គ្រួសារប្រជាពលរដ្ឋខែ្មរមួយចំនួននៅក្នុងចំណោមគ្រួសារកសិករជាច្រើនរយគ្រួសារ នៅក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រតិកម្មជាថ្មីទៀតឲ្យដឹងថា គ្រឿងចក្ររបស់ក្រុមហ៊ុនចំការកៅស៊ូពាមជាំងជាច្រើនគ្រឿង កំពុងតែបន្តឈូសឆាយដីនិងជីកប្រទ្បាយបំផ្លាញដំទ្បូងមីនិងស្វាយចន្ទីរបស់គាត់ជាច្រើនហិកតាដោយគ្មានសំណងអ្វីទ្បើយ។
ប្រជាពលរដ្ឋឈ្មោះ ប្រាំង សំណាង រស់នៅក្នុងភូមិតាសួស ឃុំត្រោះ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានដីចំការដំទ្បូងមីចំនួន២ហិកតាររងការឈូសបំផ្លាញដោយក្រុមហ៊ុន បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងច័ន្ទ ទី៤ ខែមករា ឆ្នាំ២០១០នេះថា ៖ «មិនមែនតែដំឡូងខ្ញុំទេ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិតាសួស គឺប៉ះពាល់ទាំងអស់គ្នាតែម្ដង»។
សុខ សេរី ៖ តើមានប៉ុន្មានគ្រួសារជាអ្នករងគ្រោះ? ប្រាំង សំណាង ៖ ច្រើនណាស់! មាននៅភូមិតាសួស១១៥គ្រួសារ ហើយភូមិបឹង១០២ទៀតទៅ។ ដឹងថា ប៉ះពាល់ដំឡូងខ្ញុំនិងដំឡូងប្រជាពលរដ្ឋមួយចំនួន។
អ្នកស្រុកបានអះអាងថា ពួកគេបានធ្វើដំណាំចំការលើដីរបស់ខ្លួនតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា ក្រុមហ៊ុនមានការអនុញ្ញាតក្នុងការធ្វើអាជីវកម្ម។
សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនចំការកៅស៊ូពាមជាំងនៅលើដីរបស់អ្នកស្រុក ក៏បានចាប់ផ្តើមរយៈពេលកន្លះខែមកហើយ ក្រោមកិច្ចការពារដោយក្រុមកម្លាំងប្រដាប់អាវុធ មានដូចជាកងរាជអាវុធហត្ថ នគរបាលនិងយោធាចំនួនប្រមាណ៤០នាក់ កំពុងតែយាមការពារហាមឃាត់មិនឲ្យគ្រួសារប្រជាពលរដ្ឋណាមួយចូលទៅជិត ឬសម្ដែងការតវ៉ារារាំងនោះទេ។
ប្រជាពលរដ្ឋឈ្មោះ សៀក សាង បានថែ្លងថា ៖ «ខ្ញុំមិនដឹងពឹងលើអី ពឹងតែលើដំឡូង ឥឡូវក្រុមហ៊ុនគេឈូសអស់ហើយអ៊ីចឹង ខ្ញុំមិនដឹងគិតយ៉ាងម៉េចទេ។ អ៊ីចឹងបានសំណូមពរទៅរដ្ឋាភិបាលសូមមេត្តាជួយ ប្រជាជនភូមិតាសួសហ្នឹងវេទនាណាស់ រស់ដោយសារដំឡូង ឥឡូវបើគេឈូសឆាយអស់ហើយ បើអ៊ីចឹងមិនដឹងគិតធ្វើម៉េចទេ»។
អតីតមេភូមិតាសួស លោក យា យ៉េង បានមានប្រសាសន៍ថា ៖ «ឥឡូវនេះខ្ញុំមិនទាន់ដឹងថា នរណាខុសនរណាត្រូវទេ ប៉ុន្តែអ្នកដែលកំពុងទទួលរងកម្មហ្នឹងគឺប្រជាពលរដ្ឋតែម្ដង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនចំការកៅស៊ូពាមជាំងបានទេ ដើម្បីសុំការបំភ្លឺអំពីការដោះស្រាយចំពោះការតវ៉ារបស់គ្រួសារប្រជាពលរដ្ឋខាងលើនេះ។
មេឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង លោក ហែម សួន បានមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនចំការកៅស៊ូពាមជាំងនោះ បានទទួលអាជ្ញាប័ណ្ណដាំដើមកៅស៊ូចំនួន៣.៩៦០ហិកតារ តាំងពីឆ្នាំ២០០៧មកម្ល៉េះ។
លោក ហែម សួន មានប្រសាសន៍ដូច្នេះ ៖ «ការជូនដំណឹងវាមិនមែនទើបនឹងឆ្នាំហ្នឹងទេ វាច្រើនឆ្នាំហើយ ប៉ុន្តែប្រជាជនហាក់ដូចជាគាត់ប្រឆាំងនឹងគោលការណ៍ហ្នឹង អ៊ីចឹងដំឡូងដែលគាត់ដកហើយដាំវិញៗ គាត់បំពានដីហ្នឹងមិនព្រមឈប់។ ប៉ុន្តែការជូនដំណឹងពីឯកឧត្ដមអភិបាលខេត្តអី ពីក្រុមហ៊ុន គណៈកម្មការដោះស្រាយទំនាស់ដីធ្លីហ្នឹង គេបានជូនដំណឹងរួចហើយ វាមិនមែនត្រីឆ្ដោស៊ីកូនឯងទេ ប៉ុន្តែគាត់ទេដែលអ្នកប្រឆាំងជាមួយរដ្ឋាភិបាលច្រើនឆ្នាំហើយ»។
គ្រួសារប្រជាពលរដ្ឋបានត្អូញថា ការទៅសម្ដែងការតវ៉ាកន្លងមក បានរងការគំរាមបាញ់សម្លាប់ ឬចាប់ដាក់ខ្នោះដៃដោយឆ្មាំការពារក្រុមហ៊ុននោះ៕
