អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាឲ្យអង្គភាពអភិវឌ្ឍន៍អគ្គបញ្ជាការក្នុងភូមិចម្ការចេក បញ្ឈប់ជាបន្ទាន់នូវអំពើបំពានយកដីនិងបង្ខំរុះរើផ្ទះអ្នកភូមិទឹកចេញ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
បញ្ជាបញ្ឈប់បន្ទាន់នេះបានធ្វើឡើងបន្ទាប់ពីមានការផ្សាយជាសាធារណៈ អំពីការបង្ខំបណ្តេញអ្នកស្រុកឲ្យរុះរើលំនៅឋាននៅភូមិទឹកចេញដោយអង្គភាពអភិវឌ្ឍន៍អគ្គបញ្ជាការក្នុងភូមិចម្ការចេក ចំពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្តទៅដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាព្រួយបារម្ភពីសំឡេងឆ្នោត ។
អភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ថា ៖ «ខ្ញុំប្រាប់ឲ្យយោធាហ្នឹងកុំប៉ះពាល់ដីប្រជាពលរដ្ឋ ។ បើថាចង់ប៉ះចង់ពាល់អីឲ្យធ្វើក្រដាសធ្វើស្នាមធ្វើច្បាប់ធ្វើទម្លាប់អីស្រួលបួលមកណា៎ ។ បញ្ជីសារពើពន្ធរបស់យោធាហ្នឹងណាំ៎ ស៊ីញ៉េឯកភាពពីក្រសួងពីអីមកឲ្យត្រឹមត្រូវមកណា៎ ដីប៉ុណ្ណាៗយកមកឲ្យខេត្តមើល ព្រោះឥឡូវនេះវាអត់ទាន់មានបញ្ជីសារពើពន្ធអីច្បាស់លាស់ អ៊ីចឹងមិនអាចធ្វើអីបានទេ» ។
មេភូមិទឹកចេញ លោក ជា ឈឿន មានប្រសាសន៍ថាអន្តរាគមន៍ពីថ្នាក់ឃុំ ស្រុក ខេត្ត និងអ្នកតំណាងរាស្រ្តទាន់ពេលបានធ្វើឲ្យសតិអារម្មណ៍អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាបាននឹងនរឡើងវិញក្នុងពេលនេះ ។
លោក ជា ឈឿន បានឲ្យដឹងថា ៖ «ក្នុងការដើរធ្វើការឃោសនាហ្នឹងដដែល អត់មានថាអ៊ីចេះមួយអ៊ីចុះពីរទេ» ។
ប្រជាជនភូមិទឹកចេញ ឈ្មោះ ព្រាប សាមិត្ត ឲ្យដឹងថាផ្ទះរបស់គាត់ឈើប្រក់ស័ង្កសីត្រូវយោធាអង្គភាពអភិវឌ្ឍន៍អគ្គបញ្ជាការភូមិចម្ការចេកបានរុះរើយកទាំងផ្ទះនិងសម្ភារៈ យកទៅទុកនៅកន្លែងអង្គភាពនោះ កាលពីថ្ងៃទី៣០ ខែមិថុនា ខណៈពេលដែលលោកនិងក្រុមគ្រួសារបានទៅលេងស្រុកឯខេត្តស្វាយរៀង ។
លោកបានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺពីបទបំពានសិទ្ធិរស់នៅលើដីស្របច្បាប់ ដែលមានអាជ្ញាធរភូមិ ឃុំ ផ្តល់កម្មសិទ្ធិដីឲ្យគាត់រស់នៅស្របច្បាប់ ។
លោក ព្រាប សាមិត្ត បានបញ្ជាក់ថា ៖ «ចង់ឲ្យគេផ្តន្ទាទោសជនល្មើសហ្នឹងតាមច្បាប់ ហើយនិងឲ្យគេសងជាផ្ទះហ្នឹងឲ្យបានសាងសង់នៅលើដីរបស់ខ្ញុំវិញ» ។
ចំណែកប្រជាជនឯទៀតព្រួយបារម្ភថា អន្តរាគមន៍មានប្រសិទ្ធភាពតែមុនពេលបោះឆ្នោតដល់ក្រោយពេលជាប់ឆ្នោតអង្គភាពយោធាអគ្គបញ្ជាការអាចបន្តហ៊ុមព័ទ្ធរបងបណ្តេញពួកគាត់ចេញពីដី ៖ «ដីមានទុកតាំងពីឆ្នាំ២០០៦ រឿងខ្ញុំអត់មានអ្នកណាមកដោះទេ» ។
មន្រ្តីការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ស្ពឺ លោក រត្ថា វី ឲ្យដឹងថាអង្គភាពអភិវឌ្ឍន៍អគ្គបញ្ជាការ កាលពីថ្ងៃទី៧ កក្កដា បានទៅវាស់យកដីអ្នកភូមិទឹកចេញ ៤គ្រួសារ តាមថ្នល់ជាតិលេខ៤ បណ្តោយ៨៥ម៉ែត្រ ជម្រៅ១០០ម៉ែត្រ ។
លោកថាក្រោយពីកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ស្រុក និងឃុំមក អង្គភាពយោធានោះមិនរំខានប្រជាជនទៀតទេ ។ ប៉ុន្តែមានកម្មករនៅបន្តធ្វើរបងព័ទ្ធយកដីអ្នកស្រុកតាមទំហំវាស់វែងដដែល ហើយប្រាប់អ្នកស្រុកឲ្យឆាប់រុះរើផ្ទះចេញពីដីទុកពេលឲ្យមួយអាទិត្យទៀត ។ លោកថាទង្វើរបស់យោធានោះបានរំលោភសិទ្ធិរស់នៅស្របច្បាប់របស់អ្នកស្រុកនិងសិទ្ធិគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់នៃអង្គភាពយោធាអភិវឌ្ឍន៍អគ្គបញ្ជាការភូមិចម្ការចេកបានឡើយនៅថ្ងៃនេះ ។ ប៉ុន្តែនៅថ្ងៃច័ន្ទទី៧ ខែកក្កដា លោក ម៉ម ឈៀង បញ្ជាការនៅតំបន់នោះបា្រប់វិទ្យុអាស៊ីសេរីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងអាជ្ញាធរស្រុកបានជួបចរចារឿងនោះចប់សព្វគ្រប់អស់ហើយ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ភាពចម្រូងចម្រាសជុំវិញការបូមខ្សាច់ចាក់លុបបឹងកក់
ពលរដ្ឋនៅបឹងកក់ជួបជាមួយសាលាខណ្ឌ ប៉ុន្តែមិនបានលទ្ធផល
តុលាការក្រុងភ្នំពេញនឹងជំនុំជម្រះទោសជនជាប់ចោទក្នុងរឿងដីធ្លី៦នាក់នៅថ្ងៃទី២ កញ្ញា
ពលរដ្ឋរស់នៅតំបន់បឹងកក់នាំគ្នាតវ៉ាប្រឆាំងការបូមខ្សាច់ចាក់លុបបឹង
ពលរដ្ឋនៅតំបន់បឹងកក់គ្រោងទៅតវ៉ានៅសាលាក្រុងពីបញ្ហាបូមខ្សាច់ដាក់បឹង
ជនជាតិភាគតិចនៅខែត្រក្រចេះភ័យព្រួយពីការបាត់បង់ដីធ្លី
ការតវ៉ាជុំវិញបញ្ហាបូមខ្សាច់លុបផ្ទៃសមុទ្ទនៅកំពតមិនទាន់មានដំណោះស្រាយ
ពលរដ្ឋជាច្រើនគ្រួសាររស់នៅលើបឹងកក់ប្រឈមមុខនឹងការបណ្ដេញចេញ
ទំនាស់ដីធ្លីរវាងជនជាតិកួយនិងអាជ្ញាធរនៅខែត្រកំពង់ធំ
ជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុននៅកំពតជុំវិញការចាក់ខ្សាច់លុបផ្ទៃសមុទ្រ