វើទៅបាន ប៉ុន្តែឥឡូវនេះហាក់ដូចជាឆាប់ពេក ដែលយើងនិយាយថាតើសហចៅក្រមស៊ើបអង្កេតហ្នឹង គាត់នឹងស៊ើបថែមអត់? ព្រោះសហព្រះរាជអាជ្ញាគាត់មិនទាន់បានបញ្ជូនដីកាឲ្យស៊ើបសួរបន្ថែមនៅឡើយទេ គាត់ទើបទទួលការសម្រេចរបស់អង្គបុរេក្នុងពេលថ្មីៗហ្នឹង អ៊ីចឹងហើយយើងទុកពេលមួយរយៈដើម្បីឲ្យគាត់ធ្វើកិច្ចការហ្នឹង ហើយបើសិនជាមានព័ត៌មានអីទាក់ទងនឹងស៊ើបអង្កេតបន្ថែមឬអត់ យើងនឹងផ្ដល់ព័ត៌មានជូនសាធារណជនបន្ថែមទៀត»៕
