ការលើកយកឯកសាររបាយការណ៍ពីមន្ទីរ ស-២១ ទាំងនោះ មកសួរដេញដោល ឌុច គឺជាការស្វែងរកភស្តុតាងបង្ហាញអំពីប្រព័ន្ធទំនាក់ទំនងគ្នា រវាងមន្ទីរសន្តិសុខ ស-២១ និងមេដឹកនាំថ្នាក់លើរបស់ខ្មែរក្រហម ជាពិសេស គឺជនជាប់ចោទ នួន ជា ដែលជាមេដឹកនាំកំពូលទី ២ នៃបក្សកុម្មុយនិស្តកម្ពុជា។
សាក្សី ឌុច បានបញ្ជាក់ជូនអង្គសវនាការអំពីចំណារលើឯកសារមួយចំនួន ដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ជនជាប់ចោទ នួន ជា នៅក្នុងឆ្នាំ១៩៧៧៖ «នៅប្រអប់ខាងលើ ខាងឆ្វេងដៃ ដែលសរសេរថា មិនទាន់អាន។ ជូនបង នួន មួយច្បាប់ ១១.១១.៧៧ ជាអក្សររបស់ សុន សេន មេខ្ញុំ។ ឯកចំណែកពាក្យបង នួន នេះ គឺពិតជាសំដៅលោក នួន ជា ហើយ»។
យើងអាចវាយតម្លៃបានថា ការលើកយកឯកសារទាំងប៉ុន្មាន មកសួរដេញដោលសាក្សី ឌុច នៅពេលនេះ គឺជាការប៉ុនប៉ងរបស់ភាគីសហព្រះរាជអាជ្ញា ប្រមូលភស្តុតាងបន្ថែមទៀត ដើម្បីភ្ជាប់ជនជាប់ចោទ នួន ជា ទៅនឹងការងារសន្តិសុខរបស់គណៈកម្មាធិការយោធានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសវនាការ មេធាវីការពារក្ដីឱ្យជនជាប់ចោទ នួន ជា បានជំទាស់ទៅនឹងការប៉ុនប៉ងរបស់ភាគីសហព្រះរាជអាជ្ញាថា ការធ្វើបែបនេះ គឺជាភាពអន្តរាយដល់កូនក្ដីរបស់ខ្លួន។
ជាហេតុផល មេធាវីបានលើកឡើងថា ការនិយាយពាក់ព័ន្ធនឹងតួនាទីកូនក្ដីរបស់ខ្លួននៅមន្ទីរ ស-២១ គឺជាការគ្រោះថ្នាក់ដល់កូនក្ដី ហើយក៏មិនមែនជាផ្នែកនៃសវនាការនេះទេ៖ «ការចោទសួរអំពីតួនាទីរបស់កូនក្ដីខ្ញុំនៅក្នុងមន្ទីរ ស-២១ នៅក្រោយឆ្នាំ ៧៧ គឺជាការបង្កឱ្យមានព្យសនកម្ម (មានទុក្ខ) ដល់កូនក្ដីខ្ញុំ។ ដូច្នេះហើយ យើងមិនអាចបង្កើតឱ្យមានអង្គហេតុណាមួយនៅក្រោយឆ្នាំ ៧៧ ឬ ៧៨ នោះទេ។ ដូច្នេះ ការពិចារណាអំពីការទទួលខុសត្រូវរបស់គាត់ នៅមន្ទីរ ស-២១ ដោយមិនបានពិចារណាអង្គហេតុផ្សេងៗ ទៀតទេ»។
មេធាវីការពារក្ដីឱ្យជនជាប់ចោទបានស្នើសុំឱ្យមានសវនាការមួយផ្សេងទៀត ប្រសិនបើសហព្រះរាជអាជ្ញាចង់និយាយអំពីរឿងមន្ទីរ ស-២១ ហើយត្រូវកោះហៅសាក្សី និងយកភស្តុតាងមកបញ្ជាក់បន្ថែមទៀតផង។
ឆ្លើយតបនឹងហេតុផលលើកឡើងដោយមេធាវីការពារជនជាប់ចោទ សហព្រះរាជអាជ្ញាបានថ្លែងថា អ្វីដែលបានលើកមកសួរដេញដោលនេះ គឺពាក់ព័ន្ធនឹងតួនាទីរបស់ជនជាប់ចោទ ហើយសមស្របនឹងគោលដៅនៃការបំបែកសំណុំរឿងសម្រាប់សវនាការនៅពេលនេះ។
សហព្រះរាជអាជ្ញាបន្តថា តួនាទីនេះ ក៏មិនមែនសួរលម្អិតដែរ៖ «នេះគឺវាទាក់ទងទៅនឹងមធ្យោបាយទំនាក់ទំនងជាមួយក្រុមផ្សេង។ ដូចគ្នាដែរ ជាមួយ នួន ជា យើងគ្រាន់តែចង់បង្ហាញភស្តុតាងឱ្យយល់ថា តួនាទីជាមូលដ្ឋានរបស់គាត់ទៅនឹងប្រតិបត្តិការសន្តិសុខ...»។
លោកបន្តថា ការធ្វើបែបនេះ គឺចង់បង្ហាញភស្តុតាងឱ្យពីការសង្ស័យ។
ជាញឹកញយ ការជំទាស់ពីខាងភាគីមេធាវីការពារក្ដីជនជាប់ចោទ ត្រូវបានប្រធានអង្គជំនុំជម្រះលោក និល ណុន បដិសេធ៖ «ដោយសារការជំទាស់អម្បាញ់មិញនេះពីមេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា ទៅលើក្របខណ្ឌ ឬវិសាលភាពនៃការសួរដេញដោល ដែលធ្វើឡើងដោយសហព្រះរាជអាជ្ញា អង្គជំនុំជម្រះសម្រេចថា ការជំទាស់របស់មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា គ្មានប្រសិទ្ធភាព ដោយមូលហេតុអង្គជំនុំជម្រះបានសម្រេចរួចហើយ»។
ឱកាសរបស់ភាគីសហព្រះរាជអាជ្ញាសម្រាប់សួរដេញដោលសាក្សី ឌុច ជុំវិញឯកសារទំនាក់ទំនងការងាររបស់មន្ទីរ ស-២១ នៅមិនចប់នៅឡើយទេ ហើយត្រូវបន្តនៅថ្ងៃពុធ ទី២៨ ខែមីនា នេះទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។