សវនាការ​សុខភាព​ជន​ជាប់​ចោទ​ចប់​ដោយ​មិន​ទាន់​មាន​លទ្ធផល

សវនាការ​លើ​កាយសម្បទា​ជន​ជាប់​ចោទ​ពីរ​រូប​ក្នុង​សំណុំ​រឿង ០០២ ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ នេះ។

សវនាការ​លើ​កាយសម្បទា​ជន​ជាប់​ចោទ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា គឺ​បាន​ផ្ដោត​ការ​ជជែក​ដេញដោល​សំខាន់​លើ​បញ្ហា​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា ដែល​បច្ចុប្បន្ន​មាន​វ័យ ៨៥​ឆ្នាំ។

ក្នុង​ការ​ជជែក​ដេញដោល​នៅ​ថ្ងៃ​បញ្ចប់​នេះ អ្នក​ជំនាញ​ខាង​ថែទាំ​សុខភាព​មនុស្ស​ចាស់ លោក ចន ខេមប៊ែល (John Campbell) បាន​ផ្ដល់​អនុសាសន៍​ថា ស្ថានភាព​សុខភាព​ទូទៅ​របស់​ជន​ជាប់ នួន ជា មិន​មាន​អ្វី​ជា​ឧបសគ្គ​ដែល​អាច​រារាំង​គាត់​មិន​ឱ្យ​ចូលរួម​សវនាការ​បាន​ទេ។ ម្យ៉ាង​ទៀត បើ​ទោះ​ជា​គាត់​មាន​បញ្ហា​ឈឺ​ចង្កេះ ដែល​មិន​អាច​អង្គុយ​យូរ​បាន​ក្ដី ក៏​គាត់​អាច​ចូល​រួម​សវនាការ​ពី​ចម្ងាយ គឺ​នៅ​ក្នុង​បន្ទប់​រង់ចាំ ដែល​គាត់​អាច​សម្រួល​ឥរិយាបថ និង​អាច​ទម្រេត​ខ្លួន​បាន។

លោក​បន្ថែម ឧបករណ៍​របស់​សាលាក្ដី​សម្រាប់​ជា​ជំនួយ​ដល់​ជន​ជាប់​ចោទ​ក្នុង​ការ​ចូលរួម​សវនាការ​ក៏​សម​ល្មម ដោយ​មិន​មាន​អ្វី​ខ្វះ​ខាត​ត្រូវ​កែ​លម្អ​ទេ​នៅ​ពេល​នេះ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ ជន​ជាប់​ចោទ​ដែល​ចូល​រួម​សវនាការ​តាម​ការ​បញ្ជូន​រូបភាព និង​សំឡេង​ពី​បន្ទប់​រង់ចាំ​បាន​ទាមទារ​ឱ្យ​បិទ​រូបភាព​សវនាការ​ពី​កញ្ចក់​ទូរទស្សន៍ ព្រោះ​គាត់​មិន​អាច​ទ្រាំ​មើល​ដំណើរការ​សវនាការ​នោះ​តទៅ​ទៀត​បាន​ទេ។

ជន​ជាប់​ចោទ នួន ជា សុំ​លះបង់​សិទ្ធិ​ចូលរួម​នោះ ហើយ​វិល​ទៅ​បន្ទប់​ឃុំឃាំង​វិញ។ ក៏​ប៉ុន្តែ សំណើ​របស់​គាត់​ត្រូវ​អង្គ​ជំនុំ​ជម្រះ​បដិសេធ ហើយ​តម្រូវ​ឱ្យ​​​គាត់​ចូល​រួម​សវនាការ​នៅ​ក្នុង​បន្ទប់​រង់ចាំ​រហូត​ដល់​ចប់​ដដែល។

នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន មេធាវី​ការពារ​ក្ដី​អន្តរជាតិ​របស់​ជន​ជាប់​ចោទ អៀង សារី ​បាន​សុំ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​សន្និដ្ឋាន​របស់​អ្នក​ជំនាញ ចន ខេមប៊ែល ដោយ​លើក​ឡើង​ថា ​គាត់​មិន​មាន​ជំនាញ​គ្រប់គ្រាន់​ទេ។ មេធាវី​រូប​នេះ បាន​សុំ​ទៅ​តុលាការ​ឱ្យ​មាន​ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​ផ្សេង​ទៀត សម្រាប់​ជន​ជាប់​ចោទ នួន ជា ដោយ​ផ្ដោត​លើ​ការ​ផ្ចង់​អារម្មណ៍ និង​អំពី​ព័ត៌មាន​អតីតកាល​របស់​គាត់។

មេធាវី​ជាតិ​របស់​គាត់ គឺ​លោក សុន អរុណ បន្ថែម​ថា លោក ខេមប៊ែល មាន​ការ​ខ្វះខាត ព្រោះ​ពេល​វេលា​របស់​លោក ខេមប៊ែល ជួប​ជាមួយ​កូន​ក្ដី​លោក​ចុង​ក្រោយ​ខ្លី​ណាស់ គឺ ៥​នាទី​ប៉ុណ្ណោះ ហើយ​គ្មាន​ឧបករណ៍​អី​ទេ គឺ​ទៅ​ដោយ​ដៃ​ទទេ។ លោក​ថា លោក​ព្រួយ​រឿង​ខួរ​ក្បាល​គាត់​ចុះ​ខ្សោយ។ គាត់​ពិបាក​ងើប​ដើរ លុះ​ត្រា​តែ​មាន​អ្នក​ជួយ​គ្រា និង​មាន​ឈើ​ច្រត់ ដែល​ហៅ​ថា ដើរ​ជើង​ដប់។

ទាំង​ព្រះ​រាជអាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នាំ​មុខ​សុទ្ធ​តែ​បាន​ស្នើសុំ​ទៅ​អង្គ​ជំនុំជម្រះ​បដិសេធ​ចោល​សេចក្ដី​ស្នើ​សុំ និង​ការ​លើក​ឡើង​របស់​មេធាវី​របស់​លោក នួន ជា។ ភាគី​ទាំង​បាន​លើក​សំអាង​ថា លោក នួន ជា នៅ​មាន​សុខភាព​ល្អ​ណាស់​សម្រាប់​វ័យ ៨៥​ឆ្នាំ​របស់​គាត់។ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​សុំ​ឱ្យ​ច្រាន​ចោល​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​ជន​ជាប់​ចោទ នួន ជា បន្ថែម។

ក្រោយ​ការ​សេចក្ដី​សន្និដ្ឋាន​ពី​គ្រប់​ភាគី​មក ប្រធាន​ចៅក្រម​ជំនុំជម្រះ បាន​កំណត់​ឱ្យ​មេធាវី​ការពារ​ក្ដី​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ​មិន​ឱ្យ​ហួស​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ចំពោះ​ភាគី​ព្រះរាជអាជ្ញា និង​មេធាវី​នាំ​មុខ ប្រសិន​បើ​ចង់​ឆ្លើយ​តប គឺ​ត្រូវ​ដាក់​សំណើ​មិន​ឱ្យ​ហួស​ថ្ងៃ​ទី​១២ ខែ​កញ្ញា។

លទ្ធផល​ស្ដីពី​សវនាការ​រយៈពេល ៣​ថ្ងៃ​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ សាលា​ដំបូង​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​ក្រោយ៕