មេធាវី ខៀវ សំផន ​ព្រមាន​ប្ដឹង​តុលាការ​ខ្មែរក្រហម

2008-04-24

លោក ហ្សាក វ៉ែកហ្សេស (Jacques Verges) ​សហ​មេធាវី​បរទេស​ការពារ​ក្តី​ឱ្យ​លោក ខៀវ សំផន បាន​ព្រមាន​ថា លោក​នឹង​ដាក់​ពាក្យប្តឹង តុលាការ​ខ្មែរក្រហម ពីបទ​ចោទ​ប្រកាន់​ថា បាន​មើលងាយ​ភាសា​បារាំង និង​ប្រទេស​បារាំង ។

Pool Photo/Vannara

លោក Jacques Verges សហ​មេធាវី​ របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន ។

សហ​មេធាវី​បរទេស​ការពារ​ក្តី​ឱ្យ​អតីត​ប្រមុខ​រដ្ឋ នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ បាន​ព្រមាន​ថា លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ព្រមទាំង​ប្រទេស​បារាំង ដោយ​ចោទ​ថា តុលាការ​កាត់ទោស​ខ្មែរក្រហម បាន​មើលងាយ​ភាសា​បារាំង និង​ប្រទេស​បារាំង នៅក្នុង​សវនាការ​លើ​ករណី​បណ្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ ឤសន្ន​របស់​លោក ខៀវ សំផន នៅថ្ងៃ​ពុធ ទី​២៣ មេសា​នេះ ។

លោក ហ្សាក វ៉ែកហ្សេស ដែល​ជា​សហ​មេធាវី​បរទេស​ការពារ​ក្តី​ឱ្យ​លោក ខៀវ សំផន បាន​ចោទ​ថា តុលាការ​កាត់ទោស​ខ្មែរក្រហម​មិន​បាន​បកប្រែ​ឯកសារ​ចំនួន​ប្រមាណ ១៦០០០​ទំព័រ ជា​ភាសា​បារាំង ដើម្បី​ឱ្យ​លោក​បាន​ត្រួតពិនិត្យ ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី ហើយ​ក៏​បាន​ចោទ​ទៀត​ថា ចៅក្រម​នៃ​អង្គបុរេ​ជំនុំជម្រះ​របស់​តុលាការ​កាត់ទោស​ខ្មែរក្រហម បាន​សុំ​ឱ្យ​លោក ខៀវ សំផន ផ្លាស់ប្តូរ​រូបលោក​ចេញពី​តំណែង​ជាសហ​មេធាវី​ការពារ​ក្តី​ទៀត​ផង ។

លោក ហ្សាក វ៉ែកហ្សេស បាន​មាន​ប្រសាសន៍​ថា ៖ š«ក្នុង​ពេល​នេះ​មិន​មែន​ថា​ខ្ញុំ​ខឹង​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ត្រូវ​បាន​គេ​មើលងាយ​មក​លើ​រូប​ខ្ញុំ និង​ខោអាវ​រ៉ូប​របស់​ខ្ញុំ​នៅ​ខណៈ​នេះ ។ ហើយ​ខ្ញុំ​នឹង​ប្ដឹង​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ហើយ​ក៏​ខ្ញុំ​នឹង​ប្ដឹង​ទៅ​អាជ្ញាធរ​ ប្រទេស​បារាំង​ផង​ដែរ​ ទាក់​ទង​នឹង​បញ្ហា​ដែល​ថា​ភាសា​បារាំង​...»

មន្ត្រី​អ្នក​នាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា វា​ជា​សិទ្ធិ​របស់​បុគ្គល ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​នោះ ហើយ​ថា​សាលាក្តី​ក៏​បាន​ចេញ​សេចក្តី​ព្រមាន​ដល់​លោក ហ្សាក វ៉ែកហ្សេស ថា​បាន​បង្អាក់​ដល់​ដំណើរការ​សវនាការ​ផងដែរ ។

លោក រាជ សម្បត្តិ  បាន​ឲ្យ​ដឹង​ថា ៖ «គាត់​បាន​ស៊ីញ៉េ​ទៅ​លើ​លិខិត​ដែល​តុលាការ​អញ្ជើញ​គាត់​ឲ្យ​មក​ចូល​រួម​សវនាការ​ហើយ ទាំង​ពីរ​នាក់​ហ្នឹង ទាំង​ឯកឧត្តម សាយ បូរី ហើយ​និង​លោក ហ្សាក វ៉ែកហ្សេស​ហ្នឹង ។ ដល់​ពេល​តុលាការ​បើក​សវនាការ គាត់​លើក​រឿង​ភាសា​យក​មក​ធ្វើ​ឲ្យ​កិច្ចការ​ហ្នឹង​លែង​ទៅ​មុខ»

ទោះជា​យ៉ាងណា​ក៏ដោយ សហ​ព្រះរាជឤជ្ញា គឺ​លោកស្រី ជា លាង បាន​មាន​ប្រសាសន៍​ថា ខាង​សហ​មេធាវី​ការពារ​ក្តី សុទ្ធតែ​បាន​ដឹង​ពី​បញ្ហា​បកប្រែ​របស់​ឯកសារ ហើយ​ថា​សហមេធាវី​គួរតែ​បាន​តវ៉ា​មុន​ពេល​សវនាការ​ចាប់ផ្តើម ។

លោកស្រី ជា លាង បាន​បញ្ជាក់​ថា ៖ «គាត់​បាន​ដឹង​មូលហេតុ​ហ្នឹង​តាំង​ពី​ដំបូង គាត់​បាន​ពិនិត្យ​សំណុំ​រឿង​តាំង​ពី​ដើម​ទី គាត់​អាច​មាន​សិទ្ធិ ជន​ត្រូវ​ចោទ មាន​សិទ្ធិ​ពិនិត្យ​សំណុំ​រឿង ។ ដូច្នេះ​ររឿង​ហេតុ​អ្វីៗ​គាត់​បាន​ដឹង​ហើយ ប៉ុន្តែ​គាត់​ត្រូវ​តែ​មាន​ការ​តវ៉ា​មុន​សវនាការ​ចាប់​ផ្ដើម»

តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម កញ្ញា សេង ធារី បាន​មាន​ប្រសាសន៍​ថា ការ​ទាម​ទារ​ឲ្យ​មាន​ការ​បក​ប្រែ​ឯកសារ​គ្រប់​ទំព័រ​ទាំង​អស់​គឺ​ជា​ការ​មិន​សម​ហេតុផល ហើយ​ថា​ជា​ការ​បង្ក​ឲ្យ​មាន​ភាព​រាំងស្ទះ​ដល់​ដំណើរ​ការ​នៃ​ការ​ស្វែង​រក​ការ​ពិត ដោយ​បាន​បញ្ជាក់​ថា​សហមេធាវី​ជាតិ ដែល​ការពារ​ក្ដី​ឲ្យ​លោក ខៀវ សំផន ដែរ គឺ​លោក សាយ បូរី អាច​ជួយ​លោក ហ្សាក វ៉ែកហ្សេស ក្នុង​បញ្ហា​នេះ​បាន ។

កញ្ញា សេង ធារី បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ទាម​ទារ​នេះ​ខ្ញុំ​គិត​ថា​វា​ហួស​ហេតុ​ពេក វា​ហួស​ព្រំដែន ។ ប្រសិនបើ​គាត់​មាន​ភាសា​បារាំង មាន​អ្នកណា​អាច​ជួយ​គាត់​ទៀត​ទេ? ខ្ញុំ​គិត​ថា​លោក សាយ បូរី គាត់​ចេះ​បារាំង​ផង គាត់​ចេះ​ខ្មែរ​ផង ហើយ​គាត់​ចេះ​អង់គ្លេស​ផង ហេតុ​អី​បាន​ជា​គាត់​អត់​អាច​ធ្វើ​កិច្ចការ​បាន ? ហើយ​បើ​គាត់​មាន​សំណួរ​អី​ទៅ​សួរ​លោក សាយ បូរី ទៅ»

នៅ​ក្នុង​ផ្នែក​ដែល​ទទួល​បន្ទុក​ខាង​ការ​បកប្រែ​របស់​តុលាការ​កាត់​ទោស​ខ្មែរក្រហម មាន​អ្នក​បកប្រែ​ចំនួន ៣១​នាក់ ដែល​ក្នុង​នោះ អ្នក​បកប្រែ​ភាសា​ពី​បារាំង​ទៅ​ខ្មែរ និង​ពី​ខ្មែរ​ទៅ​បារាំង មាន​ចំនួន ៥​នាក់ ។

មាន​ប្រជាជន​កម្ពុជា​ប្រមាណជា ១​លាន ៧​សែន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការ​សម្លាប់​រង្គាល ការងារ​ហួស​កម្លាំង ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល និង​ខ្វះ​ចំណីឤហារ ក្នុង​របប​ខ្មែរក្រហម ដែល​បាន​កាន់កាប់​អំណាច​ពី​ឆ្នាំ ១៩៧៥ ដល់​ដើម​ឆ្នាំ ១៩៧៩ ។

ទាំង​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ​បាន​ជំរុញ​ឱ្យ​មាន​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឱ្យ​បាន​ឆាប់​រហ័ស ដោយសារតែ​មេដឹកនាំ​ទាំងនោះ កាន់តែ​មាន​វ័យ​ចំណាស​ណាស់​ទៅហើយ ហើយ​និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ៕

អត្ថបទ​ដែល​ទាក់ទង

សាយ បូរី លាលែង​ពី​ការងារ​ការពារ​ក្ដី​ឲ្យ​អតីត​មេ​ខ្មែរ​ក្រហម

សាលាក្តី​ខែ្មរ​ក្រហម​មិន​ទាន់​សម្រេច​ចំពោះ​បណ្តឹង​ឧទ្ធរណ៍​ករណី អៀង សារី

អៀង សារី ស្នើសុំ​លើក​ពេល​សវនាការ​ព្រោះ​បញ្ហា​សុខភាព

មេធាវី៖ អៀង សារី ទំនង​មិន​អាច​ទ្រាំ​អង្គុយ​ស្ដាប់​សវនាការ​ថ្ងៃ​៣០​មិថុនា​បាន​ទេ

សាលាក្ដី​ខ្មែរក្រហម​បើក​សវនាការ​ករណី អៀង សារី នៅ​ថ្ងៃ​៣០ មិថុនា

កិច្ចស្វះស្វែង​រក​ថវិកា​បន្ថែម​សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ចប់​នៅ​ឡើយ

មន្ត្រី​ស៊ើបអង្កេត​អន្តរជាតិ ៤​រូប នៅ​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់​បេសកកម្ម

សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​អន្តរជាតិ​ផ្ដល់​ថវិកា​បន្ថែម​ដល់​សាលាក្ដី​ខ្មែរក្រហម

ជប៉ុន​សម្រេច​ផ្ដល់​ថវិកា​ជិត​៣​លាន​ដុល្លារ​ដល់​សាលាក្ដី​ខ្មែរក្រហម

ខៀវ សំផន ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​ហើយ