សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​មាន​សហ​ចៅក្រម​អន្តរជាតិ​ថ្មី​នៅ​ឡើយ

អង្គការ​សហប្រជាជាតិ​នៅ​មិន​ទាន់​បញ្ជូន​សហ​ចៅក្រម​អន្តរជាតិ​ថ្មី មក​កាន់​អង្គភាព​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅឡើយ​ទេ មក​ទល់​ពេល​នេះ បន្ទាប់​ពី​សហ​ចៅក្រម​អន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Asermet) បាន​លា​លែង​ពី​តួនាទី​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
ដោយ ទីន ហ្សាការីយ៉ា
2012-06-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
eccc305
ទិដ្ឋភាព​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

គណៈកម្មាធិការ​ប្រតិកម្ម​កម្ពុជា (CHRAC) ដែល​មាន​ចំនួន ២២​អង្គការ​ចូល​រួម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​កម្ពុជា​តែង​តាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី ឲ្យ​ឆាប់​រហ័ស និង​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​អន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ប្រកប​ដោយ​ឯករាជ្យ ចំពោះ​សំណុំ​រឿង ០០៣ និង ០០៤។

ប្រធាន​គណៈកម្មាធិការ​ប្រតិកម្ម​កម្ពុជា លោក ធន សារាយ មាន​ប្រសាសន៍​ថា បើ​សិន​ជា​អង្គការ​សហប្រជាជាតិ​មិន​តែង​តាំង​សហ​ចៅក្រម​ថ្មី​មក​ចូល​ធ្វើ​ការ​នៅ​សាលាក្ដី​ជំនួស​កន្លែង​របស់​លោក ឡូរ៉ង់ កាស្ពែរ ឲ្យ​បាន​ឆាប់ៗ​ទេ​នោះ ដំណើរ​ការ​របស់​សាលាក្ដី​លើ​សំណុំ​រឿង ០០៣ និង ០០៤ នឹង​រាំង​ស្ទះ។

លោក ធន សារាយ បញ្ជាក់​ថា បញ្ហា​ចម្រូង​ចម្រាស់​រវាង​សហ​ចៅក្រម​ជាតិ លោក យូ ប៊ុនឡេង និង សហ​ចៅក្រម​អន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ កន្លង​មក​នោះ មិន​មែន​ជា​រឿង​បុគ្គល​ទេ គឺ​ជា​រឿង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។

សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈកម្មាធិការ​ប្រតិកម្ម​កម្ពុជា បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​៧ មិថុនា បាន​សរសេរ​ថា គណៈកម្មាធិការ​ប្រតិកម្ម​កម្ពុជា ចង់​ឃើញ​ការ​ដឹក​នាំ​ដ៏​ខ្លាំង​របស់​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ​ឡើង​វិញ ចំពោះ​សាលាក្ដី​នេះ និង​បន្ត​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ។

គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ខិត​ខំ​ធ្វើ​ការ និង​ជៀស​វាង​ពី​ការ​រំខាន​នានា ដែល​កើត​ឡើង​នៅ​គ្រប់​ថ្នាក់​ទាំង​អស់ នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ពីព្រោះ​ថា តុលាការ​កូន​កាត់​មួយ​នេះ មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា និង​រាល់​សកម្មភាព​ណា​ក៏​ដោយ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​របស់​សាលា​ក្ដី ត្រូវ​ចាត់​ទុក​ថា ជា​ការ​រារាំង​ចំពោះ​យុត្តិធម៌​ដ៏​ធ្ងន់ធ្ងរ។

ឆ្លើយ​តប​ទៅ​នឹង​ករណី​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភត្រា បាន​ឲ្យ​ដឹង​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ អំពី​ការ​បញ្ជូន​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​មក​បំពេញ​ការងារ​នៅ​តុលាការ​ខ្មែរ​ក្រហម​ជំនួស​លោក កាស្ពែរ នោះ។ ប៉ុន្តែ លោក នេត្រ ភត្រា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា។

លោក នេត្រ ភត្រា បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​ឯករាជ្យ ហើយ​ស្ថិត​នៅ​ក្នុង​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ សហ​ចៅក្រម​អន្តរជាតិ បាន​លា​ឈប់​ពី​តួនាទី​នៅ​ការិយាល័យ​ស៊ើប​អង្កេត នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​អស់​ចំនួន​ពីរ​រូប​រួច​មក​ហើយ គឺ​លោក ស៊ីកហ្វ្រីក ប្លាំង និង​លោក ឡូរ៉ង់ កាស្ពែរ។ មូលហេតុ​សំខាន់​ដែល​បណ្ដាល​ឲ្យ​ចៅក្រម​អន្តរជាតិ​លា​លែង​ពី​តំណែង​បន្ត​កន្ទុយ​គ្នា​នេះ គឺ​ដោយ​សារ​តែ​សម​ភាគី​របស់​ខ្លួន គឺ​សហ​ចៅក្រម​ជាតិ មិន​សហការ និង​គាំទ្រ​ដំណើរ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង ០០៣ និង ០០៤ ដែល​ជា​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​នោះ។

លោក ធន សារាយ បាន​លើក​ឡើង​ថា បញ្ហា​ដែល​កើត​មាន​រវាង​សហ​ចៅក្រម​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ​កន្លង​មក​នោះ បញ្ហា​ចោទ​សំខាន់ មក​ពី​បញ្ហា​មិន​ឯករាជ្យ​របស់​ការិយាល័យ​ស៊ើប​អង្កេត​មួយ​នេះ។ លោក​បញ្ជាក់​ថា បញ្ហា​មិន​ឯករាជ្យ មក​ពី​សំណុំ​រឿង ០០៣ និង ០០៤ ជា​សំណុំ​រឿង​រសើប ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​តុលាការ​ដំណើរ​ការ​នីតិវិធី​នេះ​បន្ត​ទៀត។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈកម្មាធិការ​ប្រតិកម្ម​កម្ពុជា បាន​អំពាវនាវ​ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម ឲ្យ​ដើរ​តួនាទី​របស់​ខ្លួន​ឲ្យ​ទូលាយ ជា​ជាង​គ្រាន់​តែ​ធ្វើ​ការ​កាត់​ទោស​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​តូច ហើយ​ស្នើ​ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន អំពី​របប​ខ្មែរ​ក្រហម និង​អំពី​យន្ត​ការ​របស់​តុលាការ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​អ្នក​រួច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ក្នុង​របប​នោះ ឲ្យ​បាន​ដឹង​ពី​រឿង​រ៉ាវ​ពី​អតីតកាល។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ពន្យល់​ថា បញ្ហា​ចម្រូង​ចម្រាស់​រវាង​សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ បាន​កើត​មាន​នៅ​ពេល​ពួក​គេ​បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​លើ​សំណុំ​រឿង ០០៣ និង ០០៤។ លោក កែម ឡី បាន​បន្ថែម​ថា បញ្ហា​នេះ គឺ​មក​ពី​ភាគី​អង្គការ​សហប្រជាជាតិ និង​ភាគី​អន្តរជាតិ មិន​បាន​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់ ថា​តើ​ការ​ស៊ើប​អង្កេត​នោះ ត្រូវ​កំណត់​ស៊ើប​អង្កេត​លើ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​កម្រិត​ណា?

បញ្ហា​មិន​ទាន់​មាន​សហ​ចៅក្រម​ថ្មី ចូល​មក​បម្រើ​ការងារ​នៅ​ក្នុង​ការិយាល័យ​ស៊ើប​អង្កេត​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ ត្រូវ​បាន​អ្នក​វិភាគ​បាន​លើក​ឡើង​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​បាន​ដដែល ទោះ​បី​ជា​គ្មាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ក្ដី ប៉ុន្តែ​បញ្ហា​ចោទ​នៅ​ត្រង់​ថា តើ​តម្លៃ​នៃ​ការ​ស៊ើប​អង្កេត​នោះ អាច​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​អាច​ជឿ​ទុក​ចិត្ត​បាន​ដែរ ឬ​អត់?

ម្យ៉ាង​វិញ​ទៀត ប្រសិន​ការិយាល័យ​ស៊ើប​អង្កេត​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​តែ​ភាគី​ជាតិ​នោះ គឺ​ជា​ការ​ខុស​ពី​កិច្ច​ព្រម​ព្រៀង​នៃ​ការ​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​ត្រូវ​ឲ្យ​មាន​ភាគី អង្គការ​សហប្រជាជាតិ និង​ភាគី​ជាតិ ចូល​រួម​នោះ។ បញ្ហា​ទាំង​នេះ អ្នក​វិភាគ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក​តម្លៃ​ខ្លួន​ឯង ត្រូវ​រក​តម្លៃ​លើ​ប្រជាជាតិ​របស់​ខ្លួន និង​ត្រូវ​រក​តម្លៃ​នៃ​ជំនឿ​ទុក​ចិត្ត ប្រសើរ​ជាង​ធ្វើ​ឲ្យ​តែ​រួច​ខ្លួន។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា យន្ត​ការ​ដោះស្រាយ​កុំ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​រវាង​សហ​ចៅក្រម​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ​បន្ត​ទៀត នៅ​ពេល​អង្គការ​សហប្រជាជាតិ​តែង​តាំង​អ្នក​ថ្មី​មក​ទៀត​នោះ មធ្យោបាយ គឺ​មាន​តែ​លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ផ្ដល់​ជំនួយ ត្រូវ​មាន​ជំហរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ត្រូវ​អនុវត្ត​ច្បាប់​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ជា​ធរមាន ឬ​អនុវត្ត​ទៅ​តាម​ទំនោរ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​កម្ពុជា​ទាំង​អស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល