ការថ្លែងពីភាពមិនប្រាកដប្រជាក្នុងការចូលរួមសវនាការសាលាក្តីខ្មែរក្រហម លើសំណុំរឿងក្តីរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០០៩ ខាងមុខនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០០៩ ដោយលោក ជុំ ម៉ី អតីតអ្នកទោសរបស់ខ្មែរក្រហមមួយរូប នៅមន្ទីរស-២១ ឬគុកទួលស្លែង បន្ទាប់ពីរូបលោកនិងក្រុមជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីមួយក្រុមទៀត មិនចូលរួមសវនាការនៅក្នុងសប្តាហ៍នេះ ៖ «មិនទាន់ដឹងទេ ចាំមើលចម្លើយចៅក្រមយ៉ាងម៉េចអីយ៉ាងម៉េច»។
ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍មក លោក ជុំ ម៉ី រួមជាមួយជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២៧រូបផ្សេងទៀត បានរួមគ្នាធ្វើពហិការមួយ ដោយមិនចូលរួមក្នុងសវនាការជំនុំជម្រះក្តីរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែងដោយសារតែការសម្រេចរបស់ក្រុមចៅក្រមជំនុំជម្រះ មិនអនុញ្ញាតឲ្យមេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិសួរអំពីអត្តចរិតរបស់ជនជាប់ចោទ។
ទាក់ទងនឹងការសម្រេចរបស់ក្រុមចៅក្រម លោក ជុំ ម៉ី ថ្លែងថា ៖ «រឿងអីបានអត់ឲ្យមេធាវីសួររឿងអត្តចរិត ឌុច ដល់អ៊ីចឹងហាក់ដូចជារឿងខ្ញុំ គេអត់ទទួលស្គាល់។ ខ្ញុំបានចូលរួមតាំងពីដើមទីមក ខ្ញុំតាមដាន ខ្ញុំថា ខ្ញុំមានពន្លឺយុត្តិធម៌ ១០០% តែខ្ញុំស្ដាយបន្តិចត្រង់ហ្នឹងទេ ត្រង់គាត់អត់ឲ្យមេធាវីខ្ញុំសួរអត្តចរិត ឌុច វាអត់សមហេតុសមផលទេដល់អ៊ីចឹងនោះ»។
សេចក្តីសម្រេចរបស់ក្រុមចៅក្រមជំនុំជម្រះមិនអនុញ្ញាតឲ្យមេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិសួរអំពីអត្តចរិតជនជាប់ចោទ ត្រូវបានប្រកាសដោយលោក និល ណុន ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ក្នុងនីតិវិធីមួយ ដែលមានសាក្សីចំនួន ៦រូប ឡើងថ្លែងអំពីអត្តចរិតរបស់ជនជាប់ចោទ ឌុច។
លោក និល ណុន ថ្លែងយ៉ាងដូច្នេះ ៖ «តាមមតិភាគច្រើនរបស់អង្គជំនុំជម្រះ និងមតិជំទាស់របស់ចៅក្រម Lavergne អង្គជំនុំជម្រះសម្រេចដូចខាងក្រោមនេះ ដើមបណ្តឹងរដ្ឋប្បវេណីមិនត្រូវបានអនុញ្ញាតឲ្យសួរជនជាប់ចោទ ពាក់ព័ន្ធនឹងអត្តចរិត និងសាក្សីដែលមាន»។
លោក និល ណុន ប្រធានចៅក្រមជំនុំជម្រះ បានបញ្ជាក់ថា សេចក្តីសំអាងជាលាយល័ក្ខណ៍អក្សរ ចំពោះការបដិសេធសិទ្ធិរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនឹងត្រូវប្រកាសដល់គ្រប់ភាគីនៅក្នុងពេលសមស្របណាមួយខាងមុខ។
នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញានេះ សាលាក្តីខ្មែរក្រហមនឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនមួយ ដើម្បីពិក្សាអំពីបញ្ហាផ្សេងរបស់សាលាក្តីនេះ។ លោក ជុំ ម៉ី ថ្លែងថា លោករង់ចាំលទ្ធផលពីការនេះ ថាតើសាលាក្តីនឹងសម្រេចយ៉ាងណាចំពោះសិទ្ធិមេធាវីរបស់លោក៕
