មន្ត្រីអង្គការសង្គមស៊ីវិលបានស្រាវជ្រាវរកឃើញស្ត្រីដែលត្រៀមខ្លួនទៅបម្រើការនៅប្រទេសម៉ាឡេស៊ី ហើយបានលួចរត់ដោយសម្រូតខ្លួនចុះពីលើអគារក្រុមហ៊ុនវីស៊ី មែនផៅវ័រ (VC Man Power) បណ្ដាលឲ្យរងគ្រោះថ្នាក់កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅនោះហើយ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានប្រាប់ឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញាថា ក្រុមការងាររបស់លោកបានរកឃើញស្ត្រីម្នាក់ឈ្មោះ វណ្ណ ស៊ីនួន អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលគ្រោះថ្នាក់សម្រូតខ្លួនជាមួយខ្សែទុយយោចុះពីលើអគារនោះហើយ កាលពីថ្ងៃទី៧ ខែកញ្ញា នៅក្នុងគ្លីនិកមួយ ឈ្មោះ សាគីលីន ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក មឿន តុលា មានប្រសាសន៍ថា ៖ «បើសិនជាយើងមើលការរត់គេចរបស់គាត់ហ្នឹង មើលរូបភាព គឺគាត់រត់គេចដោយខ្លួនឯងមែន ក៏ប៉ុន្តែគាត់រងសម្ពាធ។ វាជាបន្ទុករបស់ក្រុមហ៊ុនដែលត្រូវទទួលខុសត្រូវ។ ពួកខ្ញុំកំពុងតែជជែកគ្នាជាមួយខាងអង្គការលីកាដូ ហើយជួបជាមួយខាងអាជ្ញាធរ សហការគ្នាជួបជាមួយក្រុមហ៊ុន...»។
លោកបន្តថា ក្រុមហ៊ុនវីស៊ី មែនផៅវ័រ បានព្យាយាមចង់ការពារ និងយកនារីរងគ្រោះត្រឡប់មកវិញ ប៉ុន្តែលោក និងក្រុមការងារបានហាមឃាត់ និងសុំឲ្យនារីនោះសម្រាកព្យាបាលរបួស ហើយរង់ចាំក្រុមគ្រួសារសាច់ញាតិរបស់នាងមកជួបសួរសុខទុក្ខសិន។
ស្ត្រីឈ្មោះ វណ្ណ ស៊ីនួន ដែលរងគ្រោះលួចសម្រូតខ្លួនចុះពីលើអគារក្រុមហ៊ុនជាន់ទី៣ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យថា ដោយសារតែពិបាករស់នៅក្នុងមណ្ឌលហ្វឹកហ្វឺនការងារនោះ និងសុំអ្នកគ្រប់គ្រងក្រុមហ៊ុនត្រឡប់ទៅស្រុកវិញ គេតម្រូវឲ្យសងប្រាក់ ៨០០ដុល្លារ ហើយគាត់នឹកកូនខ្លាំងពេក គាត់ក៏សម្រេចចិត្តលួចរត់ដោយវិធីនេះ។
ស្ត្រីរូបនេះបានសំណូមពរឲ្យសង្គមស៊ីវិលជួយដោះស្រាយជាមួយក្រុមហ៊ុន ឲ្យគាត់បានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីមើលថែកូនរបស់គាត់ ៖ «ពេលខ្ញុំតោងទុយយោទៅវារបេះដៃ ទុយយោអត់ជាប់...។ នៅហ្នឹងពិបាក ដេកលើឥដ្ឋ គ្មានអីហូបគ្រប់គ្រាន់...»។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុន វីស៊ី មែនផៅវ័រ មិនទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់ពីបញ្ហានេះឡើយ។
អភិបាលខណ្ឌសែនសុខ លោក ឃួង ស្រេង មានប្រសាសន៍ថា លោកបានធ្វើរបាយការណ៍នេះផ្ញើជូនទៅសាលារាជធានីភ្នំពេញហើយដែរ ៖ «ត្រូវណែនាំទៀត កុំឲ្យក្រុមហ៊ុនមានការកើតឡើងអ៊ីចឹងច្រើនពេក...»។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិលបានឲ្យដឹងថា មជ្ឈមណ្ឌលនាំពលករទៅធ្វើការនៅក្រៅប្រទេស ឬក្រុមហ៊ុនវីស៊ី មែនផៅវ័រ ស្ថិតនៅក្នុងខណ្ឌសែនសុខ នៅថ្ងៃទី៨ ខែកញ្ញា បានជម្លៀសពលករដែលកំពុងហ្វឹកហ្វឺនការងារនៅក្នុងមណ្ឌលប្រមាណជាង ១០០នាក់ ចេញពីស្នាក់ការនេះទៅដាក់សាខាផ្សេងទៀត និងបានបិទទ្វារចាក់សោចោល។
ក្រុមសង្គមស៊ីវិល និងធ្វើការអង្កេតក្រុមហ៊ុននេះបន្តទៀត បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីស្ត្រីរងគ្រោះថា មានពលករខ្លះមានអាយុក្រោម ១៨ឆ្នាំ កំពុងស្នាក់នៅក្នុងមណ្ឌលនេះ និងមានពលករខ្លះទៀត កំពុងធ្លាក់ខ្លួនឈឺដើរមិនរួច ដោយសារតែបរិភោគអាហារខ្វះជីវជាតិ៕
