អ្នកស្រុករស់នៅខេត្តកំពង់ធំ ស្រុកសន្ទុកនិងស្រុកប្រាសាទសំបូរ បានសម្ដែងការព្រួយបារម្ភអំពីកង្វះស្បៀងអាហារនៅឆ្នាំក្រោយនេះ ក្រោយពីខេត្តនេះបានទទួលគ្រោះធម្មជាតិបំផ្លាញផលដំណាំបន្តបន្ទាប់។
៤-តុលា-២០០៩: ទិដ្ឋភាពទឹកលិចនៅក្នុងភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខែត្រកំពង់ធំ។
ប្រជាជនភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កំពុងនាំគ្នាត្រងត្រីតាមប្រឡាយទឹក ឈ្មោះ សន ណន ឲ្យដឹងថា គាត់ព្រួយជាខ្លាំងដោយសារតែជំនន់ពីរដងផ្ទួនៗគ្នាធ្វើឲ្យស្រូវកំពុងចេញផ្កាហើយនោះ ត្រាំក្នុងទឹកជាងមួយអាទិត្យមកហើយ មិនអាចជួយសង្គ្រោះបានឡើយ។
លោក សន ណន បានឲ្យដឹងថា ៖ «ស្រែតាមជួរៗនេះពីដើមមកមិនដែលលិចទឹកទេ ឥឡូវនេះលិចអស់រលីងហើយ។ រដូវនេះដូចថា ស្រូវវាមូលដើមហើយ វាមិនអាចលូតលាស់បានខ្ពស់ទៀតទេ វារលួយអស់ហើយ។ លិចសាមុនមួយសាហើយ មកមួយសានេះលិចជ្រៅជាងមុនទៀត ម្ខាងខាងណេះហើយនិងខាងណោះវាអស់រលីងទូទៅ។ អស់សង្ឃឹមមែនទែនហើយ ឆ្នាំក្រោយមិនដឹងជាបានអី បើតាមត្រពាំងមើលទៅឃើញតែទឹកហើយនិងមេឃសោះ ទឹកនៅតែជន់ទៅៗយ៉ាងនេះ។ បារម្ភហើយ ទៅឆ្នាំក្រោយមិនដឹងជាបានអីហូបទេ ហើយម៉្យាងទៀតដូចជាអង្ករតាមផ្សារប្រហែលជាឡើងថ្លៃមែនទែន»។
យុវសិស្សឈ្មោះ សយ សៀងឡេង កំពុងមុជទឹកត្រងត្រីដែរ បានឲ្យដឹងថា គេត្រងយកត្រីនេះទៅលក់ទិញអង្ករ ដោយសារតែទឹកជន់ធ្វើឲ្យលិចផ្ទះ ខូចអង្ករស្រូវអស់។ ម្យ៉ាងទៀតសៀវភៅនិងសម្លៀកបំពាក់សម្រាប់ទៅរៀនទទឹកអស់គ្មានសល់។ រីឯស្រូវក្នុងស្រែបានលិចរលួយខូចទាំងស្រុង អស់ស្រូវស្ទូងហើយ៧០អារនោះ។ ក្រុមគ្រួសារគេបារម្ភខ្លាំងពីការខ្វះស្បៀងសម្រាប់ឆ្នាំក្រោយនិងពេលបច្ចុប្បន្ន ដោយសារដីស្រែតិចផង រំពឹងតែផលស្រូវមួយនេះ ហើយក៏គ្មានមុខរបរអ្វីក្រៅពីការធ្វើស្រែប៉ុណ្ណោះ។ ប្រសិនបើឆ្នាំនេះមិនបានផលស្រូវទេ វាអាចប៉ះពាល់ដល់ការសិក្សារបស់គេដែលខំរៀនបានឡើងដល់ថ្នាក់ទី៩ ដោយសារតែជីវភាពរបស់គ្រួសារកំពុងដុនដាបផង បែរជាគ្រោះធម្មជាតិបង្កឲ្យមានការលំបាកបន្ថែម នាំឲ្យរូបគេអាចឈប់រៀន ទៅជួយរកប្រាក់មកជួយគ្រួសារ។
យុវសិស្ស សយ សៀងឡេង បានឲ្យដឹងថា ៖ «ខ្ញុំកំពុងតែក្រីក្រផង គ្រោះធម្មជាតិមកលិចលង់ភូមិស្រុកអ៊ីចេះទៅ ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំងណាស់។ ការសិក្សារបស់ខ្ញុំក៏មិនអាចមានជ័យជម្នះទៅខាងមុខបានដែរ»។
ភូមិទឹកអណ្តូងមានចម្ងាយប្រមាណប្រហែល៣០គីឡូម៉ែត្រចុះពីថ្នល់ជាតិចូលទៅផ្លូវដីក្រហម ដែលបច្ចុប្បន្ននៅពេលដែលវិទ្យុអាស៊ីសេរីទៅដល់ ទឹកបានហៀរហូរលិចលង់ដោយទឹកជំន់ល្ហល្ហេវ។
អាជ្ញាធរក្នុងភូមិទឹកអណ្តូង លោក តូ រឿន បានអះអាងថា ភូមិនេះអ្នកស្រុកមានជីវភាពខ្វះខាតស្ទើរទាំងស្រុង បច្ចុប្បន្នទឹកជន់លិចស្រូវទាំងអស់ទៀត ហើយត្រាំក្នុងទឹកយូរថ្ងៃទៀតនោះ ស្រូវកំពុងចេញផ្កានឹងខូចទាំងស្រុង។ គាត់បារម្ភខ្លាំងពីការដាច់ស្បៀងរបស់អ្នកស្រុក នាពេលច្រូតកាត់ខាងមុខនេះ។
លោក តូ រឿន បានមានប្រសាសន៍ថា ៖ «កាលពីដំបូងដើមឡើយ ចាប់ផ្ដើមធ្វើស្រែសន្ទូងគឺជួលម៉ាស៊ីបូមដាក់ ដល់ពេលសន្ទូងលាស់ពេញធាងល្អ ទឹកជំនន់ចូលដល់តែម្ដង ហើយស្រូវកំពុងផើមផង... លិចហើយជួរនេះ ហើយម៉្យាងទៀតនៅភូមិទឹកអណ្ដូងនេះកំពុងក្រីក្របំផុត រកតែស្មៅគោក៏មិនបានដែរ អង្ករហូបក៏មិនបានដែរ។ សូមរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ឲ្យគាត់ជួយ ជួយជីធ្វើស្រែប្រាំងទៅបន្តទៀត»។
តាមដងផ្លូវក្រួសក្រហមពីស្រុកប្រាសាទសំបូរទៅស្រុកសន្ទុក ក្នុងឃុំទីពោ ស្ទើរគ្រប់ផ្ទះ គំនរឈើកាប់ជាកង់ខ្លីៗមានមុខកាត់ប្រមាណកន្លះម៉ែត្រ និងកូនឈើគ្រប់ប្រភេទ បានតម្រៀបនៅពីមុខផ្ទះ ដែលភាគច្រើនផ្ទះគេសង់ពីកូនឈើបិទបាំងដោយស្បូវភ្លាំង។
អាជ្ញាធរឃុំទីពោ ស្រុកសន្ទុក លោក ចាន់ សារឿន បានឲ្យដឹងថា ថ្មីៗនេះខ្យល់ព្យុះបានបំបាក់ផ្ទះ១០ខ្នង និងបានធ្វើឲ្យស្ត្រីចំណាស់ម្នាក់បានរងរបួស។ លោកបន្តថា ឃុំនេះបានរងគ្រោះធម្មជាតិរាំងស្ងួត ខ្យល់ព្យុះនិងជំនន់ បានបង្កតាមភូមិខ្លះៗ។
លោកថា ក្នុងឃុំទីពោនេះមានអ្នកភូមិ៥០% ក្នុងចំណោម១៦០០គ្រួសារ កំពុងប្រឈមនឹងការដាច់ស្បៀងដោយសារភូមិខ្លះខ្វះដីស្រែបង្កបង្កើនផល ឯភូមិខ្លះទៀតមានដីស្រែ បែរជារាំង បូមទឹកធ្វើស្រែ។ ក្រោយមកទឹកជន់ពីស្រុកខាងលើៗមកជន់លិចស្រូវដែលទើបសាបព្រោះហើយនោះ ប៉ុន្តែស្រូវនោះអាចសង្គ្រោះបាន តែអភ័ព្វដីស្រែក្នុងឃុំនោះទោះបីគ្មានគ្រោះធម្មជាតិក៏ដីស្រែភាគច្រើនខ្សោះគ្មានជីជាតិ ផលស្រូវបានតិចបាវក្នុងមួយហិកតារ ៖ «ក្នុងចំណោម១១ភូមិ ប្រជាពលរដ្ឋជាង៨ពាន់នាក់ អ្នកខ្វះស្បៀង៥០%»។
មេភូមិស្រែស្រម៉ ឃុំទីពោ លោក ញក់ វួន ឲ្យដឹងថា ភូមិនេះមាន១៧០គ្រួសារ គ្រួសារដែលមានដីធ្វើស្រែប្រមាណ៥០%ទៅ៦០%ប៉ុណ្ណោះ។ អ្នកទាំងអស់ប្រកបរបរកាប់ឧសលក់ចិញ្ចឹមជីវិត។ បច្ចុប្បន្នមានគ្រួសារជិតពាក់កណ្តាលកំពុងដាច់ស្បៀង ដោយសារតែគ្មានគោក្របីជួយដឹកជញ្ជូនឈើពីព្រៃមកច្រៀកជាឧសលក់។
លោក ញាក់ វួន បានឲ្យដឹងថា ៖ «ស្លាប់ហើយកន្លែងខ្ញុំនោះ វាលស្រែគ្មានទេ ធ្វើមិនកើតទេ ត្រង់ណាក៏ដីខ្សាច់ៗ ធ្វើអត់កើតទេ។ មួយឆ្នាំៗគេប្រឹងធ្វើណាស់ ប៉ុន្តែធ្វើវាមិនបានផល។ ដីមិនដឹងជាជូរ មិនដឹងជាម៉េច ស្រូវព្រោះទៅវាមិនដុះ...»។
បុរសវ័យក្មេងឈ្មោះ ជួន លិត រស់នៅភូមិស្រែស្រម៉ អះអាងថា តាំងពីរូបគាត់កើតមករហូតដល់ពេលគាត់មានកូន មិនដែលឃើញម៉ែឪគាត់មានដីធ្វើស្រែទេ មានតែរបរចូលព្រៃកាប់ឈើមកច្រៀកជាឧសលក់ប៉ុណ្ណោះ។
បុរស ជួន លិត បន្តថា បារម្ភខ្លាំងនៅពេលមានប្រាក់មិនអាចយកទៅទិញអង្ករមកហូបបាន ដោយសារតែអ្នកមានដីស្រែ ដំណាំស្រូវកំពុងមូលដើមចេញផ្កា បែរជាទឹកជន់លិចទាំងអស់ ៖ «ចង់ការគេទៅ យើងប្រើកម្លាំងយើងដើរកាប់ឧស»។
មេឃុំទីពោ លោក ចាន់ សារឿន ឲ្យដឹងដែរថា ក្នុង១១ភូមិនៃឃុំនេះ អ្នកស្រុកប្រមាណ៨ភូមិបានទៅព្រៃកាប់ឈើធ្វើឧសលក់ចិញ្ចឹមជីវិត។ លោកថា បើទីពឹងតែផលស្រូវមិនអាចចិញ្ចឹមគ្រួសារបានពេញមួយឆ្នាំឡើយ។ លោកថា ទាំងអាជ្ញាធរនិងអ្នកស្រុកស្ទើរតែខ្វះមុខរបរ បានចូលព្រៃកាប់ឈើមកធ្វើឧសលក់ដែរ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់កសិករតាមមូលដ្ឋានអំពីការខ្វះស្បៀងសម្រាប់ឆ្នាំក្រោយនោះ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ លោក ឈន់ ឈាន់ មានប្រសាសន៍ថា គ្រោះមហន្តរាយខ្យល់ព្យុះនិងទឹកជំនន់បានបង្កឲ្យខេត្តកំពង់ធំរងគ្រោះរហូតមានមនុស្សស្លាប់៩នាក់ របួស៣៩នាក់ ក្នុងនោះរបួសធ្ងន់១១នាក់ ខូចផ្ទះអស់៤៩៦ខ្នង បាក់ផ្ទះខូចទាំងស្រុងអស់ជាង១០០ខ្នង ស្រូវបានខូចមិនអាចសង្គ្រោះបាន១៧.០០០ហិកតារ។ លោកអះអាងថា ទោះជាយ៉ាងណាបញ្ហាកង្វះស្បៀងនៅក្នុងខេត្តនេះសម្រាប់ឆ្នាំក្រោយអាចមិនមានបញ្ហាធំដុំឡើយ។
លោក ឈន់ ឈាន់ បានមានប្រសាសន៍ថា ៖ «វាអាចប៉ះពាល់ខ្វះស្បៀងតិចតួចទេ មិនច្រើនប៉ុន្មានទេ ព្រោះថា យើងត្រៀមសម្រាប់ស្រូវបណ្ដេញទឹកនិងស្រូវប្រាំងខ្លះ ហើយក្នុងនោះនៅចំណុចវាលក្រោមដែលជាគោលដៅយើងធ្វើ អ៊ីចឹងយើងអាចធ្វើជំនួសអាហ្នឹងបាន។ សម្រាប់ការខូចខាតហ្នឹង យើងអាចឆ្លើយតបនឹងតម្រូវការហ្នឹងបាន»។
លោកអភិបាលខេត្តកំពង់ធំមានប្រសាសន៍បន្តថា អាជ្ញាធរបានត្រៀមពូជស្រូវប្រាំងនិងស្រូវស្រាលសម្រាប់ធ្វើស្រែប្រដេញទឹកច្រើនតោន ដែលលោកមិនទាន់បានដឹងតួលេខច្បាស់លាស់ ដើម្បីត្រៀមធ្វើស្រែលើដីប្រមាណ២ម៉ឺនហិកតារក្នុងខេត្តនេះសម្រាប់ជួយសង្គ្រោះបញ្ហាស្បៀង៕
ជនរងគ្រោះដោយទឹកជំនន់ប្រមាណ១៥ពាន់គ្រួសារកំពុងដាច់ស្បៀង
អាជ្ញាធរខែត្រសៀមរាបចែកអង្ករជូនអ្នកភូមិជាង៧០០គ្រួសារ
អ្នកភូមិដងរ៉ែកក្នុងខែត្របន្ទាយមានជ័យជួបប្រទះនឹងកង្វះស្បៀង
ព្យុះកេតសាណាធ្វើឲ្យសាលាចំនួន១ពាន់ត្រូវទឹកលិច
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
អាជ្ញាធរគ្រោងជួបប្រជុំរៀបចំផែនការជួសជុលក្រុងសៀមរាប
គ្រោះទឹកជំនន់បំផ្លាញស្រូវប្រមាណ២០ម៉ឺនហិកតារនៅកម្ពុជា
មន្រ្តីអង្គការសេដាក់ខេត្តពោធិ៍សាត់រងការចោទថាមិនមានតម្លាភាព
អ្នកភូមិក្រីក្រនៅពោធិ៍សាត់ចោទអាជ្ញាធរថាមិនមានតម្លាភាព