លោកអនុសេនីយ៍ឯក លីវ ស៊ីផា នាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអះអាងថា ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ នៅភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកបន្តថា កម្លាំងយោធាភូមិភាគ៥ចំនួន៧នាក់ប្រដាប់ដោយអាវុធអឹមសី R15 ចំនួនបីដើម និងកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន សាវឿន ផ្ទាល់ បានបាញ់រះទៅក្រុមប្រជាពលរដ្ឋជាថ្មីម្តងទៀត ខណៈដែលប្រជាពលរដ្ឋជាង៥០នាក់បានធ្វើការឡោមព័ទ្ធក្រុមទាហានទាំងនោះដោយសារតែរឿងវិវាទដីធ្លី។
លោកអនុសេនីយ៍ឯក លីវ ស៊ីផា បានឲ្យដឹងថា ៖ «ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន សាវឿន បានបាញ់ទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះ កិត ជីវ ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ខ្នងធ្លាយមកពោះ។ ជនរងគ្រោះបានយកទៅមន្ទីរពេទ្យ Emergency»។
ជនរងគ្រោះឈ្មោះ កិត ជីវ អាយុ២០ឆ្នាំ រស់នៅភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត បច្ចុប្បន្នកំពុងដេកព្យាបាលនៅមន្ទីរពេទ្យ Emergency ក្នុងខេត្តបាត់ដំបង។
នគរបាលស្រុកសំឡូតបានថ្លែងថា មុនមួយថ្ងៃនៅភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងយោធាលោក ប៉ែន សាវឿន ចំនួន៦នាក់ ប្រដាប់ដោយអាវុធអឹមសី R15 ចំនួន២ដើម និងកាំភ្លើងខ្លី១ដើមដែរ បានបាញ់គំរាមចំនួន៦គ្រាប់ទៅលើប្រជាពលរដ្ឋចំនួន២០គ្រួសាររួចម្តងមកហើយក្នុងជម្លោះដីធ្លីខាងលើនេះ។
សមាជិកក្រុមប្រឹក្សាឃុំអូរសំរិល លោក អ៊ឹង សំអុល បានថ្លែងថា ដីទំហំជាង១០០ហិកតារនៅតំបន់នោះត្រូវបានគេពុះច្រៀកជាទំហំ៥ហិកតារហើយបែងចែកគ្នា និងកាន់កាប់ដោយក្រុមគ្រួសារលោកវរសេនីយ៍ឯក ប៉ែន សាវឿន និងកូនទាហានរបស់លោក។
លោកវរសេនីយ៍ឯក ប៉ែន សាវឿន មិនអាចទំនាក់ទំនងសុំការបញ្ជាក់ជុំវិញការបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋនេះបានទេ ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ទុយ ប៊ុនលី មេបញ្ជាការភូមិភាគ៥ប្រចាំស្រុកសំឡូតបានថ្លែងថា លោកវរសេនីយ៍ឯក ប៉ែន សាវឿន បានគេចខ្លួនបាត់ក្រោយពីការបាញ់ប្រហារ ៖ «ក្រោយពីព្រឹត្តិការណ៍នេះខ្ញុំតាមរកគាត់ មិនដឹងជាគាត់គេចទៅក្នុងតំបន់ណា»។
អភិបាលស្រុកសំឡូត លោក ហែន សុផល បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពស្រុកកំពុងធ្វើការត្រួតពិនិត្យស្រាវជ្រាវជុំវិញជម្លោះដីធ្លីរវាងក្រុមទាហាននិងប្រជាពលរដ្ឋនេះ ប៉ុន្តែមិនមានលទ្ធផលទេរហូតមកដល់ថ្ងៃសុក្រនេះ។
លោក ហែន សុផល បានជំរុញឲ្យក្រុមប្រជាពលរដ្ឋនិងជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការជុំវិញការបាញ់ប្រហារនេះ៕
