មេធាវី​ជន​ជាប់​ចោទ អៀង សារី សួរ​ដេញ​ដោល​សាក្សី ឌុច

ក្នុង​សវនាការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១២ បាន​ឈាន​ចូល​ដល់​សវនាការ​លើក​ទី​៤៩ ហើយ។ ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ អង្គ​ជំនុំជម្រះ​ផ្ដល់​ឱកាស​ឱ្យ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង សារី សួរ​ដេញដោល​សាក្សី ឌុច។

0:00 / 0:00

នៅ​ថ្ងៃ​ទី​៩ មេសា​នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ អៀង សារី លោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) បាន​សួរ​ដេញដោល​សាក្សី ឌុច បញ្ជាក់​លើ​ចម្លើយ​នានា ដែល​គាត់​បាន​ផ្ដល់​នៅ​ចំពោះ​មុខ​សហ​ចៅក្រម​ស៊ើប​អង្កេត កាល​ពី​ពេល​កន្លង​មក។

យើង​សង្កេត​ឃើញ​ថា សំណួរ​ភាគ​ច្រើន​បំផុត​ដែល​មេធាវី ម៉ៃឃើល ខាណាវ៉ាស សួរ​ទៅ​សាក្សី ឌុច គឺ​ជា​សំណួរ​បញ្ជាក់​សាក្សី​ឱ្យ​ឆ្លើយ​ត្រឹម​តែ​ថា បាទ! ពិត​មែន ឬ​មិន​មែន​ទេ​ប៉ុណ្ណោះ ខុស​ពី​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញា កាល​ពី​សប្ដាហ៍​មុន ដែល​សួរ​ឱ្យ​សាក្សី​រៀបរាប់​លម្អិត។

ជា​រឿយៗ មេធាវី​ការពារ​ជន​ជាប់​ចោទ អៀង សារី ច្រើន​តែ​កាត់ ឌុច ពេល​ដែល ឌុច ឆ្លើយ​វែង និង​ព្យាយាម​ពន្យល់​អំពី​ចម្លើយ​ទាំង​នោះ៖ «នៅ​ពេល​ដែល វន វ៉េត មក​ដល់ ស២១ មក​ដល់​ពី​ល្ងាច។ ព្រឹក​ឡើង​ខ្ញុំ​ទៅ​ពី​ព្រលឹម​មុន​គេ។ ទៅ​ហ្នឹង​ខ្ញុំ​មាន​បំណង​សុំ​ទោស​គាត់។ រួច​ហើយ​ខ្ញុំ​សួរ​គាត់​ថា ហេតុ​អី​បាន​បង ប៉ុល ចាប់​បង​ឯង? គាត់​ឆ្លើយ​ថា មិត្ត​អើយ! បង ប៉ុល ពិបាក​ណាស់...»

មេធាវី ខាណាវ៉ាស៖ «ខ្ញុំ​សុំ​កាត់​សម្ដី​លោក​សាក្សី ដោយសារ​តែ​យើង​មាន​ពេលវេលា​កំណត់។ សុំ​ឱ្យ​តែ​លោក​ឆ្លើយ​តែ​សំណួរ​បាន​ហើយ»

ការ​តាំង​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ខ្លះ ត្រូវ​បាន​សហ​ព្រះរាជ​អាជ្ញា​កាត់ និង​ឃាត់​ដោយ​ប្រធាន​ចៅក្រម​ជំនុំជម្រះ មិន​ឱ្យ​សាក្សី​ឆ្លើយ​ដែរ ដោយ​សំអាង​ថា ជា​ប្រភេទ​សំណួរ​ដឹក​មុខ សំណួរ​ទូលាយ​ពេក​ពិបាក​យល់ សំណួរ​ច្រំដែល ឬ​ក៏​ជា​ប្រភេទ​សំណួរ ដែល​ឱ្យ​សាក្សី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​លើ​សាច់​រឿង​អ្វី​មួយ តាម​ចិត្ត​របស់​គាត់។

សំឡេង​មេធាវី​សួរ៖ គេ​មាន​បំណង​អ្វី ដែល​គេ​ចាប់ វន វ៉េត ធ្វើ​ទារុណកម្ម​នោះ?

សាក្សី ឌុច៖ ជម្រាប​ប្រសាសន៍​លោក​ប្រធាន! បើ​និយាយ​ពី​បំណង​ខ្ញុំ​មិន​ឆ្លើយ​ទេ ព្រោះ​វា​ចូល​ក្នុង​សេចក្ដី​សន្និដ្ឋាន។

ពេល​ខ្លះ​ទៀត សាក្សី ឌុច ខ្លួន​ឯង ក៏​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ដែរ ដោយ​លើក​ឡើង​ថា សំណួរ​របស់​មេធាវី​វិល​ចុះ​វិល​ឡើង ដែល​ធ្វើ​ឱ្យ​លោក​ពិបាក​ឆ្លើយ។

បញ្ហា​នេះ ធ្វើ​ឱ្យ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង សារី មាន​មន្ទិល​ថា សាក្សី ឌុច គេច​វេះ​ពី​ការ​ឆ្លើយ​សំណួរ៖ «នៅ​ពេល​ដែល​គេ​លើក​ឡើង​អំពី​អំណាច​ផ្ទាល់​របស់​លោក ដែល​លោក​ផ្ដល់​សក្ខីកម្ម​គេច​វេះ ឬ​ក៏​មិន​ជាក់​លាក់ មិន​ច្បាស់លាស់ ហើយ​ចម្លើយ​លោក​និយាយ​នោះ​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ តើ​មែន​ដែរ​ឬ​ទេ? សូម​លោក​ឆ្លើយ​សំណួរ​នេះ»

សាក្សី ឌុច៖ «ជម្រាប​ប្រសាសន៍​លោក​ប្រធាន! ចម្លើយ​របស់​ខ្ញុំៗ ពុះពារ​ជា​អតិបរមា ដើម្បី​ស្មោះ​ត្រង់​នឹង​សភាពការណ៍​ពិត ដើម្បី​ស្មោះត្រង់​នឹង​អារម្មណ៍​របស់​ខ្ញុំ។ ឯ​ចំណែក​ការ​វិនិច្ឆ័យ​របស់​អ្នក​ផ្សេង​ទៀត​មក​លើ​ខ្ញុំ អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ។ ចុង​បញ្ចប់​អង្គ​ជំនុំ​ជម្រះ​ជា​អ្នក​ជម្រះ​សេចក្ដី។ នេះ​ជា​រឿង​ធម្មតា»

នៅ​មុន​ពេល​បញ្ចប់​នាទី​សួរ​ដេញដោល​របស់​ខ្លួន មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង សារី បាន​តវ៉ា​ថា លោក​មាន​បញ្ហា​ពេល​វេលា​ចង្អៀត​សម្រាប់​សួរ​ដេញដោល​សាក្សី ឌុច។

សវនាការ​សួរ​ដេញដោល​សាក្សី ឌុច ត្រូវ​បន្ត​ទៅ​ថ្ងៃ​ទី​១០ មេសា នេះ​ទៀត ហើយ​អង្គ​ជំនុំជម្រះ​នឹង​ផ្ដល់​ឱកាស​ដល់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ដើម្បី​តាំង​សំណួរ​ចំពោះ​សាក្សី ឌុច៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។