បញ្ហា​ការខ្វះខាត​បង្គន់​អនាម័យ​នៅ​ក្នុង​ស្រុក​សំបូរ ខែត្រ​កំពង់ចាម

ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ភាគ​ច្រើន​បំផុត​មិន​មាន​បង្គន់​អនាម័យ​សម្រាប់​បន្ទោបង់​ទេ ពីព្រោះតែ​ភាព​ខ្វះខាត​ជីវភាព ។

0:00 / 0:00

«បត់​ដៃ​បត់​ជើង​ក្រោយ​ផ្ទះ​ហ្នឹង ចប​អី​ជីក​កប់​ទៅ ធ្វើ​ម៉េច​បើ​យើង​វា​អត់​ហើយ ។ អត់​ច្រើន​មែនទែន... ទៅ​តាម​បង្គន់​វាល​ស្រែ» ៖ នេះ​ជា​ការបញ្ជាក់​ប្រាប់​របស់​អ្នក​ជនបទ ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម អំពី​បញ្ហា​ខ្វះ​បង្គន់​អនាម័យ​ប្រើប្រាស់​ដែល​គេ​យល់​ថា ជា​ប្រការ​មួយ​បង្ក​ភាព​មិន​ស្អាត​នៅ​ជុំវិញ​បរិស្ថាន​នៃ​ការរស់នៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​គេ​ដូច​ជា​កើត​ជំងឺ​រាករូស​ជាដើម ។

នៅ​តាម​ដងផ្លូវ​ថ្នល់​ដី​មួយ​នៃ​ភូមិ​សំបូរ​ដែល​អម​ទៅ​ដោយ​ផ្ទះ​ខ្ទម​ជា​ច្រើន​ដែល​ខ្លះ​មាន​ដំបូល​ប្រក់​ស្លឹក សង់​ផ្ទាល់​នឹង​ដី ខ្លះ​ទៀត​ខ្ពស់​ផុត​ពី​ដី​បន្តិច​ដំបូល​ប្រក់​ស័ង្កសី ស្ត្រី​មួយ​រូប​ឈ្មោះ សេង ចំរ៉ុង ដែល​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​មួយ​ក្នុង​ចំណោម​ផ្ទះ​ខ្ទម​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​នោះ​យ៉ាង​ដូច្នេះ​ថា ទាក់ទង​នឹង​បញ្ហា​បង្គន់​អនាម័យ​បើ​តាម​ការសង្កេត​របស់​គាត់ គឺ​ថា​អ្នក​ភូមិ​នៅ​ទី​នេះ​ភាគ​ច្រើន​ណាស់​មិន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ទេ ដូច​ជា​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ជាដើម ដែល​សព្វថ្ងៃ​នេះ​បើ​ត្រូវការ​បន្ទោបង់​ម្ដងៗនោះ​គឺ​ត្រូវ​រត់​ទៅ​បន្ទោបង់​នៅ​ឯ​ទី​វាល​ស្រែ​ខាង​ក្រោយ​ផ្ទះ ។

ស្រ្ដី​ដដែល​បាន​បន្ត​ទៀត​ថា រូប​គាត់​ក៏​បាន​យល់​ខ្លះៗ​ដែរ​ថា បើ​ធ្វើការ​បត់​ដៃ​បត់​ជើង​ចោល​លាមក​ពាស​វាល​ពាស​កាល​បែប​នោះ គឺ​ពិត​ជា​ឆ្លង​មេរោគ​ដែល​ហូរ​តាម​ទឹក​ស្រែ​នោះ​មក​វិញ ក៏ប៉ុន្តែ​មិន​ដឹង​ជា​ធ្វើ​ដូចម្ដេច​ទេ ពីព្រោះ​គ្រួសារ​គាត់​មាន​ជីវភាព​ក្រីក្រ​មិន​មាន​លទ្ធភាព​សង់​បង្គន់​អនាម័យ​បាន​ទេ ។

ស្ត្រី​ឈ្មោះ សេង ចំរ៉ុង បាន​ឲ្យ​ដឹង​ថា ៖ «មាន​ការខ្វះខាត មាន​លុយ​ពី​ណា​មក រវល់​តែ​រក​បង្គន់​អនាម័យ​ពី​ណា​មក ។ ផ្ទះ​គេ​អ្នក​មាន​លុយ​ទៅ គេ​ធ្វើបង្គន់ យើង​អត់​ទេ យើង​ទៅ​តាម​វាល​ស្រែ​ទូទៅ អត់​ច្រើន»

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ ស្រ្តី​មួយ​រូប​ទៀត​ឈ្មោះ គង់ សុផល បាន​ឲ្យ​ដឹង​ថា​បញ្ហា​រក្សា​អនាម័យ​ដើម្បី​សុខភាព​គ្រួសារ​ផ្ទាល់ ក៏​ដូច​ក្នុង​ភូមិ​សំបូរ​ដូច​ជា​ការបន្ទោបង់​ក្នុង​បង្គន់​អនាម័យ​ជា​ដើម​នោះ ទាំង​រូប​គាត់​ក៏​ដូច​ជា​អ្នក​ឯ​ទៀត​នៅ​ក្នុង​ភូមិ​នេះ​គឺ​បាន​យល់ដឹង​ច្រើន​ដែរ ដោយ​មាន​អង្គការ​មួយចំនួន​គេ​បាន​ចុះ​មក​អប់រំ​ណែនាំ ក៏ប៉ុន្តែ​ការចេះដឹង​នោះ​គឺ​បាន​ត្រឹមតែ​យល់ឃើញ​ប៉ុណ្ណោះ មិន​អាច​ធ្វើ​អ្វី​បាន​ឲ្យ​ហួស​ពី​នេះ​ឡើយ ពីព្រោះ​សព្វថ្ងៃ​សេចក្តី​ខ្វះខាត​ក្នុង​ការចិញ្ចឹម​ជីវិត​រស់នៅ​គឺ​មាន​ទំហំ​ធំធេង​ណាស់ ដូច្នេះ​គេ​មិនសូវ​នឹកនា​ដល់​ការថែរក្សា​អនាម័យ​នោះ​ទេ ៖ «គ្មាន​ស្អី​បន្តិច​ទេ រក​តែ​អង្ករ​ស៊ី​មិន​ចង់​បាន​ផង ។ ...​ទៅ​តាម​វាល​ស្រែ»

ចំពោះ​ការខ្វះខាត​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ គឺ​មិនមែន​កើត​មាន​តែ​នៅ​ទី​កន្លែង​នោះ​ទេ ក្រៅពី​នេះ​គឺ​គេ​ឃើញ​មាន​នៅ​ទី​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​ខេត្ត ដូច​ជា​នៅ​ស្រុក​ដំបែ និង​ស្រុក​ពញាក្រែក ។

មន្ត្រី​មួយ​រូប​របស់​អង្គការ Plan International លោក ស៊ីវី បូឡា បាន​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ស្រុក​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​នោះ​មាន​បង្គន់​អនាម័យ​ប្រើបា្រស់​ប្រមាណ​តែ​២%​ប៉ុណ្ណោះ ។

លោក​បាន​បន្ត​ថា​បញ្ហា​ជីវភាព​ក្រីក្រ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ក្នុង​ការសាងសង់​បង្គន់​អនាម័យ ក៏ប៉ុន្តែ​បើ​គេ​ពិនិត្យ​ទៅ​ឃើញ​មាន​កត្តា​ផ្សេង​ទៀត​ដែរ​ដែល​អ្នក​ស្រុក​មួយចំនួន​ហាក់​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការរក្សា​អនាម័យ​ធ្វើការ​បន្ទោបង់​ក្នុង​បង្គន់​នោះ​ឡើយ ពីព្រោះ​ថា​កន្លងមក​មាន​អង្គការ​ជា​ច្រើន​បាន​ចូលរួម​ជួយ​ផ្ដល់​បង្គន់​អនាម័យ រួម​មាន​ចាន​បង្គន់ ក៏ប៉ុន្តែ​អ្នក​ស្រុក​ខ្លះ​បាន​យក​ទៅ​ទុក​ចោល ។

លោក ស៊ីវី បូឡា បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​នេះ​គេ​មាន​យុទ្ធសាស្រ្ដ​មួយ ជំរុញ​អ្នក​ភូមិ​ថា​គាត់​មាន​បញ្ហា​អី​ខ្លះ​ដែល​ទាក់ទង​រឿង​សេដ្ឋកិច្ច គាត់​ចំណាយ​ទៅ​លើ​ការឈឺថ្កាត់​អី យើង​បាន​ជំរុញ​កត្តា​ខាង​ហ្នុង​វិញ ហើយ​ដល់​ពេល​អ៊ីចឹង​ទៅ​គាត់​យល់ គាត់​អាច​ធ្វើ​បង្គន់​តាម​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ។ ហើយ​ខាង​យើង​អត់​មាន​អី​ផ្ដល់​ជូន​គាត់​ទេ គ្រាន់​ថា​ឲ្យ​គាត់​យល់​ពី​បញ្ហា»

នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​សុខភាព​នៅ​កម្ពុជា ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា MEDICAM ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​មួយ​គ្រប​ដណ្ដប់​ផ្នែក​អនាម័យ​នៅ​តាម​ជនបទ​មាន​កម្រិត​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ពិភពលោក ។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា ១៦%​នៃ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ជនបទ​នៃ​ប្រទេស​នេះ ឬ​មាន​ចំនួន​ប្រមាណ​តែ​ពីរ​លាន​នាក់​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​អនាម័យ​ជា​មូលដ្ឋាន នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រហែល​១០​លាន​នាក់​ទៀត ត្រូវតែ​បន្ទោបង់​លាមក​នៅ​ក្រៅ​បង្គន់ ។

ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក​វេជ្ជបណ្ឌិត ជា សំណាង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា កន្លងមក​ក៏​ដូច​សព្វថ្ងៃ​គឺ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រួម​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ជនបទ​ឲ្យ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ប៉ុន្តែ​ការជួយ​នោះ​មិន​បាន​គ្រប់គ្រាន់​ទេ​គឺ​នៅតែ​មាន​ការខ្វះខាត ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបូរ ស្រុក​បាធាយ​នោះ​ជាដើម ។

លោក​បាន​បន្ត​ថា​កត្ដា​ដែល​មិន​ទាន់​អាច​ផ្ដល់​ឲ្យ​បាន​គ្រប់គ្រាន់​ពីព្រោះតែ​បញ្ហា​ខ្វះខាត​ថវិកា​របស់​ក្រសួង ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មក​ដល់​ពេល​នេះ គេ​ឃើញ​ក្រសួង​ផែនការ​កំពុងតែ​រៀប​គម្រោង​មួយ​ទាក់ទង​នឹង​ការបង្កើន​បង្គន់​អនាម័យ​នៅ​តាម​ជនបទ ។

លោក​វេជ្ជបណ្ឌិត ជា សំណាង បាន​បញ្ជាក់​ថា ៖ «មាន​នៅ​ក្នុង​ផែនការ​របស់​យើង នៅ​ក្នុង​ឆ្នាំ ២០១០ យើង​គ្រោង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន ២០% មាន​ន័យ​ថា​ឲ្យ​ប្រជាជន​ជនបទ គាត់​មាន​លទ្ធភាព​អាច​ប្រើប្រាស់​បង្គន់​បាន ឲ្យ​បាន​ដល់ ២០% ហើយ ២០១៥ យើង​ធ្វើ​ឲ្យ​បាន ៣០% ។ ឥឡូវ​ហ្នឹង​យើង​ឈរ​នៅក្នុង ១៦% កាលណា... ចេញ​ហើយ ឆ្នាំ​ក្រោយ​យើង​គិត​ថា ប្រហែល​ជា​មាន​លទ្ធផល​បណ្ដោះអាសន្ន​ចេញ តួលេខ​បង្គន់ ប្រហែល​ជា​អាច​កើនឡើង ប៉ុន្តែ​កើនឡើង​ប៉ុន្មាន យើង​មិន​ទាន់​ហ៊ាន​ថា​ទេ»

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សុខភាព​នៅ​កម្ពុជា ឬ​ហៅ​ថា MEDICAM បាន​បញ្ជាក់​ដែរ​ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ដែល​កម្ពុជា​កំណត់​ថា ៣០% នៃ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជនបទ​នឹង​បាន​ទទួល​សេវាកម្ម​អនាម័យ​ជនបទ​នៅ​ឆ្នាំ​២០១៥​នោះ គឺ​យ៉ាង​ហោច​ណាស់​គេ​ត្រូវការ​សាងសង់​បង្គន់​អនាម័យ​ឲ្យ​បាន​ចំនួន ៦០.០០០​បង្គន់​ក្នុង​មួយ​ឆ្នាំៗ ដោយ​ចាប់ផ្តើម​សង់​តាំងពី​ពេល​នេះ​ត​ទៅ ។

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ​នៃ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ប្រាប់​ដែរ​ថា គេ​មិន​មាន​លទ្ធភាព​សង់​បង្គន់​អនាម័យ​បាន​ដោយ​ខ្លួនឯង​ឡើយ ហេតុ​ដូច្នេះ​គេ​ចង់​សុំ​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​និង​អង្គការ​នានា ឲ្យ​ជួយ​ផ្តល់​បង្គន់​អនាម័យ​ដល់​ពួក​គាត់​ផង​ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​បាន​ខ្លះ និង​ក៏​ដូច​ជា​ជួយ​លើកកម្ពស់​សុខភាព​របស់​ពលរដ្ឋ​ជនបទ​នៅ​ទី​នោះ​បាន​មួយ​កម្រិត ៕