សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សួរ​សាក្សី​ដែល​ជា​ក្មួយ​របស់ ប៉ុល ពត

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​របស់​ខ្លួន​ឈាន​ចូល​លើក​ទី​៥៨ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។

0:00 / 0:00

សវនាការ​នៅ​បន្ត​សួរ​ដេញដោល​សាក្សី​ឈ្មោះ សាឡុត បាន ដែល​ជា​ក្មួយ​បង្កើត​របស់ សាឡុត ស ហៅ ប៉ុល ពត នៅ​ឡើយ ស្ដី​អំពី​ព្រឹត្តិការណ៍​នានា ទាក់ទង​ទៅ​នឹង​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា​នេះ គឺ​ជា​វេទិកា​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ​ទាំង ៣ ក្រុម សួរ​ដេញដោល​សាក្សី​ឈ្មោះ សាឡុត បាន ដែល​មាន​ឈ្មោះ​បដិវត្ត​ហៅ​ថា សូ ហុង។

វេទិកា​សួរ​ដេញដោល​សាក្សី​របស់​មេធាវី​ជន​ជាប់​ចោទ​ទាំង​នេះ សុទ្ធ​តែ​មាន​គោល​បំណង​រក​ព័ត៌មាន​នានា ដើម្បី​ដោះ​បន្ទុក​កូន​ក្ដី​ខ្លួន ដែល​ត្រូវ​ភាគី​សហ​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់ ទាក់ទង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ទាំង​ឡាយ​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង សារី ត្រូវ​បាន​អង្គ​ជំនុំជម្រះ​អនុញ្ញាត​ឱ្យ​សួរ​ដេញដោល​មុន​គេ​នៅ​ក្នុង​វេទិកា​នេះ ព្រោះ​តែ​ទាំង​ជន​ជាប់​ចោទ និង​សាក្សី​សុទ្ធតែ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្រសួង​ការ​បរទេស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​មនុស្ស​មួយ​ចំនួន​របស់​ក្រសួង​នេះ ត្រូវ​គេ​យក​ទៅ​សម្លាប់។ ជន​ជាប់​ចោទ អៀង សារី អតីត​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ជា​មេ​ផ្ទាល់​របស់​សាក្សី សាឡុត បាន ហៅ សូ ហុង។

ជា​រឿយៗ សាក្សី​បាន​ផ្ដល់​សក្ខីកម្ម​ថា ជន​ជាប់​ចោទ អៀង សារី បាន​ត្រឹម​តែ​ដឹង​ថា បាត់​បុគ្គលិក ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន បន្ទាប់​ពី​គេ​យក​មនុស្ស​ទៅ​បាត់​ហើយ។ អ្នក​រងគ្រោះ​ទាំង​នោះ ភាគ​ច្រើន​ជា​ក្រុម​បញ្ញាជន​មក​ពី​បរទេស ដែល​គេ​យក​ទៅ​ដាក់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​ប្រមូល​ផ្ដុំ​២ គឺ​ជំរំ​ច្រាំង​ចំរេះ និង​ជំរំ​បឹង​ត្របែក។

ដូច​កាល​ពី​សប្ដាហ៍​មុន​ដែរ សាក្សី​ឈ្មោះ សាឡុត បាន ប្រាប់​អង្គ​ជំនុំជម្រះ​ថា មាន​កម្មាភិបាល​ថ្នាក់​មជ្ឈិម​មួយ​រូប​ឈ្មោះ ប៉ង់ ជា​អ្នក​គ្រប់គ្រង​ជំរំ​ទាំង​ពីរ​នោះ​រហូត​ដល់​គាត់​បាត់​ខ្លួន នៅ​មុន​ពេល​វៀតណាម​វាយ​ចូល​ប្រទេស​កម្ពុជា​បន្តិច។ គឺ​ពេល​នោះ​ហើយ​ដែល​ជំរំ​ទាំង ២ ត្រូវ​បាន​ផ្ទេរ​មក​ឱ្យ​ក្រសួង​ការ​បរទេស ហើយ​សាក្សី​ជា​អ្នក​គ្រប់គ្រង។

សាក្សី​ឈ្មោះ សាឡុត បាន៖ «តាម​ខ្ញុំ​ចាំ បង អៀង សារី ថា បឹង​ត្របែក ឬ​ច្រាំង​ចំរេះ ប៉ង់ គេ​ថា​ឱ្យ ហុង ឯង​ទទួល​ខុស​ត្រូវ​ហើយ។ តែ​ប៉ុណ្ណឹង»

គាត់​បន្ថែម​ថា ការ​បាត់​ខ្លួន​បុគ្គលិក​នៅ​ក្រសួង​ការ​បរទេស​ពេល​នោះ ធ្វើ​ឱ្យ​គាត់ ជន​ជាប់​ចោទ អៀង សារី និង​បុគ្គលិក​ដទៃ​ទៀត​ភ័យ​ព្រួយ​ដូចៗ គ្នា។

លោក សាឡុត បាន បញ្ជាក់​ថា រយៈ​ពេល​នោះ ជា​រយៈ​ពេល​ត្រៀម​សម្រាប់​ការ​រត់​ចេញ​ពី​ភ្នំពេញ នៅ​ខែ​មករា ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។ មិន​មាន​សក្ខីកម្ម​ច្បាស់លាស់​ណា​មួយ ត្រូវ​សាក្សី​ឆ្លើយ​ដាក់​បន្ទុក​ជន​ជាប់​ចោទ អៀង សារី ទេ។

បន្ទាប់​ពី​ក្រុម​មេធាវី​ជន​ជាប់​ចោទ អៀង សារី គឺ​ជា​វេទិកា​របស់​មេធាវី​ជន​ជាប់​ចោទ នួន ជា ដែល​អតីត​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ សក្ខីកម្ម​ចំពោះ​ជន​ជាប់​ចោទ​រូប​នេះ ក៏​មិន​មាន​បន្ទុក​អ្វី​ដែរ។ សាក្សី សាឡុត បាន បាន​សរសើរ​ចំពោះ​បុគ្គលិក​លក្ខណៈ​របស់​ជន​ជាប់​ចោទ នួន ជា។

សាក្សី សាឡុត បាន៖ «លោក​មិន​មាន​ធ្វើ​អី​ឱ្យ​ខ្ញុំ​អាក់​អន់​ស្រពន់​ចិត្ត​ដល់​ខ្ញុំ​ទេ គឺ​លោក​មាន​តែ​ពន្យល់​ឱ្យ​ចេះ​ស្រឡាញ់​គ្នា​ក្នុង​ក្រុម។ បើ​មិន​ចេះ​ស្រឡាញ់​គ្នា​ទេ ការពារ​បដិវត្ត​មិន​បាន​ទេ»

សាក្សី​បាន​បញ្ជាក់​ខ្លះៗ ដែរ អំពី​លោក ហោ ណាំហុង និង​លោក គាត ឈន់ នៅ​ក្នុង​សម័យ​នោះ៖ «ពេល​នោះ​ដូច​ជា​បង ហោ ណាំហុង បង សារិន ឆាក គឺ​នៅ​ផ្ទះ​វីឡា។ ឯ​អ្នក​ដទៃ​ទៀត​នេះ គម្រោង​រៀបចំ​ឱ្យ​ធ្វើ​ជា ខ្លះ​ចូល​ក្រសួង​ការ​បរទេស ខ្លះ​ទៅ​ជា​គ្រូ​បង្រៀន​ក្មេងៗ»

មេធាវី​ជន​ជាប់​ចោទ នួន ជា ក៏​បាន​ចោទ​សួរ​សាក្សី សាឡុត បាន ៣ សំណួរ​ជាប់ៗ​គ្នា ពាក់ព័ន្ធ​នឹង​លោក ហោ ណាំហុង និង​លោក គាត ឈន់៖ «លោក​សាក្សី លោក​ដឹង​ថា អ្នក​ទាំង​ពីរ​នោះ​មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​មក​ផ្ដល់​សក្ខីកម្ម​ដែរ​ឬ​ទេ? តើ​លោក​ដឹង​អ្នក​ទាំង​នោះ​ទទួល​ការ​ណែនាំ​ពី​រដ្ឋាភិបាល​មិន​ឱ្យ​ក​ផ្ដល់​សក្ខីកម្ម មក​ជា​ជំនួយ​ដល់​តុលាការ​នេះ ដើម្បី​ស្វែង​រក​ការ​ពិត​ដែរ​ឬ​ទេ? តើ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អ្នក​ទាំង​ពីរ​មិន​ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ដែរ​ឬ​ទេ?»

សំណួរ​ទាំង​នេះ ត្រូវ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រាប់​ទៅ​សាក្សី​ថា មិន​បាច់​ឆ្លើយ​ទេ ព្រោះ​អង្គហេតុ​មិន​ពាក់ព័ន្ធ៖ «សាក្សី​មិន​បាច់​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ទេ»

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន ទើប​តែ​បាន​ចាប់​ផ្ដើម​សួរ​បាន​បន្តិច ហើយ​ត្រូវ​អស់​ម៉ោង។ ពេល​វេលា​សម្រាប់​មេធាវី​ជន​ជាប់​ចោទ ខៀវ សំផន សួរ​សាក្សី​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ដោយសារ​តែ​ថ្ងៃ​ទី​១ ឧសភា​ជា​ថ្ងៃ​បុណ្យ ទិវា​ពលកម្ម​អន្តរជាតិ សាលា​ដំបូង​នឹង​មិន​បើក​សវនាការ​ទេ សវនាការ​នឹង​លើក​ទៅ​បន្ត​នៅ​ថ្ងៃ​ពុធ​ទី​២ ខែ​ឧសភា ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។