ជនជាតិ​ព្នង​នៅ​ឃុំ​ប៊ូស្រា​ខឹង​នឹង​អាជ្ញាធរ​ក្នុង​ការដោះស្រាយ​បញ្ហា​ដី​ធ្លី

2008-06-23

ជនជាតិ​ព្នង​នៅ​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី បាន​ប្ដេជ្ញាចិត្ត​ថា​ពួក​ខ្លួន​នឹង​មិន​ទៅ​បោះឆ្នោត​ឬ​ឈប់​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​ពី​មុន​មក ដោយ​ហេតុ​តែ​ខឹង​នឹង​អាជ្ញាធរ​ខេត្ត មិន​មក​ជួប​តាម​ការណាត់​ក្នុង​ការដោះស្រាយ​រឿង​វិវាទ​ដី​ធ្លី ។

ជនជាតិ​ព្នង​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ថា អាជ្ញាធរ​ឃុំ ស្រុក ខេត្ត បាន​ណាត់​ពួក​គេ​ឲ្យ​មក​ជួបជុំ​នៅ​សាលា​ឃុំ​ប៊ូស្រា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ មិថុនា ដើម្បី​ដោះស្រាយ​រឿង​វិវាទ​ដី​ធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ខូវជីលី ។ ប៉ុន្តែ​ការរង់ចាំ​របស់​ជនជាតិ​ភាគតិច​ប្រមាណ​២០០​នាក់ នៅ​សាលា​ឃុំ​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ឥត​មាន​អាជ្ញាធរ​ណា​មួយ​ចេញមុខ​ជួប​ពួក​គាត់​ដើម្បី​ដោះស្រាយ​ឡើយ ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កំហឹង ទើប​និយាយ​ថា​នឹង​មិន​ទៅ​បោះឆ្នោត​និង​ប្រើ​អំពើ​ហិង្សា ។

ក្រុម​ជនជាតិ​ព្នង​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «គាត់​មិន​ដោះស្រាយ​អ៊ីចឹង​ទេ បែប​ថា​ប្រជាពលរដ្ឋ​គេ​មិន​ព្រម​បោះឆ្នោត​ជូន​ឲ្យ​ទេ គ្រាន់​ថា​អ្នក​មាន​ពាក់ព័ន្ធ​ដី​ធ្លី សុទ្ធតែ​ជា​ប្រជាពលរដ្ឋ ។ ខាង​រដ្ឋាភិបាល​យើង ខាង ហ៊ុន សែន ទាំងអស់ ។ បើ​ពួក​ខ្ញុំ​ប្រើ​អំពើ​ហិង្សា...»

ជនជាតិ​ព្នង​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កាលពី​តវ៉ា​លើក​មុន​នៅ​សាលា​ខេត្ត​មាន​ការខឹង​សម្បា​ម្ដង​រួច​មក​ហើយ ដោយ​អាជ្ញាធរ​ខេត្ត​បាន​យក​ស្នាម​មេ​ដៃ​ពួក​គេ​ដែល​ផ្ដិត​ស្នើសុំ​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០០៧ ថា​ជា​មេ​ដៃ​យល់ព្រម​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន ហើយ​ពេល​នេះ​ពួក​គេ​នៅតែ​យក​ចំណុច​នេះ​មក​បញ្ជាក់​ដដែល​ទៀត​ដើម្បី​បញ្ចេញ​កំហឹង ។

ក្រុម​ជនជាតិ​ព្នង​ដដែល​បាន​បញ្ជាក់​ថា ៖ «ឃើញ​ច្បាស់លាស់​ហើយ វា​បាន​នាំ​មក​ផ្ដិត​មេ​ដៃ នាំ​មក​ថតរូប ធ្វើ​អ៊ីចេះ​ធ្វើ​អ៊ីចុះ ថា​អ៊ីចេះ​ថា​អ៊ីចុះ ។ ពួក​ខ្ញុំ​អត់​សុខចិត្ត​ទេ កំពុង​ខឹង ចង់​ដុត​អាត្រាក់​ឥឡូវ»

អភិបាលរង​ខេត្ត ចាន់ យឿន ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដី​ធ្លី ត្រូវ​បាន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ជា​អ្នក​សន្យា​ដោះស្រាយ​វិវាទ​ដី​ធ្លី​ជូន​ពួក​គាត់ តាំងពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​មក​ដោះស្រាយ​ទាំង​ពីរ​លើក ។ ហើយ​នៅ​ថ្ងៃ​នេះ​មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​រោទ៍​ជា​ច្រើន​លើក​តែ​ពុំ​មាន​អ្នក​ទទួល ។

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ វីជីឡែន គឺ​លោក អ៊ុន វាសនា បាន​អធិប្បាយ​រឿង​នេះ​ថា​ការសន្យា​ដោយ​កុហក​ពិត​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​មែន ប៉ុន្តែ​លោក​ថា​រឿង​ទៅ​បោះឆ្នោត​ឬ​មិន​បោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​សម្រេច ប៉ុន្តែ​ការប្រើ​អំពើ​ហិង្សា​លោក​តែង​មាន​ការបារម្ភ ។

លោក អ៊ុន វាសនា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​មាន​ការព្រួយ​បារម្ភ​ដែរ សុំ​ឲ្យ​អាជ្ញាធរ​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​វិធានការ ដើម្បី​ចុះ​ទៅ​ធ្វើការ​ដោះស្រាយ ព្រោះ​រឿង​នេះ​ដដែលៗ បើ​សិន​ជា​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​គាត់​អាច​មាន​កំហឹង ។ ហើយ​ខ្ញុំ​សូម​ផ្ដែផ្ដាំ​ដល់​ប្រជាពលរដ្ឋ សូម​ឲ្យ​គាត់​ពិចារណា​ឲ្យ​បាន​ខ្ពស់​បន្តិច មុន​នឹង​គាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង»

វិវាទ​ដី​ធ្លី​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ជាង​៧​ពាន់​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ខូវជីលី និង​ក្រុមហ៊ុន ដាឡាត់​វៀតណាម អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ ហើយ​ប៉ះពាល់​លើ​ដី​ចម្ការ​វិល​ជុំ​របស់​ប្រជាពលរដ្ឋ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ សូម្បីតែ​ថ្នាក់​ជាតិ​ក៏​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ​ផង ៕

អត្ថបទ​ដែល​ទាក់ទង

តំណាង​ពលរដ្ឋ​នៅ​បឹង​កក់​គ្រោង​ទៅ​តវ៉ា​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការបូម​ខ្សាច់​ចាក់​លុប​បឹងកក់​

ពលរដ្ឋ​នៅ​បឹងកក់​ជួប​ជាមួយ​សាលា​ខណ្ឌ ប៉ុន្តែ​មិន​បាន​លទ្ធផល

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ជំនុំ​ជម្រះ​ទោស​ជន​ជាប់​ចោទ​ក្នុង​រឿង​ដីធ្លី​៦​នាក់​នៅ​ថ្ងៃ​ទី២ កញ្ញា

ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​គ្រោង​ទៅ​តវ៉ា​នៅ​សាលា​ក្រុង​ពី​បញ្ហា​បូម​ខ្សាច់​ដាក់​បឹង

ជនជាតិ​ភាគ​តិច​នៅ​ខែត្រ​ក្រចេះ​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដី​ធ្លី

ការតវ៉ា​ជុំវិញ​បញ្ហា​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​នៅ​កំពត​មិន​ទាន់​មាន​ដំណោះស្រាយ

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​លើ​បឹងកក់​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

ទំនាស់​ដី​ធ្លី​រវាង​ជនជាតិ​កួយ​និង​អាជ្ញាធរ​នៅ​ខែត្រ​កំពង់ធំ