ជម្លោះ​ដី​ធ្លីនៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឈាន​ដល់​ការផ្ទុះ​អាវុធ

នគរបាល​ស្រុក​សំឡូត​បាន​ថ្លែង​ថា កង​កម្លាំង​យោធា​ភូមិភាគ​៥​បាន​ប្រើ​កាំភ្លើង R15 ពីរ​ដើម និង​កាំភ្លើង​ខ្លី​មួយ​ដើម​បាញ់​បង្ហើរ​ក្បាល​ប្រជាពលរដ្ឋ​២០​គ្រួសារ​ចំនួន​៦​គ្រាប់ ក្រោយពី​មាន​ការប្រឈម​មុខ​តានតឹង​ដាក់​គ្នា​មួយ​ដោយសារ​ជម្លោះ​ដី​ធ្លី។

ហេតុការណ៍​បាញ់​គំរាម​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០០៨ នៅ​ភូមិ​ចម្លង​រម៉ាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​សាងសង់​ខ្ទម​នៅ​លើ​ដី​មួយ​កន្លែង​ដែល​គេ​អះអាង​ថា ជា​ដី​របស់​លោក​វរសេនីយ៍​ឯក ប៉ែន សាវឿន ជា​ទាហាន​ភូមិភាគ​៥ ប្រចាំ​ទិស​ខេត្ត​ពោធិ៍សាត់។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍​ឯក ប៉ែន សាវឿន បាន​បញ្ជា​កូន​ទាហាន​របស់​ខ្លួន​ចំនួន​៦​នាក់​ទៅ​ហាមឃាត់​ក្រុម​អ្នកភូមិ​ចំនួន​២០​គ្រួសារ​មិន​ឲ្យ​សាងសង់​ខ្ទម​លើ​ដី​នោះ ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​ទាំង​២០​គ្រួសារ​ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ​ដេញ​កាប់​ទើប​ទាហាន​ទាំង​៦​នាក់​បាន​ប្រើ​កាំភ្លើង R15 ពីរ​ដើម និង​កាំភ្លើង​ខ្លី​មួយ​ដើម​បាញ់​បង្ហើរ​ចំនួន​៦​គ្រាប់។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរសំរិល លោក អ៊ឹង សំអុល បាន​ថ្លែង​ថា ដី​ទំហំ​ជាង​១០០​ហិកតារ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​ពុះ​ជា​ទំហំ​៥​ហិកតារ ហើយ​បែងចែក​គ្នា​និង​កាន់កាប់​ដោយ​ក្រុម​គ្រួសារ​លោក​វរសេនីយ៍​ឯក ប៉ែន សាវឿន និង​កូន​ទាហាន​របស់​លោក ចំណែកឯ​ប្រជាពលរដ្ឋ​ទាំង​២០​​គ្រួ​សារ​នោះ​រង​ការចោទ​ថា​ជា​ក្រុម​អនាធិបតេយ្យ។

លោក អ៊ឹង សំអុល បាន​មាន​ប្រសាសន៍​ថា ៖ «មិន​មែន​របស់​គាត់​ទាំងអស់​ទេ របស់​កូន​ចៅ​គាត់​ខ្លះ គ្រួសារ​សាច់សាលោហិត​គាត់​ខ្លះ»

ទោះ​ជា​យ៉ាង​ណា​គេ​មិន​អាច​ទំនាក់ទំនង​ភាគី​ប្រជាពលរដ្ឋ​និង​លោក​វរសេនីយ៍​ឯក ប៉ែន សាវឿន ដើម្បី​ធ្វើការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​ទំនាស់​ដី​ធ្លី​ខាង​លើ​រហូត​ដល់​មាន​ការប្រើ​កាំភ្លើង​បាញ់​គំរាម​នេះ​ទេ។

អភិបាល​ស្រុក​សំឡូត លោក ហែន សុផល បាន​មាន​ប្រសាសន៍​ថា ទំនាស់​ដី​ធ្លី​រហូត​ដល់​មាន​ការបាញ់​បោះ​នេះ អាជ្ញាធរ​ស្រុក​មិន​ទាន់​ចេញ​លិខិត​កាន់កាប់​ឬ​ទទួល​ស្គាល់​ភាគី​ណា​មួយ​នៅ​ឡើយ​ទេ។

លោក ហែន សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​ខ្ញុំ​ជា​អាជ្ញាធរ​មាន​សិទ្ធិ​ចេញ​លិខិត​កាន់កាប់​បណ្ដោះអាសន្ន ព្រោះ​ខ្ញុំ​អត់​ទាន់​មាន​ចេញ​សិទ្ធិ​ឲ្យ​អ្នក​ណា​ដែរ»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី បាន​ថ្លែង​ថា យោធា​ទាំង​នោះ​មិន​គួរ​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ទៅ​ប្រជាពលរដ្ឋ​ទេ ហើយ​ថា​បើសិន​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រំលោភ​បំពាន​ទៅ​លើ​ដី​នោះ ពួក​គេ​អាច​ដាក់​ប្តឹង​ទៅ​គណៈកម្មការ​សុរិយោដី​ស្រុក ឬ​ក៏​ប្តឹង​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក យិន ម៉េងលី បាន​ឲ្យ​ដឹង​ថា ៖ «ការបាញ់​បោះ ការប្រើប្រាស់​កម្លាំង ឬ​ក៏​ការ​ទៅ​ដោះស្រាយ​ដោយ​កម្លាំង​នេះ វា​មិន​សមស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ យើង​គប្បីតែ​ចៀសវាង​បញ្ហា​នេះ ហើយ​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​គណៈកម្មការ​សុរិយោដី​ឲ្យ​តុលាការ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់»

លោក ហែន សុផល បាន​មាន​ប្រសាសន៍​ថា គណៈបញ្ជាការ​ឯកភាព​ស្រុក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កញ្ញា បាន​ដឹកនាំ​កម្លាំង​ជាង​៣០​នាក់​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ជុំវិញ​ជម្លោះ​ដីធ្លី​រវាង​ក្រុម​ទាហាន​និង​ប្រជាពលរដ្ឋ​នេះ​ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ទៅ​ថ្នាក់​ដើម្បី​ដោះស្រាយ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕