មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាមួយ​មន្ត្រី​អាមេរិក

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) នឹង​មក​ទស្សនកិច្ច​ជា​ថ្មី​ទៀត​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១២។

0:00 / 0:00

ស្រប​ពេល​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​គម្រោង​ស្នើ​សុំ​ឲ្យ​លោក ខឺត ខែមប៊ែល គប្បី​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​រិះគន់​ថា មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រជាពលរដ្ឋ ដូច​ជា​ការ​រឹប​អូស​ដីធ្លី ការ​បាញ់​សំលាប់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួក​គាត់​ងើប​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី និង​ការពារ​ព្រៃ​ឈើ​កន្លង​មក។

បញ្ហា​ទាំង​អស់​នេះ​លោក​ចង់​ឲ្យ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ ពិភាក្សា​ជាមួយ​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ឈប់​បញ្ហា​ទាំង​នោះ៖ «ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ដែល​យើង​មិន​អាច​អត់​អោន​ទោស​ឲ្យ​ទេ ជា​ពិសេស​មហា​អំណាច​អាមេរិក ដែល​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​សូម​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ នេះ​ជា​ចំណុច​ទី​១​ធំ។ ចំណុច​ទី​២ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ ការ​បោះ​ឆ្នោត​នេះ​ក៏​ត្រូវ​តែ​ប្រាប់​ទៅ​រដ្ឋាភិបាល​ខ្មែរ​ថា ការ​បោះ​ឆ្នោត​ណា​មួយ​ដែល​មិន​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ វា​នាំ​មក​នូវ​ការ​បះបោរ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការ​រឹប​យក​ដីធ្លី និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កន្លង​មក។

លោក យឹម សុវណ្ណ៖ «ឥឡូវ​នេះ​មាន​ការ​បាញ់​សំលាប់​អ្នក​ស្នេហា​ជាតិ ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដូច​សម័យ​ខ្មែរ​ក្រហម។ មើល​នៅ​ក្នុង​ឃុំ​កំពង់ដំរី បាញ់​សំលាប់​ក្មេង​ស្រី ចាប់​សម្រាត​ប្រជាពលរដ្ឋ​ស្រ្តី ...​នេះ​ជា​ទង្វើ​អមនុស្សធម៌ ដែល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ ដូច្នេះ​សុំ​ឲ្យ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង ហើយ​និង​ក្រសួង​ការបរទេស​ខ្មែរ ជជែក​រឿង​ហ្នឹង ដោះស្រាយ​បញ្ហា​ហ្នឹង​កុំ​ទុក​ឲ្យ​ស្ថានភាព​បែប​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​ត​ទៅ​ទៀត»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា លោក ខឺត ខែមប៊ែល នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ប្រធានបទ​នៃ​ការ​ជួប​ពិភាក្សា​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា លោក ស៊ន ម៉ាក្ខិនថស ( Sean McIntosh ) បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក ( Email ) នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា៖ លោក ខឺត ខែមប៊ែល នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ស្ដីពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ផ្ដោត​លើ​ទន្លេ​មេគង្គ​ក្រោម។ កិច្ច​ប្រជុំ​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​កន្លង​មក

លោក ស៊ន ម៉ាក្ខិនថស បាន​មាន​ប្រសាសន៍​ទៀត​ថា លោក ខឺត ខែមប៊ែល គ្រោង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មួយ​ចំនួន ផ្ដោត​លើ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

លោក ខឺត ខែមប៊ែល ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រួច​ម្តង​ហើយ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​រឹត​ចំណង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ជាមួយ​សហរដ្ឋ​អាមេរិក។

ទស្សនកិច្ច​របស់​លោក ខឺត ខែមប៊ែល មក​ប្រទេស​កម្ពុជា នៅ​ពេល​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ដំណើរការ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ រយៈពេល ១៥​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។