សាលាក្ដីខ្មែរក្រហមនឹងចាប់ផ្ដើមបើកសវនាការបឋមរឿងក្ដី ០០២ ដែលនឹងធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១។ នេះជាការចាប់ផ្ដើមដំណើរការជំនុំជម្រះក្ដីជាផ្លូវការប្រឆាំងជនជាប់ចោទ ៤នាក់ដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ។
ថ្លែងទៅកាន់អ្នកកាសែតនៅឯសាលាក្ដីខ្មែរក្រហមនៅថ្ងៃទី២៣ ខែមិថុនា លោក ឡាស អូលសិន (Lars Olsen) បានថ្លែងថា ចំពោះសវនាការបឋមនេះ គឺមន្ត្រីតុលាការនឹងមិនលើកឡើងអំពីកំហុស និងពិរុទ្ធភាពរបស់ជនជាប់ចោទទាំង ៤នាក់ក្នុងបទឧក្រិដ្ឋដែលបានចោទដូចដីកាដែលបានបញ្ជូនជំនុំជម្រះកន្លងមកទេ។ សវនាការបឋមនេះ នឹងមិនមានការចោទឆ្លើយឆ្លងរវាងជនជាប់ចោទ និងដើមចោទ ឬមានសាក្សីបង្ហាញមុខអ្វីនោះទេ។
លោក ឡាស អូលសិន បានបញ្ជាក់តាមរយៈអ្នកបកប្រែថា សវនាការបឋមរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនេះ នឹងលើកឡើងអញ្ញត្រកម្ម គឺមានន័យថា ការលើកឡើងការជំទាស់នានា របស់ក្រុមមេធាវីការពារក្ដីដែលទាក់ទងទៅនឹងយុត្តាធិការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម។

ចំពោះសវនាការកាត់ទោស ឬហៅជាភាសាច្បាប់ថា «សវនាការអង្គសេចក្ដី» នោះនឹងធ្វើនៅបន្ទាប់ពីសវនាការបឋមនេះចប់ ហើយនៅក្នុងសវនាការបឋមនេះ គេរំពឹងថា មានសាក្សីអ្នកជំនាញច្បាប់ចូលរួមជាង ១.០០០នាក់។
លោក ឡាស អូលសិន ៖ «ដូច្នេះនៅក្នុងដំណើរនៃការលើកឡើងទាក់ទងនឹងអញ្ញត្រកម្ម និងដំណើរការយន្តការនៃដំណើរការនេះ គឺសំណួរនឹងលើកឡើងទាក់ទងថា តើនរណាខ្លះគួរត្រូវតែបាននាំមកវិនិច្ឆ័យទោសក្នុងដែនសមត្ថកិច្ចក្នុងតុលាការវិសាមញ្ញកម្ពុជា»។
លោកបន្តថា នៅក្នុងដំណើរការសវនាការបឋមនេះ នឹងផ្ដល់ឱកាសដល់មេធាវីនាំមុខនៃបណ្ដឹងរដ្ឋប្បវេណីដើម្បីទាមទារសំណង ដូចជាសំណងសមូហភាព សំណងផ្លូវចិត្ត និងបញ្ហាផ្សេងៗទៀតដែលទាក់ទងរឿងក្ដីនេះ។
ដោយឡែក អៀង សារី ត្រូវបានតុលាការកាត់ទោសកំបាំងមុខម្ដងមកហើយ នៅឆ្នាំ១៩៧៩ ដោយតុលាការប្រជាជនបដិវត្តន៍កម្ពុជា ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្រោយមក អៀង សារី បាននាំពួកខ្មែរក្រហមទាំងប្រជាជន ទាំងកងទ័ពនៅខេត្តប៉ៃលិន ចុះចូលរដ្ឋាភិបាល ហើយត្រូវបានអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ លើកលែងទោសនៅឆ្នាំ១៩៩៦។
ទាក់ទងរឿងក្ដី អៀង សារី នេះ លោក អាង ឧត្ដម មេធាវីការពារក្ដីឲ្យ អៀង សារី មានប្រសាសន៍នៅថ្ងៃទី២៣ មិថុនា ថា នៅក្នុងសវនាការបឋមនៃសាលាក្ដីខ្មែរក្រហម ដែលនឹងធ្វើឡើងនាចុងខែមិថុនា នេះ លោកនឹងទាមទារមន្ត្រីតុលាការខ្មែរក្រហមមិនឲ្យកាត់ក្ដី អៀង សារី ដែលកូនក្ដីរបស់លោកជាលើកទីពីរទៀតទេ។
លោក អាង ឧត្ដម បន្តដូច្នេះ ៖ «តុលាការបានកាត់ទោសគាត់ម្ដងហើយ ចេញសាលក្រមស្ថាពរពេញលេញរួចហើយ ហើយមានច្បាប់ឆ្នាំ១៩៩៤ ដាក់កម្ពុជាប្រជាធិបតេយ្យឲ្យនៅក្រៅច្បាប់ ហើយក្រោយឡើងទាក់ទងរឿងព្រះរាជក្រឹត្យលើកលែងទោស នេះករណីយពីរផ្សេងគ្នា។ ព្រោះយើងប្រើច្បាប់ជាតិ ច្បាប់ឆ្នាំ១៩៥៦ ក៏អ៊ីចឹង ច្បាប់ក្រោយៗមកទៀតក៏អ៊ីចឹង ប៉ុន្តែគ្រាន់ថា អ្នកបកស្រាយហ្នឹងចេះតែទាញទៅផ្សេងៗគ្នាទៅ ដើម្បីរកផលប្រយោជន៍រៀងខ្លួន មិនរកផលប្រយោជន៍ផ្នែកយុត្តិធម៌ទេ»។
លោក អាង ឧត្ដម បានបន្ថែមថា ការកាត់ទោសកូនក្ដីរបស់លោក គឺ អៀង សារី ជាថ្មីម្ដងទៀតដោយតុលាការខ្មែរក្រហមលើកនេះ គឺផុតអាជ្ញាយុកាល មានន័យថា ហួសពេលកំណត់ដែលលោកថា នេះជាការរំលោភបំពានអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវកាត់ទោសនោះ មាន នួន ជា អតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និង អៀង ធីរិទ្ធ ប្រពន្ធ អៀង សារី ជាអតីតរដ្ឋក្រសួងសង្គមកិច្ច។ អ្នកទាំង៤ ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងការទទួលខុសត្រូវចំពោះមនុស្សជិតស្លាប់ជិត ២លាននាក់ក្នុងរបបខ្មែរក្រហមកាន់កាប់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
តុលាការខ្មែរក្រហម ដែលគេហៅជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការខ្មែរក្រហម ទើបបានកាត់ទោសសំណុំរឿង០០១ គឺកាត់ទោស កាំង ហ្គិកអៀវ ហៅ ឌុច មេគុកទួលស្លែងឲ្យជាប់គុក ៣៥ឆ្នាំ ក្នុងការទទួលខុសត្រូវអ្នកទោសជាង ២ម៉ឺននាក់ដែលត្រូវគេធ្វើទារុណកម្ម និងវាយសម្លាប់ចោលយ៉ាងព្រៃផ្សៃក្នុងរបបខ្មែរក្រហមកាន់អំណាច។
តុលាការខ្មែរក្រហមមានគម្រោងបន្តបើកសវនាការរឿងក្ដី ០០៣ និង ០០៤ បន្តទៅទៀត ខណៈដែលភាគីរដ្ឋាភិបាលកម្ពុជា ជំទាស់ថា ការនាំខ្លួនជនសង្ស័យជាអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀត នឹងអាចនាំឲ្យប្រទេសកម្ពុជា វិលទៅរកសង្គ្រាមដូចដើមវិញ ព្រោះអតីតមេដឹកនាំខ្មែរក្រហមខ្លះភ័យខ្លាចចាប់ខ្លួន ហើយពួកគេអាចនាំគ្នារត់ចូលព្រៃតស៊ូប្រឆាំងតបវិញ៕
