លោក​គល់​បញ្ញា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​​​កម្ពុជា​ទទួល​​​ពាន​រង្វាន់

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) បាន​ទទួល​ពាន​រង្វាន់«Ramon Magsaysay» ពី​មូលនិធិ​ រ៉ូម៉ាន ម៉ាក់សៃសៃ អាវ័ដ (Romon Magsaysay Award Foundation) ប្រចាំ​ឆ្នាំ ២០១១ ដែល​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​រង្វាន់ «ណូបែល​សន្តិភាព»។

តាម​ប្រកាស​លទ្ធផល​ពាន​រង្វាន់ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា លោក គល់ បញ្ញា គឺ​ជា​ជ័យ​លាភី ១ រូប ក្នុង​ចំណោម​មនុស្ស ៦ នាក់ ដែល​ទទួល​ពាន​រង្វាន់​នេះ។

លោក​ត្រូវ​បាន​ទទួល​ស្គាល់​អំពី​ភាព​ក្លាហាន​ក្នុង​ការ​ដឹកនាំ​អង្គការ​ខុមហ្រ្វែល ធ្វើ​ការ​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​ប្រមូល​ផ្ដុំ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៥ ម៉ឺន​នាក់ (50,000) រួម​គ្នា​បម្រើ​ការងារ​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា និង​បណ្ដុះបណ្ដាល​ពលរដ្ឋ​ខ្មែរ ១៥ ម៉ឺន​នាក់ (150,000) ឱ្យ​បាន​យល់​ដឹង​អំពី​ការងារ​បោះឆ្នោត។

ព័ត៌មាន​នេះ ត្រូវ​បាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​មូលនិធិ​ រ៉ូម៉ាន ម៉ាក់សៃសៃ អាវ័ដ​ សរសេរ​អំពី​ជីវ​ប្រវត្តិ​សង្ខេប​ថា លោក គល់ បញ្ញា​ ធ្លាប់​ជា​កុមារ​ម្នាក់​រស់នៅ​ក្នុង​ភាព​ភ័យរន្ធត់ ក្នុង​​របប​​នយោបាយ​ផ្ដាច់​ការ ​ហើយ​កាល​ពី​លោក​មាន​អាយុ​ទើបតែ​៨​ឆ្នាំ​ ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់ចោល ហើយ​​ភាព​តក់​ស្លុត​របស់​លោក​បាន​ដិត​ដាម​ក្នុង​អារម្មណ៍​រហូត​ដល់​ពេញវ័យ​។ ​ដោយសារ​តែ​លោក​បាន​​ឆ្លង​កាត់​​បទ​​ពិសោធន៏ ក្នុង​របប​ផ្ដាច់ការ​ប្រល័យ​ពូជសាសន៍​ដ៏​រន្ធត់​ដូច្នេះ ​លោក​មាន​គំនិត​មួយ​ចង់​ផ្លាស់​ប្ដូរ​សង្គម ឲ្យ​មាន​សន្តិភាព។

ក្រោយ​ពេល លោក​ គល់​ បញ្ញា បាន​រៀន​ចប់​សកលវិទ្យាល័យ​នៅ​កម្ពុជា លោក​បាន​ចាប់​ផ្ដើម​ចូល​ប្រលូក​ការងារ​សិទ្ធិមនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ​ធ្វើការ​ទាក់ទង​ការ​រៀបចំ​​ការ បោះឆ្នោត​ជា​បណ្ដើរៗ​មក រហូត​ដល់​ឆ្នាំ​១៩៩៨ ​លោក​បាន​ទទួល​ដំណែង​ជា​ នាយ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ ​ដើម្បី​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ​បន្ទាប់​ពី​លោក​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​នយោបាយ​ នៃ​ការ​​ផ្លាស់​​ប្ដូរ​​ការ​អភិវឌ្ឍន៍​​រួច​មក។​

​មូលនិធិ​នេះ​បាន​កោត​​សរសើរ​ស្នាដៃ​លោក គល់ បញ្ញា ថា លោក​​ហ៊ាន​តស៊ូ​ធ្វើការ​ក្រោម​ការ​គំរាម​កំហែង​ក្នុង​របប​នយោបាយ​ផ្ដាច់​ការ ដើម្បី​​ការងារ​​បោះ​ឆ្នោត​​ដោយ​​សេរី ​និង​​ត្រឹមត្រូវ​​នៅ​​កម្ពុជា ​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ប្ដូរ​ពី​របប​នយោបាយ​​កុម្មុយនិស្ត​ មក​របប​ប្រជាធិបតេយ្យ​ នៅ​ឆ្នាំ​១៩៩៣ មក​ទល់​សព្វ​ថ្ងៃ។ ជាពិសេស​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ដែល​លោក​ គល់​ បញ្ញា បាន​អប់​រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ ឲ្យ​យល់​ដឹង​អំពី​នីតិវិធី និង​ដំណើរការ​បោះឆ្នោត រួម​ទាំង​ការ​​ជ្រើសរើស​ និង​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ស្ម័គ្រចិត្ត​ចំនួន ​១ ម៉ឺន​នាក់​ ​សង្កេតការណ៍​ដំណើរ​ការ​បោះឆ្នោត​នៅ​​ស្ថានីយ​​បោះឆ្នោត​ចំនួន​ ៩៥​% ​នៅ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយសេរី ​និង​ត្រឹមត្រូវ។​

មូលនិធិ​ រ៉ូម៉ាន ម៉ាក់សៃសៃ អាវ័ដ បាន​ចាត់​ទុក​ថា ក្នុង​ការងារ​នៃ​គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​ គល់ បញ្ញា បាន​រៀបចំ​បើក​សិក្ខាសាលា​អប់រំ​បុគ្គលិក​ស្ម័គ្រ​ចិត្ត​កម្ពុជា ​ពី​ចំនួន ៥ ម៉ឺន​ទៅ ១ សែន ៥ ម៉ឺន​នាក់ អំពី​ចំណេះដឹង​នានា ទាក់ទង​នឹង​ដំណើរការ​ចុះ​ឈ្មោះ និង​ដំណើរការ​បោះឆ្នោត ​រួម​ទាំង​បាន​បណ្ដុះបណ្ដាល​អ្នកសង្កេតការណ៍​បោះ​ឆ្នោត​ និង​ធ្វើ​​សកម្មភាព​​ផ្សេងៗ ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត​ដោយសេរី ​និង​ត្រឹមត្រូវ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​អធិបតេយ្យ​នៅ​កម្ពុជា ដែល​មូលនិធិ​នេះ ហៅ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា នៅ​​ផុយ​ស្រួយ និង​​ស្ថិត​​ក្នុង​​សភាព​​គ្រោះថ្នាក់។

​មូលនិធិ​ រ៉ូម៉ាន ម៉ាក់សៃសៃ អាវ័ដ ​រំពឹង​ថា ពាន​រង្វាន់​នេះ ដែល​ន័យ​ថា​ ពានរង្វាន់​នៃ​ភាព​ជោគជ័យ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នោះ​ នឹង​ជំរុញ​ឲ្យ​​កម្ពុជា​មាន​អភិបាល​កិច្ច​ល្អ និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ ទៅ​អនាគត ៖ «​ក្នុង​ការ​ជ្រើសរើស​ គល់ បញ្ញា ដើម្បី​ទទួល ពានរង្វាន់ រ៉ូម៉ាន ម៉ាក់សៃសៃ ឆ្នាំ ២០១១ នេះ ក្រុមប្រឹក្សា​គ្រប់គ្រង​ បាន​ទទួល​ស្គាល់ ការ​ប្ដេជ្ញា​ចិត្ត និង​ភាព​ក្លាហាន​ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​របស់​គាត់ ដើម្បី​ទ្រទ្រង់​យុទ្ធនាការ​បំភ្លឺ​ រៀប​ចំ និង​ត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ​ ដើម្បី​ធានា​ការបោះឆ្នោត​ដោយសេរី​និង​ត្រឹមត្រូវ ព្រមទាំង​ទាមទារ​ឲ្យ​ការ​ដឹកនាំ​គ្រប់​គ្រង​​​មាន​តម្លាភាព​ ពី​មន្ត្រី​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​តាំង​ឡើង ក្នុង​ការ​​ធានា​បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​កំពុង​ចាប់​ពន្លក​​នៅ​ក្នុង​កម្ពុជា​សព្វថ្ងៃ»។​​

ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ទទួល​ពានរង្វាន់​នេះ លោក​ គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​រំភើបចិត្ត ហើយ​ពានរង្វាន់​នេះ​នឹង​ជំរុញ​ឲ្យ​លោក​ខិតខំ​ធ្វើការ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ឲ្យ​ស័ក្ដិសម​និង​កិត្តិយស ​ដែល​ទទួល​បាន​រង្វាន់​នេះ​ ដោយ​លោក​បាន​រិៈគន់ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ខ្សោយ​នៅ​ឡើយ​​​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​បន្ថែម​ ៖ «​ខ្ញុំ​មាន​កិត្តិយស​ធំ​មែនទែន ហើយ​មាន​មោទនភាព​មែនទែន​ដែល​បាន​ទទួល​រង្វាន់​នេះ គឺថា​វា​មាន​សារៈសំខាន់​ណាស់ ចំពោះ​ពានរង្វាន់​នេះ​។ ហើយ​ខ្ញុំ​គិត​ថា ពាន​រង្វាន់​នេះ​ធ្វើ​ឲ្យ​ខាង​ខ្ញុំ​ខិតខំ​ធ្វើការ​ថ្មី​មួយទៀត​ ដើម្បី​ធានា​ការបោះ​ឆ្នោត​នឹង​ឲ្យ​ល្អ​ប្រសើរ​ ដោយ​​សេរី យុត្តិធម៌ ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ដំណើរការ​ល្អ»។

ចំពោះ​ការ​រិៈគន់​ប្រព័ន្ធ​បោះឆ្នោត​នេះ លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បោះឆ្នោត​ជាតិ ហៅ​កាត់​ថា គ.ជ.ប ​កំពុង​ធ្វើ​ការ​កែ​ទម្រង់​ជា​បណ្ដើរ​ហើយ​ តែ​មិន​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ដែល​លោក គល់ បញ្ញា ចង់​បាន​នោះ​ទេ។ តែ​យ៉ាងណាក្ដី លោក ទេព នីថា សម្ដែង​ការ​អបអរ​ចំពោះ​លោក គល់ បញ្ញា ដែល​ទទួល​ពានរង្វាន់ រ៉ូម៉ាន ម៉ាក់សៃសៃ ​ឆ្នាំ​២០១១​នេះ។

លោក​ ទេព នីថា ៖ «យើង​ខ្ញុំ​ជា​អ្នក​រៀប​ចំ​បោះ​ឆ្នោត​ដូចគ្នា ហើយ​ម្យ៉ាង​ទៀត​ក៏​ជា​ខ្មែរ​ដូច​គ្នា ខ្ញុំ​អបអរ​សាទរ​ចំពោះ​លទ្ធ​ផល​ដែល​កាត់​ធ្វើ​បាន​នេះ​ ហើយ​សង្ឃឹម​ថា ការ​បាន​ទទួល​ពានរង្វាន់​នេះ​ គាត់​អាច​នឹង​រួម​សហការ​បន្ថែម​ទៀត​ជាមួយ គ​.ជ​.ប​ តាម​តួនាទី​របស់​គាត់​ ដើម្បី​ពង្រឹង​ និង​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុ​ជា​ឲ្យ​កាន់​តែ​​ប្រសើរ»។​

ឈ្មោះ​មូលនិធិ​ពានរង្វាន់​ រ៉ូម៉ាន ម៉ាក់សៃសៃ អាវ័ដ ត្រូវ​បាន​បង្កើត​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​ហ្វីលីពិន ឈ្មោះ រ៉ូម៉ាន ម៉ាក់សៃសៃ ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយ នៅ​ឆ្នាំ ១៩៥៧។ មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​លោក រ៉ុឃី​ហ្វីលើ ក្នុង​បំណង​រំលឹក​គុណូបការៈ និង​គំរូ​ល្អ ព្រម​ទាំង​អំពើល្អ​របស់​លោក​ប្រធានាធិបតី កាល​នៅ​រស់ លោក​បាន​បំពេញ​ការងារ​ដ៏​ថ្លៃ​ថ្លា​នៅ​ក្នុង​សង្គម​​ដូច​ជា​ ការ​គោរព​តម្លៃ​​របស់​មនុស្ស​ជាតិ និង​អប់រំ​មនោគម​លទ្ធិ​ប្រជាធិបតេយ្យ។

លោក គល់ បញ្ញា នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង ម៉ានិល (Manila) ប្រទេស​ហ្វីលីពិន (Philippine) ដើម្បី​ទទួល​រង្វាន់​នេះ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១៕