ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​រួម​គ្នា​បង្កើត​ជា​សមាគម

ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បាន​រួម​គ្នា​បង្កើត​ជា​សមាគម​មួយ ឈ្មោះ​ថា សមាគម​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៩ ដើម្បី​ឃ្លាំ​មើល​ដំណើរការ​របស់​តុលាការ​នោះ រវាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាមួយ​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច។

0:00 / 0:00

លោក ជុំ ម៉ី អ្នក​ទោស​ខ្មែរ​ក្រហម ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ជា​ប្រធាន​សមាគម​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​អាទិត្យ​ថា ភាព​លម្អៀង​របស់​តុលាការ​សាលា​ដំបូង​ខ្មែរ​ក្រហម​បាន​បន្ថយ​សិទ្ធិ​តវ៉ា​របស់​ដើម​បណ្តឹង​ជា​ជន​រង​គ្រោះ​បែរ​ជា​លើក​តម្កើង​សិទ្ធិ​ជន​ជាប់​ចោទ កាំង ហ្កេច​អ៊ាវ ហៅ ឌុច។

លោក ជុំ ម៉ី ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​ចង់​ស្ដាប់​មើល៍​ថា តើ​តុលាការ​ហ្នឹង​យុត្តិធម៌ ឬ​មិន​យុត្តិធម៌​សម្រាប់​សាលាក្ដី​គំរូ​នេះ? ខ្ញុំ​ចង់​យល់។ ដូច​ពី​ដើម​មក​វា​ខុស ដល់​ពេល​ឥឡូវ​វា​ខុស​គ្នា កាប់​សម្លាប់​អស់ ១៦.០០០​នាក់ តើ​គាត់​ចង់​យក​កូន​សិស្ស ឌុច ហ្នឹង ដើម្បី​មក​លាង​កំហុស ឌុច ឬ​យ៉ាង​ម៉េច? ខ្ញុំ​ចង់​ដឹង​បញ្ហា​ហ្នឹង»

អនុប្រធាន​ទី​១ សមាគម​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម លោក ជុំ សីរ៉ាត មាន​ប្រសាសន៍​ថា ការ​ចងក្រង​បង្កើត​ជា​សមាគម​នេះ​ឡើង ព្រោះ​តែ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៧ ខែ​សីហា តុលាការ​សាលា​ដំបូង​ខ្មែរ​ក្រហម​មិន​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​ដើម​បណ្តឹង​បាន​សាកសួរ​ពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ​ឈ្មោះ ឌុច នោះ​ទេ។

លោក​បន្ត​ថា គោល​បំណង​នៃ​ការ​បង្កើត​សមាគម​នេះ​ឡើង ទី​១ ចាត់ចែង​រៀបចំ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​មក ទាំង​ផ្នែក​ស្មារតី ទាំង​ផ្នែក​សម្ភារៈ។ ទី​២ បន្ត​ឲ្យ​ខ្ជាប់​ខ្ជួន​ជា​និរន្តរ៍​នូវ​អនុស្សាវរីយ៍​និង​បំផុស​ឡើង​វិញ​នូវ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​បុព្វ​បុរស​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម។ ទី​៣ ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ភ្លេច​នូវ​អំពើ​យង់​ឃ្នង​នៃ​របប​ខ្មែរ​ក្រហម​និង​ជៀសវាង​ឲ្យ​បាន​នូវ​របប​នេះ​កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ​បាន។ ទី​៤ ចូលរួម​លើក​ស្ទួយ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រជាជន​ខ្មែរ ក្នុង​ស្មារតី​គោរព​ដល់​បុព្វ​បុរស​ដែល​បាន​ចែក​ឋាន​ទៅ​នោះ។

លោក​បន្ត​ថា សមាគម​បន្ត​ការ​តាមដាន​ដោយ​ឥត​ប្រហែស​នូវ​ដំណើរការ​នៃ​ការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម ហើយ​ទាមទារ​ឲ្យ​តុលាការ​ទទួល​ស្គាល់​សិទ្ធិ​របស់​ជន​រង​គ្រោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ឲ្យ​ទទួល​បាន​យុត្តិធម៌។

មន្រ្តី​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា ការ​បង្កើត​សមាគម​ជា​សិទ្ធិ​របស់​ប្រជាជន ហើយ​បើ​ចោទ​ថា សាលាក្តី​លម្អៀង​គួរ​តែ​តាមដាន​ការ​ជជែក​របស់​តុលាការ​ពី​ថ្ងៃ​២៦​-២៧ ខែ​សីហា​នោះ​មក។

លោក ឌឹម សុវណ្ណារុំ មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​បើ​សិន​ជា​ពិនិត្យ​មើល​នៅ​ក្នុង​ស្មារតី​នៃ​កិច្ច​ពិភាក្សា​ដេញ​ដោល​យ៉ាង​សស្រាក់​សស្រាំ​នោះ អាច​នឹង​ដឹង​ថា តើ​ការ​សម្រេច​របស់​ចៅក្រម​នៃ​សាលា​ដំបូង​ហ្នឹង​វា​យ៉ាង​ណា?»

សូម​ជម្រាប​ថា សមាគម​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នេះ ជ្រើស​រើស​ដោយ​ការ​បោះឆ្នោត​ពី​ក្រុម​ជន​រង​គ្រោះ​ចំនួន​៣៣​រូប សម្រេច​រើស​យក​សមាជិក​សមាគម​ចំនួន ៨​រូប ក្នុង​នោះ លោក ជុំ ម៉ី ជាប់​ជា​ប្រធាន​សមាគម លោក ជុំ សីរ៉ាត ជា​អនុប្រធាន​ទី​១ និង​លោក ប៊ូ ម៉េង ជា​អនុប្រធាន​ទី​២ ហើយ​៥​នាក់​ទៀត​ធ្វើ​ការងារ​រដ្ឋបាល​និង​ហិរញ្ញិក៕