សាក្សី៖ លោក ហោ ណាំហុង ឋិត​ក្នុង​ក្រុម​អ្នក​គ្រប់គ្រង​គុក​បឹង​ត្របែក

សាក្សី​នៅ​ក្នុង​សវនាការ​សាលា​ខ្មែរក្រហម ថ្ងៃ​ទី​៣១ កក្កដា នេះ ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា លោក ហោ ណាំហុង ជា​រដ្ឋមន្ត្រី​ការ​បរទេស​បច្ចុប្បន្ន ឋិត​នៅ​ក្នុង​ក្រុម​អ្នក​គ្រប់គ្រង​មន្ទីរ​ឃុំឃាំង​បញ្ញាជន​បឹង​ត្របែក កាល​ពី​ឆ្នាំ​១៩៧៨។
ដោយ ឡេង ម៉ាលី
2012-07-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហោ​ ណាំហុង ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Sok Serey

ការ​បញ្ជាក់​ជា​ថ្មី​របស់​សាក្សី រចឹម ទន់ អំពី​តួនាទី​លោក ហោ ណាំហុង នៅ​មន្ទីរ​បឹង​ត្របែក ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា ដែល​សួរ​បញ្ជាក់​សាក្សី​ឡើង​វិញ។

មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា គឺ​លោក អានឌ្រូ អ៊ីអានូហ៊្សី (Andrew Ianuzzi) បាន​សួរ​សាក្សី​បញ្ជាក់​ឱ្យ​ច្បាស់​បន្ថែម​ទៀត អំពី​ឋានៈ និង​តួនាទី​របស់​លោក ហោ ណាំហុង ដែល​ថា​គាត់​នៅ​មន្ទីរ​បឹង​ត្របែក​នោះ​ដែរ កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក អានឌ្រូ អ៊ីអានូហ៊្សី សួរ៖ «តើ​គាត់​ជា​ប្រធាន ឬ​អនុ​ប្រធាន​នៅ​បឹង​ត្របែក​នោះ ទាក់ទង​ទៅ​នឹង​លោក ហោ ណាំហុង នេះ?»

សាក្សី រចឹម ទន់ ឆ្លើយ៖ «កាល​ទទួល​គាត់​កាល​នោះ ក្នុង​នាម​គាត់​គ្រប់គ្រង​នៅ​បឹង​ត្របែក​ហ្នឹង​ដែរ។ ក្នុង​គ្រប់គ្រង!»

កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា សាក្សី រចឹម ទន់ ថ្លែង​ថា លោក ហោ ណាំហុង ឋិត​នៅ​ក្នុង​មន្ទីរ​បឹង​ត្របែក ដែល​គេ​ឃុំឃាំង​ក្រុម​និស្សិត​បញ្ញវន្ត​វិល​មក​ពី​បរទេស។ ក្រោយ​មក​ទៀត លោក ហោ ណាំហុង ត្រូវ​បាន​គេ​ផ្លាស់​ឱ្យ​មក​ធ្វើ​ការ​នៅ​ក្រសួង​ការ​បរទេស​វិញ នៅ​រយៈ​ពេល​ខ្លី​ចុង​ឆ្នាំ​១៩៧៨។

សាក្សី រចឹម ទន់ ថ្លែង​ថា៖ «បាទ! ពិត​អ៊ីចឹង​ហើយ។ គាត់​នៅ​បឹង​ត្របែក​នោះ វា​យូរ។ ដល់​ខាង ប១ ទៅ​ទទួល​ហ្នឹង គឺ​មួយ​រយៈ​ខ្លី។ មុន​គាត់​មក​ធ្វើ​ការ​នៅ​ក្រសួង ពី​មុន​ខ្ញុំ​ក៏​ក្ដាប់​មិន​បាន​ដែរ។ ប៉ុន្តែ ដូច​ខ្ញុំ​បញ្ជាក់​មិញ​អ៊ីចឹង គឺ​គាត់​នៅ​ក្នុង​រង្វង់​ការងារ​ទូត​ហ្នឹង​ហើយ ខ្ញុំ​បញ្ជាក់​អ៊ីចឹង»

បញ្ហា​ពាក់ព័ន្ធ​នឹង​តួនាទី​គ្រប់គ្រង​របស់​លោក ហោ ណាំហុង នៅ​មន្ទីរ​បឹង​ត្របែក កន្លង​មក​ធ្លាប់​ជា​រឿង​ក្ដីក្ដាំ​រវាង​លោក និង​លោក សម រង្ស៊ី នៅ​តុលាការ​ប្រទេស​បារាំង និង​តុលាការ​កម្ពុជា។ ជា​ចុង​ក្រោយ តុលាការ​កម្ពុជា បាន​កាត់​ឱ្យ​លោក ហោ ណាំហុង ឈ្នះ​ក្នុង​រឿង​ក្ដី​នេះ។ លោក ហោ ណាំហុង ធ្លាប់​ថ្លែង​ថា លោក​មិន​មែន​ជា​អ្នក​គ្រប់គ្រង​ទេ គឺ​លោក​ជា​អ្នក​ជាប់​ឃុំ​ម្នាក់។ សក្ខីកម្ម​របស់​សាក្សី រចឹម ទន់ ពេល​នេះ គឺ​ជា​បញ្ជាក់​មួយ​ថ្មី បំភ្លឺ​សាលាក្ដី​ខ្មែរ​ក្រហម ទាក់​ទង​នឹង​តួនាទី​របស់​លោក ហោ ណាំហុង។

ក្រៅ​ពី​ការ​បញ្ជាក់​អំពី​លោក ហោ ណាំហុង សាក្សី​ក៏​បាន​លើក​ឡើង​អំពី​ឈ្មោះ​លោក គាត ឈន់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ​ដែរ។ សាក្សី រចឹម ទន់ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក គាត ឈន់ ក៏​មាន​តួនាទី​ផ្នែក​ការ​ទូត​ម្នាក់​នៅ​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក អានឌ្រូ អ៊ីអានូហ៊្សី សួរ៖ «តើ​លោក​យល់​ស្រប​ដែរ​ឬ​ទេ​ថា លោក គាត ឈន់ ជា​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប នៅ ប១ នោះ?»

សាក្សី រចឹម ទន់៖ «គាត់​ជា​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប​ដែរ នៅ​ក្នុង​ក្រសួង​ហ្នឹង។ ពិសេស កិច្ច​ការ​ខាង​នយោបាយ​ខាង​ក្រៅ គាត់​មាន​ពិសោធន៍​ច្រើន​លើ​ការងារ​ទូត។ ការ​ទំនាក់ទំនង​អី​ផ្សេង គាត់​មាន​ពិសោធន៍»

សាក្សី​បញ្ជាក់​ជូន​អង្គ​ជំនុំ​ជម្រះ​ថា លោក គាត ឈន់ មាន​តួនាទី​សំខាន់​ជា​អ្នក​ធ្វើ​សន្ទរកថា ជា​អ្នក​ជួប​ចរចា​ជាមួយ​ប្រតិភូ​ភ្ញៀវ និង​កត់​កំណត់​ហេតុ។

សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ កំពុង​ផ្ដោត​ការ​ពិភាក្សា​ដេញដោល​សំខាន់​ទៅ​លើ​អង្គហេតុ​នានា ទាក់ទង​ទៅ​នឹង​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​ដែល​ឡើង​មក​បំភ្លឺ​អង្គ​ជំនុំ​ជម្រះ ចាប់​តាំង​ពី​ខែ​មេសា មក ភាគ​ច្រើន​ជា​អតីត​កម្មាភិបាល​នៃ​ក្រសួង​ការ​បរទេស​នេះ។

មន្ទីរ​បឹង​ត្របែក ត្រូវ​បាន​គេ​ដឹង​ថា ជា​កន្លែង​ឃុំឃាំង​និស្សិត​បញ្ញវន្ត ដែល​វិល​មក​ពី​បរទេស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ មន្ទីរ​នេះ ក៏​ធ្លាប់​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការ​បរទេស​ដែរ។

សក្ខីកម្ម​របស់​សាក្សី បាន​ឱ្យ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​រូប ទាំង​នៅ​ក្រសួង​ការ​បរទេស និង​មន្ទីរ​បឹង​ត្របែក ត្រូវ​ខ្មែរ​ក្រហម​យក​ចេញ ហើយ​បាត់​ខ្លួន​រហូត។ បញ្ហា​នេះ បាន​ក្លាយ​ជា​អង្គហេតុ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​ពេល​បច្ចុប្បន្ន។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី រចឹម ទន់ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១ សីហា ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ok

ពី pp

ហោ ណាំហុងធ្លាប់ក្តាប់អ្នកបញ្ញាវ័នបឹងត្របែកមែន។ គាត ឈន់ ធ្លាប់ជាអ្នកកាន់តំណែងខ្ពស់​ក្នុងរបបខ្មែរក្រហមមែន។

Aug 01, 2012 11:52 PM

អ្នក​អាន​អនាមិក

ពី Florida, USA

I do believe, that the name of the high ranking members of ANGKA PAK during the pol pot regime, that the witness brought up, were responsible for the killing of educated Cambodians, and they also known as khmer vietming, and there are alot more of them in the current government in
Phnom Penh, that are still doing the same
kind of work of killing Cambodians, and destroying our Motherland for their foreign boss, or ONG LOEUNG.

Aug 01, 2012 07:39 PM

អ្នក​អាន​អនាមិក

តុលាកាត្រូវតែកោះហៅអ្នកដែលជាប់ពាក់ព័ន្ធចូលស្រាយបំភ្លឺទើបការកាត់ក្តីមានផភាពយុត្តិធម៍។

Aug 01, 2012 05:58 AM

អ្នក​អាន​អនាមិក

តុលាការ ពឹងលើភស្តុតាង និងសាក្សី ចុះបើសាក្សីឆ្លើយដូចនេះពិតជាយកជាការបានហើយ ព្រោះការពិតនៅតែជាការពិត។

Aug 01, 2012 04:48 AM

អ្នក​អាន​អនាមិក

nhom chang aoy sa la kdey nis tveu vea them teat. nhom som korm tro and trov rork aoy khoenh kar pit.

Aug 01, 2012 03:00 AM

មើល​មតិ​ទាំង​អស់.