ឌុច ថា​មេធាវី នួន ជា មាន​ចេតនា​ទុច្ចរិត​មក​លើ​គាត់

សវនាការ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៤ ខែ​មេសា នេះ អង្គ​ជំនុំជម្រះ​នៅ​តែ​បន្ត​សួរ​ដេញ​ដោល​សាក្សី​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ឡើយ។ សាក្សី ឌុច បាន​ប្ដឹង​តុលាការ​ថា មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា មាន​ចេតនា​មិន​ល្អ ពេល​តាំង​សំណួរ​មក​គាត់។

0:00 / 0:00

ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ សាក្សី ឌុច បាន​បង្ហាញ​ពី​អារម្មណ៍​ច្រឡោត​របស់​គាត់​ចំពោះ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក ម៉ៃឃើល ផេសមិន (Michiel Pestman) ដែល​សួរ​គាត់​ឡើង​វិញ​ទាក់ទង​នឹង​ប្រភេទ​ក្រុម​អ្នក​សួរ​ចម្លើយ​នៅ​គុក​ទួល​ស្លែង៖ «ខ្ញុំ​សុំ​ប្ដឹង​តុលាការ​ថា លោក​ចុច​តែ​មួយ​កន្លែង​មក ដើម្បី​សង្កត់​ខ្ញុំ រក​ពិរុទ្ធភាព​របស់​ខ្ញុំ។ មិន​ល្អ​ទេ។ ខ្ញុំ​គិត​ថា មិន​ជា​សប្បុរស​ទេ​សំណួរ​របស់​លោក។ មាន​បំណង​មួយ​ច្បាស់លាស់ គឺ​ដាក់​ពិរុទ្ធភាព​ដល់​ខ្ញុំ លាក់​បិទបាំង​ពិរុទ្ធភាព​កូន​ក្ដី​របស់​លោក»

ការ​ឆ្លើយ​តប​របស់​សាក្សី ឌុច បែប​នេះ គឺ​នៅ​ពេល​ដែល​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក ម៉ៃឃើល ផេសមិន សួរ​បញ្ជាក់ ឌុច ជា​ថ្មី​រក​ការ​ពិត​មួយ​ថា ហេតុ​អ្វី​បាន​ជា​គាត់​ឆ្លើយ​ថា ម្ដង​ថា​ដឹង និង​ម្ដង​ទៀត​មិន​បាន​ដឹង​អំពី​ឈ្មោះ​ក្រុម​អ្នក​សួរ​ចម្លើយ ៣ ប្រភេទ នៅ​គុក​ទួល​ស្លែង កាល​ពី​មុន៖ «លោក​សាក្សី ខ្ញុំ​សូម​ជម្រាប​លោក​ថា សូម​លោក​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។ ពី​ដំបូង​បំផុត​នោះ តើ​នៅ​ពេល​ណា​ដែល​លោក​បាន​ឮ​ពាក្យ​ថា ក្រុម​ក្ដៅ ក្រុម​ត្រជាក់ និង​ក្រុម​អង្កៀម។ តើ​លោក​បាន​ប្រើ​ពាក្យ​ហ្នឹង​ដោយ​ខ្លួន​ឯង​ទេ កាល​លោក​នៅ ស២១ នោះ?»

សាក្សី ឌុច បាន​បដិសេធ​ទៅ​មេធាវី​ថា គាត់​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ ដោយ​គាត់​លើក​ឡើង​ថា មេធាវី​ច្បិច​យក​តែ​ផ្នែក​ខ្លះ​មក​សួរ​គាត់។ សាក្សី ឌុច បាន​ទាមទារ​ឱ្យ​មេធាវី ម៉ៃឃើល ផេសមិន ប្រមូល​យក​ឯកសារ​ពាក់ព័ន្ធ​ទាំង​នោះ​មក​ពិនិត្យ​ឱ្យ​បាន​គ្រប់ សម្រាប់​សួរ​គាត់ ពីព្រោះ​គាត់​ភ្លេច​ខ្លះ៖ «ដូច្នេះ​ខ្ញុំ​វង្វេង។ នៅ​ពេល​សហ​ចៅក្រម​លោក​សួរ ខ្ញុំ​ឆ្លើយ​អ៊ីចេះ។ ដល់​ក្រោយ​មក​ឃើញ​ឯកសារ​នេះ ខ្ញុំ​នឹក​ដល់​រឿង​ចាស់។ ដូច្នេះ​លោក​សួរ​ច្បិច​ដើម្បី​បង្ហាញ​សាធារណៈ និង​តុលាការ​ថា ខ្ញុំ​មិន​ស្មោះត្រង់​នឹង​ខ្លួន​ឯង ឬ​យ៉ាង​ម៉េច។ ដូច្នេះ កុំ​សួរ​ពាក្យ​ហ្នឹង​ទៀត។ ខ្ញុំ​សុំ​ប្ដឹង​តុលាការ។ ខ្ញុំ​សុំ​លោក​កុំ​សួរ​ពាក្យ​ហ្នឹង​ទៀត។ ពាក្យ​ហ្នឹង​មិន​សប្បុរស​ទេ លោក​មាន​បំណង​ទុច្ចរិត​ចំពោះ​ខ្ញុំ»

ការ​សាកសួរ​សាក្សី ឌុច ដោយ​មេធាវី​ការពារ​ជន​ជាប់​ចោទ នួន ជា ដែល​ជា​អតីត​មេ​កើយ​របស់ ឌុច ផ្ទាល់ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី ៣ មេសា។ ការ​ចោទ​ឆ្លើយ​រវាង​ភាគី​ទាំង​ពីរ​មាន​សភាព​តឹងតែង​បន្តិច ចាប់​តាំង​ពី​ពេល​នោះ​មក។

មាន​សំណួរ​ភាគ​ច្រើន​ដែរ ដែល​សាក្សី ឌុច បដិសេធ​មិន​ឆ្លើយ​តប ដោយ​លើក​ហេតុផល​ថា វា​ជា​ការ​ដាក់​កំហុស​លើ​ខ្លួន​ឯង។

តាម​ការ​សង្កេត មេធាវី​ការពារ​ជន​ជាប់​ចោទ បាន​សួរ​សាក្សី ឌុច អំពី​សកម្មភាព​របស់​គាត់​ធ្វើ​បាប ឬ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ ម១៣ នៅ​ខេត្ត​កំពង់ស្ពឺ និង​មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង នៅ​ភ្នំពេញ។ សំណួរ​ភាគ​ច្រើន​របស់​មេធាវី ត្រូវ​បាន​ភាគី​ផ្សេងៗ​ទៀត​ជំទាស់។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី លោក ម៉ៃឃើល ផេសមិន ទទូច​អង្គចៅក្រម​ឱ្យ​សាក្សី ឌុច ឆ្លើយ​សំណួរ​របស់​គាត់៖ «លោក​ប្រធាន​សូម​លោក​មេត្តា​ណែនាំ​សាក្សី​ឱ្យ​ឆ្លើយ​សំណួរ​របស់​ខ្ញុំ»

ចៅក្រម និល ណុន បាន​ណែនាំ ឌុច អំពី​កាតព្វកិច្ច​របស់​សាក្សី​ដែល​ត្រូវ​ឆ្លើយ​ជូន​អង្គ​ជំនុំជម្រះ​អំពី​អ្វី​ដែល​ខ្លួន​បាន​ឃើញ ដឹង ឮ ឬ​មាន​បទ​ពិសោធន៍​ឆ្លង​កាត់ ឬ​មាន​ការ​កត់​សម្គាល់​កន្លង​មក ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍ និង​ការ​តាំង​សំណួរ​ពី​ភាគី​ចំពោះ​ខ្លួន លើកលែង​តែ​ករណី​មួយ​ចំនួន៖ «លើកលែង​តែ​ការ​ជំទាស់​មិន​ឆ្លើយ​តប​ហ្នឹង​នាំ​ឱ្យ​មាន​ពិរុទ្ធ​លើ​ខ្លួន​ឯង ចំពោះ​អង្គហេតុ​ទាំង​ឡាយ​ដែល​តុលាការ​មិន​ទាន់​បាន​វិនិច្ឆ័យ សេចក្ដី​ជា​ស្ថាពរ ដូច​ជា​អង្គ​ហេតុ​នៅ ម១៣ ជា​ដើម»

ប្រកាស​អំពី​សិទ្ធិ​របស់​សាក្សី៖ ឌុច មាន​សិទ្ធិ​ជំទាស់​ទៅ​នឹង​ការ​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​អង្គហេតុ​ទាំង​ឡាយ ដែល​មិន​ទាន់​វិនិច្ឆ័យ​សេចក្ដី​ក្នុង​សំណុំ​រឿង ០០១ ដែល​អាច​នាំ​ឱ្យ​ដាក់​ពិរុទ្ធភាព​លើ​ខ្លួន​ឯង ដែល​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​នៅ​ពេល​អនាគត។

ការ​សួរ​ដេញដោល​សាក្សី ឌុច ដោយ​មេធាវី​ការពារ​ជនជាប់ចោទ នួន ជា នៅ​មិនទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ត្រូវ​បន្ត​ទៅ​ថ្ងៃ​ទី ៥ មេសា​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។