ដោយមានការភ័យខ្លាចប្រជាពលរដ្ឋទាំងនោះបានទៅប្តឹងសកម្មជនអង្គការខុមហ្វែ្រល ប្រចាំស្រុកឈ្មោះ ម៉ៅ គឹមអេង និងសមាជិកក្រុមប្រឹក្សាខេត្តគណបក្សសមរង្ស៊ី ឈ្មោះ រស់ ស៊ីនោ ជួយអន្តរាគមន៍ ។
ប្រជាពលរដ្ឋឈ្មោះ អ៊ុន ប៊ួ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨នេះ ថាដីរបស់ពួកគាត់ទាំងអស់ប្រមាណជា៤០ហិកតារក្នុងឃុំសំបូរ ដែលមានព្រំប្រទល់ជាប់នឹងឃុំឈូក ។ នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសំបូរ ឈ្មោះ ជា បានទៅទិញដីព្រៃនៅជិតដីចម្ការរបស់ពួកគាត់ ហើយកុ្រមប្រឹក្សាឃុំរូបនោះបានបង្ខំឲ្យពួកគាត់លក់ដីចម្ការដែលអ្នកខ្លះបានកាន់កាប់តាំងពីឆ្នាំ១៩៩៩ និងឆ្នាំ២០០០ មកហើយនោះលក់ឲ្យគាត់ បើពុំដូច្នោះទេគេនឹងរឹបអូសយកទាំងអស់ ។
លោក អ៊ុន ប៊ួ បានឲ្យដឹងថា ៖ «បញ្ហាដីនោះគេកំពុងតែមកគំរាមកំហែងខ្ញុំថា បើមិនលក់ក៏នៅតែយកដែរ ។ ភ័យខ្លាចមែនទែន ព្រោះដំណាំពួកខ្ញុំមានបន្តិចប៉ុណ្ណោះឯង បើអស់អាហ្នឹងទៀត ពួកខ្ញុំមិនដឹងទៅណាទៀតទេ» ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ឌី បានមានប្រសាសន៍ថា លោកក្រុមប្រឹក្សាឃុំឈ្មោះ ជា និងបក្សពួកមានដូចជាប្រធានភូមិឈ្មោះ ម៉ៅ យ៉ុង បានទៅលួចវាស់យកដីរបស់ពួកគាត់ ហើយបានគំរាមទៀតថាគេនឹងឈូសឆាយដើមស្វាយចន្ទីចោល ៖ «...មកវាស់ដីខ្ញុំ មកលួចវាស់» ។
ក្រុមប្រឹក្សាឃុំសំបូរឈ្មោះ ជា បានមានប្រសាសន៍ថាលោកបានទិញដីព្រៃនៅទីនោះមួយចំនួនមែន ប៉ុន្តែលោកពុំមានបំណងយកដីប្រជាពលរដ្ឋជនជាតិភាគតិចទាំងនោះទេ ។ លោកបានបញ្ជាក់ថាលោកគ្រាន់តែដើរប្រមូលទិញដីឲ្យក្រុមហ៊ុនមួយប៉ុណ្ណោះ ប៉ុន្តែលោកពុំបានប្រាប់ថាក្រុមហ៊ុនឈ្មោះអ្វីនោះទេ ។
លោក ជា បានបញ្ជាក់ថា ៖ «ទិញឲ្យគេក្រុមហ៊ុនហ្នឹង ឲ្យខាងក្រុមហ៊ុន ទាហាន ។ អត់ទាន់ដឹងទេ ព្រោះខ្ញុំអត់ទាន់បញ្ជាក់ពីគេដែរ ខ្ញុំចេះតែទិញឲ្យទៅ គេឲ្យលុយមក ខ្ញុំទិញទៅ ខ្ញុំអត់មានបានសួរអីច្បាស់លាស់ថាទេ អ្នកណាអ្នកណី» ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋជនជាតិកួយសុំមិនបញ្ចេញឈ្មោះដែលជាម្ចាស់ដីចម្ការនោះ បានមានប្រសាសន៍ថាការបដិសេធន៍របស់ក្រុមប្រឹក្សាឃុំខាងលើមិនពិត គឺកាលពីពេលថ្មីៗនេះ លោក ជា ពិតជាបានទៅវាស់វែងយកដីពួកគាត់ពិតមែន ហើយថែមទាំងយកទឹកថ្នាំក្រហមលាបដើមស្វាយចន្ទី ហើយបាននិយាយថាគេលាបថ្នាំក្រហមទត្រឹមណា គឺដីរបស់គេត្រឹមនោះ ។
អ្នកស្រីបានបន្តថាគ្រួសារគាត់អាចរស់បានដោយសារភោគផលនៃស្វាយចន្ទីនោះ ប្រសិនបើលោកក្រុមប្រឹក្សាឃុំយកដីគាត់មែននោះ គាត់សុខចិត្តប្តូរជីវិត ៖ «បើថាមិនលក់ ក៏អត់ឲ្យទេ ខ្ញុំអត់ចេញទេ ខ្ញុំនៅនោះឯង សុខចិត្តស្លាប់លើដីនោះឯង ខ្ញុំអត់ព្រមឲ្យទេ» ៕
