សាលាក្ដីខ្មែរក្រហមកំពុងខ្វះខាតថវិកាសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំក្នុងរបបខ្មែរក្រហម សម្រាប់ឆ្នាំ២០១០ និង ២០១១។
មន្ត្រីទទួលបន្ទុកការងារព័ត៌មាន ផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ នៅថ្ងៃពុធ ទី៨ សីហា បានរំពឹងថា សាលាក្ដីខ្មែរក្រហមនឹងអាចទទួលបានការជួយគាំទ្រជាថវិកា ដើម្បីជំនួសថវិកាខ្វះខាតរបស់សាលាក្ដីខ្មែរក្រហមសម្រាប់ឆ្នាំ ២០១០ និង ២០១១។ ការរំពឹងទុកនេះ គឺបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី៧ កញ្ញា រវាងរដ្ឋាភិបាលកម្ពុជា និងតំណាងមន្ត្រីការទូតជាង ២០ប្រទេស ដើម្បីរ៉ៃអង្គាសប្រាក់សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីតុលាការខ្មែរក្រហម។
កិច្ចប្រជុំដែលបានដឹកនាំដោយ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងអ្នកជំនាញពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ខ្លិន វីលាមសុន (Clint Williamson) បានផ្ដល់ព័ត៌មានអំពីសមិទ្ធផលជាសំខាន់ ដែលបានសម្រេចដោយតុលាការខ្មែរក្រហម រួមមានការប្រកាសសាលក្រមរបស់អតីតប្រធានមន្ទីរស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ និងការបញ្ចប់ការស៊ើបអង្កេតសំណុំរឿងករណី០០២។ សាលាក្ដីខ្មែរក្រហមបានរំពឹងថា សវនាការរួមរបស់អតីតមេដឹកនាំខ្មែរក្រហមចំនួន ៤នាក់បន្ថែមទៀតនៅឆ្នាំ២០១១។
លោក ឌឹម សុវណ្ណារុំ បន្ថែមទៀតថា សម្រាប់ឆ្នាំ២០១០ សាលាក្ដីខ្មែរក្រហមផ្នែកកម្ពុជាកំពុងខ្វះថវិកាចំនួន ១លានដុល្លារ និងផ្នែកអន្តរជាតិខ្វះថវិកាចំនួន ៦លាន ៤សែនដុល្លារ ហើយសម្រាប់ឆ្នាំ២០១១ សាលាក្តីខ្មែរក្រហមផ្នែកកម្ពុជានៅខ្វះថវិកាចំនួន ៧លាន ៧សែនដុល្លារ និងផ្នែកអន្តរជាតិខ្វះថវិកាចំនួន ២៩លាន ៨សែនដុល្លារ។
ថវិកាដំបូងរបស់តុលាការខ្មែរក្រហមសម្រាប់រយៈពេល ៣ឆ្នាំ ត្រូវបានគ្រោងទុកចំនួន ៥៦លានដុល្លារ ប៉ុន្តែសាលាក្ដីខ្មែរក្រហមដែលចាប់ផ្ដើមនៅឆ្នាំ២០០៦ ត្រូវបានគេប្រមាណទុកកាលពីឆ្នាំ២០០៩ ថា ការចំណាយរបស់តុលាការនេះនឹងកើនទៅដល់ចំនួន ១៧០លានដុល្លារ។ សេចក្ដីថ្លែងការណ៍រួមរបស់លោក សុខ អាន និងលោក ខ្លិន វីលាមសុន (Clint Williamson) ចេញកាលពីថ្ងៃទី៧ កញ្ញា ឲ្យដឹងថា លោក សុខ អាន បានសម្ដែងការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចការរបស់តុលាការខ្មែរក្រហម និងលោក សុខ អាន ស្នើឲ្យមន្ត្រីការទូតដែលមានវត្តមានក្នុងកិច្ចប្រជុំពិចារណាបន្ដជួយតុលាការខ្មែរក្រហមបន្តទៅទៀត។
សេចក្ដីថ្លែងការណ៍រួមរបស់លោក សុខ អាន និងលោក ខ្លិន វីលាមសុន (Clint Williamson) បន្តទៀតថា អ្នកទាំងពីរបានសង្កត់ធ្ងន់ថា សារសំខាន់របស់តុលាការខ្មែរក្រហមទៅថ្ងៃអនាគតអាចនឹងផ្ទេរចំណោះដឹង ជំនាញ និងបច្ចេកទេសទៅឲ្យប្រព័ន្ធយុត្តិធម៌ជាតិកម្ពុជា ហើយការសហការគ្នារវាងមន្ត្រីរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ទាក់ទងនឹងតុលាការខ្មែរក្រហម វាគឺជាគន្លឹះសំខាន់សម្រាប់ការដើរទៅមុខរបស់ដំណើរការតុលាការខ្មែរក្រហម។
ប្រទេសផ្ដល់ជំនួយរួមមានប្រទេសជប៉ុន បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកន្លងមក បានស្ទាក់ស្ទើរក្នុងការផ្ដល់ថវិកាទៅឲ្យតុលាការខ្មែរក្រហមខាងកម្ពុជា ក្រោយពេលដែលមានការចោទប្រកាន់ពីការជ្រៀតជ្រែកចូលផ្នែកនយោបាយទៅក្នុងតុលាការខ្មែរក្រហម និងរឿងអាស្រូវទាក់ទងនឹងប្រាក់សំណូក ដោយមន្ត្រីក្នុងស្រុកត្រូវបានបង្ខំឲ្យផ្ដល់ប្រាក់សំណូក ដើម្បីប្ដូរនឹងការងារធ្វើ៕
