ទំនាស់​ដី​ធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ

ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​នៅ​ភូមិ​មានជ័យ ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ទៅ​រារាំង​និង​បណ្ដេញ​ដោយ​បង្ខំ​ឲ្យ​គ្រឿងចក្រ​បី​គ្រឿង​របស់​ក្រុមហ៊ុន ស៊ីអាយវី ចាក​ចេញ​ពី​ដីធ្លី​របស់​ពួក​គេ​កាលពី​ព្រឹក​ថ្ងៃ​ទី៥ តុលា​នេះ។

0:00 / 0:00

សកម្មភាព​នេះ​បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ក្រុមហ៊ុន ស៊ីអាយវី ទទួល​បាន​ការសិក្សា​លើ​ផ្ទៃ​ដី​ជាង​១​ពាន់​ហិកតារ​ដើម្បី​ដាំ​ដុះ​ដំណាំ​កៅស៊ូ ហើយ​រាល់​សកម្មភាព​ដែល​ក្រុមហ៊ុន​នេះ​ប៉ុនប៉ង​ឈូសឆាយ​តែងតែង​ទទួល​បាន​ការរារាំង​ពី​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ឈ្មោះ គង់ នាង កំពុងតែ​ដេញ​អាត្រាក់​ឲ្យ​ទៅ​វិញ អត់​ឲ្យ​ឈូស​ដី ប្រជាពលរដ្ឋ​អត់​មាន​អី​ធ្វើ។ ថ្ងៃ​ក្រោយ​មក​ទៀត ពួក​ខ្ញុំ​មក​ទៀត មិន​ឲ្យ​ឈូស មិន​ឲ្យ​ធ្វើ​ទាំងអស់។ ខំ​បោះ​ឆ្នោត​ឲ្យ​គាត់​ជាប់ គាត់​មិន​មើល​ឃើញ​អ្នក​ក្រីក្រ​ទេ តាម​ការពិត​ជិះជាន់​អ្នក​ក្រីក្រ​ជាង​គេ»

តំណាង​ក្រុមហ៊ុន​ស៊ីអាយវី​បាន​អះអាង​ថា គ្រឿង​ចក្រ​បាន​ដក​ចេញ​មក​ក្រៅ​ហើយ តែ​ការដោះស្រាយ​ស្ថិត​នៅ​លើ​អាជ្ញាធរ ៖ «អា​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​លើ​អាជ្ញាធរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ»

សហគមន៍​ប្រជាពលរដ្ឋ​គឺ​លោក សារ៉ែន កែត បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​ពុំ​មាន​ចេតនា​នឹង​ដោះស្រាយ​ឡើយ​ដោយ​ហាក់​ដូច​ជា​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​នោះ។ លោក​បាន​អះអាង​ថា មេដឹកនាំ​តវ៉ា​មួយចំនួន​ត្រូវ​បាន​អភិបាល​ស្រុក​លួងលោម​ឲ្យ​បញ្ឈប់​សកម្មភាព​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន។

លោក សារ៉ែន កែត បាន​មាន​ប្រសាសន៍​ថា ៖ «ចៅហ្វាយ​ស្រុក​គាត់​ឲ្យ​ខ្ញុំ​ឈប់​តវ៉ា យក​លុយ​ចិញ្ចឹម​កូន ចិញ្ចឹម​ប្រពន្ធ​វិញ​ទៅ។ គាត់​ហៅ​ខ្ញុំ​កាល​នៅ​ថ្ងៃ​ទី​១៩ នៅ​នឹង​វត្ត​ក្បាលត្រាច​ហ្នឹង ដើម្បី​នឹង​ការសម្រួល​ជាមួយ​ខ្ញុំ តែ​ខ្ញុំ​អត់​ព្រម​ទេ ពីព្រោះ​គាត់​មាន​នីតិវិធី​ឲ្យ​ខ្ញុំ​ដើរ​ចេញ ឲ្យ​ខ្ញុំ​ហ្នឹង​មាន​ការងារ​ធ្វើ គ្រាន់តែ​ជា​ល្បិច​របស់​គាត់​ទេ ខ្ញុំ​ជឿ​ថា មិន​មែន​ឲ្យ​ខ្ញុំ​ធ្វើ​មែនទែន​ទេ បើ​គាត់​មិន​ខំ​ប្រឹង​ដោះស្រាយ​បែប​នេះ​ទេ ក្រុមហ៊ុន​ឈូសឆាយ​វា​អស់​លុយ​ច្រើន​ហើយ អ៊ីចឹង​គាត់​គួរតែ​ប្រឹង។ ប្រើ​វិធីសាស្រ្ដ​បែប​ណា​ដែល​គាត់​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ព្រម​យក​លុយ​យក​កាក់»

អភិបាល​ស្រុក​ស្នួល គឺ​លោក អ៊ីវ សោភុម បាន​ជម្រាប​ថា លោក​នឹង​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​ដែល​កើត​ឡើង​នោះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ទាំង​សងខាង ហើយ​លោក​បាន​បដិសេធ​ទៅ​នឹង​ការចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។

លោក អ៊ីវ សោភុម បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មាន​ចិត្ត​គិតគូរ​អំពី​ប្រជាពលរដ្ឋ​ដើម្បីរ​ក​យុត្តិធម៌​ជូន​គាត់ ប៉ុន្តែ​គាត់​អត់​យល់​អំពី​ច្បាប់ អំពី​ទម្លាប់​អី អ្នក​ខ្លះ​ចេះតែ​ចោទ ចេះតែ​ប្រកាន់​អី​អ៊ីចឹង​ទៅ អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ទេ»

នៅ​ក្នុង​លិខិត​ចំណារ​សម្រេច​របស់​សាលា​ខេត្ត​ក្រចេះ លេខ​៣៦៩ ល.ក្រ.ច. លោក​អភិបាល​ខេត្ត ខាំ ភឿន បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ស៊ីអាយវី អភិវឌ្ឍ​លើ​ផ្ទៃ​ដី​៣០០​ហិកតារ​ដោយ​តម្រូវ​ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ពាក់ព័ន្ធ​ដី​ស្រែ​ចម្ការ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២០ សីហា ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ស៊ីអាយវី គឺ​លោក ហ៊ាង ហ្វូខាយ បាន​ប្ដឹង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​៣​នាក់ ថា បាន​ទទួល​ការញុះញង់​ពី​សមត្ថកិច្ច​ឲ្យ​ទៅ​ទន្រ្ទាន​លើ​ដី​ក្រុមហ៊ុន​ចំនួន​៧៦៩​ហិកតារ​ទៅ​វិញ ហើយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ៕