សាលាក្ដី​ខ្មែរ​ក្រហម៖ ជំនុំ​ជម្រះ​សំណុំ​រឿង​០០២ នៅ​ខែ​មិថុនា

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​កាត់​ថា សាលាក្ដី​ខ្មែរ​ក្រហម​នឹង​លើក​យក​សំណុំ​រឿង​០០២ របស់​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៅ​ខែ​មិថុនា​ខាង​មុខ។

0:00 / 0:00

សាលាក្ដី​ខ្មែរ​ក្រហម និង​បើក​សវនាការ​បឋម​នៃ​សំណុំ​រឿង​០០២ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១ លើ​ជន​ជាប់​ចោទ​ចំនួន ៤​នាក់ មាន​លោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និង​លោក​ស្រី អៀង ធីរិទ្ធិ ក្រោម​បទ​ចោទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​អនុសញ្ញា​ជាតិ ឆ្នាំ​១៩៥៦។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០២ នេះ​ចំនួន ២​ឆ្នាំ​កន្លះ ដោយ​បាន​ប្រមូល​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក​ចំនួន​រាប់​សែន​ទំព័រ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១១ ថា​សំណុំ​រឿង​០០២ នេះ ជា​សំណុំ​រឿង​ស្នូល ពី​ព្រោះ​ជន​ជាប់​ចោទ​ចំនួន ៤​នាក់​នោះ ជា​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ៖ "មិន​ថា​ជន​រងគ្រោះ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ទេ រង់ចាំ​យូរ​ហើយ។ សំណុំ​រៀង​០០២​ហ្នឹង នៅ​ពេល​ដែល​មាន​សវនាការ​ជា​សាធារណ​នៅ​ពេល​នោះ អាច​នឹង​ការ​ពិត​មួយ និង​យុត្តិធម៌​មួយ សង្ឃឹម​ថា​នឹង​ត្រូវ​បាន​រក​ឃើញ និង​ទាន់​ពេល​វេលា"

លោក​បាន​បញ្ជាក់​ថា សវនាការ​បឋម​នោះ មិន​មែន​ជា​សវនាការ​សាធារណ​ទេ គឺ​ដើម្បី​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ដើម​បណ្ដឹង សាក្សី និង​អង្គ​ហេតុ។ ប៉ុន្តែ​ក្រោយ​មក សាលាក្ដី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​ពេញ​អង្គ​ជា​សាធារណ​នៅ​ខែ​សីហា ឬ​ខែ​កញ្ញា ឆ្នាំ​២០១១។

អតីត​អ្នក​ទោស​នៃ​របប​ខ្មែរ​ក្រហម នៅ​គុក​ទួល​ស្លែង លោក ជុំ មី អាយុ​៨០​ឆ្នាំ បាន​ថ្លែង​ថា បើ​សិន​ណា​សាលាក្ដី​ខ្មែរ​ក្រហម មិន​ផ្ដន្ទា​ទោស​ឲ្យ កាំង ហ្គេក អ៊ាវ ហៅ ឌុច ជាប់​គុក​មួយ​ជីវិត​ទេ លោក​មិន​ចូល​រួម​ក្នុង​សវនាការ​សំណុំ​រឿង​០០២ ទេ ៖ "ហ្នឹង​ចំពោះ​ខ្ញុំ។ តែ​ចំពោះ​បង​ប្អូន​គេ​ទៅ​ក៏​ទៅ​ចុះ។ ខ្ញុំ​អត់​ជំទាស់​ទេ ខ្ញុំ​សប្បាយ​ចិត្ត"

សាលាក្ដី​ខ្មែរ​ក្រហម​មាន​គម្រោង​ការ​ប្រកាស​សាលដីកា​ជា​ស្ថាពរ បិត​ផ្លូវ​តវ៉ា​នៃ​សំណុំ​រឿង​០០១ របស់​អតីត​មេ​គុក​ទួសស្លែង ឈ្មោះ កាំង ហ្គេក អ៊ាវ ហៅ ឌុច នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស កាំង ហ្គេក អ៊ាវ ហៅ ឌុច ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩៕