ប្រជាជនមួយចំនួនក្នុងឃុំព្រៃអំពក និងឃុំព្រៃរំដេង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលគ្មានថវិកាជីកអណ្តូងស្នប់ បាននាំគ្នាប្រើប្រាស់ទឹកអណ្តូងយោងដែលប្រើដោយដៃ និងកកាយដីបាតប្រឡាយយកទឹកប្រើប្រាស់។
ស្រ្តីអ្នកភូមិបីនាក់បានឲ្យដឹងថា ឲ្យតែដល់រដូវប្រាំងពួកគាត់ត្រូវតែរត់រកទឹកដល់ភូមិផ្សេងៗសម្រាប់យកមកប្រើប្រាស់និងទទួលទាន ដោយត្រូវចំណាយពេលស្ទើរពេញ១ថ្ងៃដើម្បីបានទឹកយកមកប្រើ ៖ «ក្រុមគ្រួសារបងប្អូនប្រហែល១០ផ្ទះនៅម្ដុំហ្នឹង ប្រើទឹកហ្នឹងទាំងអស់ ឥឡូវវារីងល្អក់ ទឹកក្រហមអ៊ីចឹងរហូត។ ដល់ខែហ្នឹងទៅអូសឆ្ងាយណាស់។ ទឹកអណ្ដូងក៏គ្មានដូចតែគ្នា អង្គុយចាំគ្នាអ៊ីចឹងទៅ អណ្ដូងជីករីងទៅប្រើអណ្ដូងស្នប់ បើអណ្ដូងស្នប់ខូចគេធ្វើឲ្យចេញ១ពាន់ៗបានសប់នឹងគេទៀត។ ទៅដងខ្លួនឯង រែកខ្លួនឯង។ ខ្ញុំគ្រាន់តែដាំបាយ ងូតតែប៉ុណ្ណឹងឯង។ ពិបាកខែមាឃ ផល្គុន ចេត្រ បីខែហ្នឹង»។
ស្រ្តីទាំងបីរូបនេះបានឲ្យដឹងទៀតថា ទឹកអណ្ដូងដៃខ្លះល្អក់ ពណ៌ច្រេះដែក ឯអណ្តូងខ្លះទៀតទឹកពណ៌ឡើងខៀវល្អក់ខាប់ បើចង់ដងទុកហូបទាល់តែដងដាក់ពាងទុកឲ្យរងថ្លា រង់ចាំ៣-៤ថ្ងៃ និងកូរសាជូរផងទើបយកទៅដាំទទួលទានបាន។
ប៉ុន្តែស្រ្តីម្នាក់ឈ្មោះ ហាង ខុន រស់នៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ បានឲ្យដឹងថា ទោះជាដាំឲ្យពុះហើយក្តី ក៏ពេលទទួលទានទៅធ្វើឲ្យកើតរោគរាកនិងចុកពោះម្តងម្កាលដែរ ៖ «ដាំដែរតែមិនឈ្នះ។ ផឹកឈឺពោះ ព្រោះទឹកហ្នឹងកូរសាជូរ។ បើមិនហូបវាស្រេកពេក អ៊ីចឹងផឹកអាហ្នឹងសិនទៅទម្រាំដាំបានផឹក។ មកពីខ្វះខាតអនាម័យរឿងទឹកហ្នឹង ខ្ញុំឈឺព្រោះតែទឹកហ្នឹង បានជាស្គមហើយឈឺរហូត»។
មេភូមិត្រពាំវែង ឃុំព្រៃរំដេង លោក ស៊ូ នីម ឲ្យដឹងថា ក្នុងភូមិនោះគ្មានប្រភពទឹកទេ មានអណ្តូងបុរាណយោងដៃតែ២កន្លែងប៉ុណ្ណោះ និងបានទទួលស្គាល់ថា ដោយសារតែគ្មានទឹកគ្រប់គ្រាន់វាអាចប៉ះពាល់ដល់ការរក្សាអនាម័យនិងសុខភាពអ្នកភូមិផងដែរ។
ពាក់ព័ន្ធបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នោះ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ៅ សារ៉ាយ បានឲ្យដឹងថា តាមជនបទមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់៦០% ទោះបីជារដ្ឋាភិបាលនិងក្រសួង ព្រមទាំងអង្គការនិងសប្បុរសជននានា បានជួយផ្តល់ប្រភពទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតាមខេត្តក្រុងមួយចំនួនក្នុងរយៈពេលកន្លងមកនេះក្តី។
មន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ ក៏បានបញ្ជាក់ដែរថា ថវិកាចំនួន១៨លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ផ្តល់សម្រាប់គម្រោងផ្គត់ផ្គង់ទឹកជនបទ កំពុងអនុវត្ដនៅក្នុងខេត្ត៥ជុំវិញបឹងទន្លេសាប។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់អ្នកស្រី អ៊ុក សាវបូរី ស្ដីពីបញ្ហាខាងលើនេះ ៖
