សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​អន្តរជាតិ​ផ្ដល់​ថវិកា​បន្ថែម​ដល់​សាលាក្ដី​ខ្មែរក្រហម

ក្រុម​សង្គមស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃ​សុក្រ ២០ មិថុនា​នេះ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ផ្ដល់​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់ ដល់​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ថវិកា ។

គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​សមាគម​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​មាន​អង្គការ​ចំនួន​៦ ជា​សមាជិក បាន​សរសេរ​ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​រួម​គ្នា​មួយ​ថា ការតាំងចិត្ត​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការបន្ត​ផ្ដល់​ថវិកា​ដល់​សាលាក្ដី គឺ​ជា​បញ្ហា​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​និង​ស្ដារ​នីតិរដ្ឋ​របស់​កម្ពុជា​ឡើង​វិញ ។

នាយកប្រតិបត្តិ​នៃ​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​សមាគម​និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គ្មាន​ថវិកា​ជំនួយ​បន្ថែម តុលាការ​អាច​នឹង​ត្រូវ​បិទ ហើយ​ការប្រឹងប្រែង​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នឹង​ត្រូវ​បរាជ័យ ។

លោក សុក សំអឿន ថ្លែង​ដូច្នេះ​ថា ៖ «យើង​ខ្លាច​ដូច​ថា កន្លងមក ដោយសារ​យើង​ឃើញ​តុលាការ​រអាក់​រអួល ហើយ​យើង​អត់​ចង់​ឲ្យ​មាន​ការរអាក់​រអួល​អ៊ីចឹង ដល់​ដឹង​ដំណឹង​ថា គេ​ទៅ​កៀងគរ​រក​មូលនិធិ យើង​ក៏​សម្រេច​ចិត្ត​គាំទ្រ​សុំ​ឲ្យ​ម្ចាស់​ជំនួយ​ជួយ​ផ្ដល់​ជំនួយ​តទៀត»

គួរ​ជម្រាប​ថា សាលាក្ដី​ខ្មែរក្រហម បាន​ចាប់​ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០០៦ ដោយ​គ្រោង​ទឹក​ប្រាក់​ប្រមាណ ៥៦.៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ប្រើ​រយៈពេល​បី​ឆ្នាំ ។ រហូត​មកទល់​នឹង​ពេល​នេះ សាលាក្ដី​កំពុង​តែ​ជួប​វិបត្តិ​ថវិកា ហើយ​កំពុង​ស្វះស្វែង​រក​ជំនួយ​បន្ថែម​ទៀត​ដើម្បី​បន្ត​ដំណើរការ​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម ។

សេចក្ដី​ប្រកាសព័ត៌មាន​របស់​សង្គម​ស៊ីវិល បាន​ឲ្យ​ដឹង​ផងដែរ​ថា កង្វះ​ថវិកា​នឹង​ធ្វើ​ឲ្យ​ឯករាជ​ភាព​របស់​តុលាការ​និង​លទ្ធភាព​ក្នុង​ការស្វែង​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ជួប​បញ្ហា​ផងដែរ ។

នៅ​សប្ដាហ៍​នេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។

កន្លងមក សាលាក្ដី​បាន​ស្នើសុំ​ប្រទេស​ម្ចាស់​ជំនួយ​ឲ្យ​ផ្ដល់​ថវិកា​ចំនួន​ប្រមាណ ១១៤​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បន្ត​ដំណើរការ​របស់​សាលាក្ដី ។

ទាក់ទង​នឹង​បញ្ហា​ថវិកា​នេះ​ដែរ មន្ត្រី​សាលាក្ដី​ខ្មែរក្រហម បាន​ផ្ដល់​ព័ត៌មាន​ថា សាលាក្ដី​នឹង​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ការផ្ដល់​ថវិកា​ពី​ម្ចាស់​ជំនួយ នៅថ្ងៃ​អង្គារ​សប្ដាហ៍ក្រោយនេះ ៕