ជនជាតិព្នងបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៣ មិថុនា ថា អាជ្ញាធរឃុំ ស្រុក ខេត្ត បានណាត់ពួកគេឲ្យមកជួបជុំនៅសាលាឃុំប៊ូស្រា កាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ មិថុនា ដើម្បីដោះស្រាយរឿងវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ ខូវជីលី ។ ប៉ុន្តែការរង់ចាំរបស់ជនជាតិភាគតិចប្រមាណ២០០នាក់ នៅសាលាឃុំតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ឥតមានអាជ្ញាធរណាមួយចេញមុខជួបពួកគាត់ដើម្បីដោះស្រាយឡើយ ហើយក៏ធ្វើឲ្យពួកគាត់មានកំហឹង ទើបនិយាយថានឹងមិនទៅបោះឆ្នោតនិងប្រើអំពើហិង្សា ។
ក្រុមជនជាតិព្នងដដែលបានឲ្យដឹងថា ៖ «គាត់មិនដោះស្រាយអ៊ីចឹងទេ បែបថាប្រជាពលរដ្ឋគេមិនព្រមបោះឆ្នោតជូនឲ្យទេ គ្រាន់ថាអ្នកមានពាក់ព័ន្ធដីធ្លី សុទ្ធតែជាប្រជាពលរដ្ឋ ។ ខាងរដ្ឋាភិបាលយើង ខាង ហ៊ុន សែន ទាំងអស់ ។ បើពួកខ្ញុំប្រើអំពើហិង្សា...» ។
ជនជាតិព្នងបានឲ្យដឹងបន្ថែមទៀតថា កាលពីតវ៉ាលើកមុននៅសាលាខេត្តមានការខឹងសម្បាម្ដងរួចមកហើយ ដោយអាជ្ញាធរខេត្តបានយកស្នាមមេដៃពួកគេដែលផ្ដិតស្នើសុំផ្លូវថ្នល់ មន្ទីរពេទ្យ កាលពីខែកក្កដា ឆ្នាំ២០០៧ ថាជាមេដៃយល់ព្រមប្រគល់ដីឲ្យទៅក្រុមហ៊ុន ហើយពេលនេះពួកគេនៅតែយកចំណុចនេះមកបញ្ជាក់ដដែលទៀតដើម្បីបញ្ចេញកំហឹង ។
ក្រុមជនជាតិព្នងដដែលបានបញ្ជាក់ថា ៖ «ឃើញច្បាស់លាស់ហើយ វាបាននាំមកផ្ដិតមេដៃ នាំមកថតរូប ធ្វើអ៊ីចេះធ្វើអ៊ីចុះ ថាអ៊ីចេះថាអ៊ីចុះ ។ ពួកខ្ញុំអត់សុខចិត្តទេ កំពុងខឹង ចង់ដុតអាត្រាក់ឥឡូវ» ។
អភិបាលរងខេត្ត ចាន់ យឿន ជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លី ត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា ជាអ្នកសន្យាដោះស្រាយវិវាទដីធ្លីជូនពួកគាត់ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកម្ល៉េះ ប៉ុន្តែមិនមានមកដោះស្រាយទាំងពីរលើក ។ ហើយនៅថ្ងៃនេះមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទលោករោទ៍ជាច្រើនលើកតែពុំមានអ្នកទទួល ។
មន្រ្តីសិទ្ធិមនុស្សនៃអង្គការ វីជីឡែន គឺលោក អ៊ុន វាសនា បានអធិប្បាយរឿងនេះថាការសន្យាដោយកុហកពិតជាធ្វើឲ្យប្រជាពលរដ្ឋមានកំហឹងមែន ប៉ុន្តែលោកថារឿងទៅបោះឆ្នោតឬមិនបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋសម្រេច ប៉ុន្តែការប្រើអំពើហិង្សាលោកតែងមានការបារម្ភ ។
លោក អ៊ុន វាសនា បានមានប្រសាសន៍ថា ៖ «ខ្ញុំក៏មានការព្រួយបារម្ភដែរ សុំឲ្យអាជ្ញាធរហ្នឹង ធ្វើម៉េចឲ្យមានវិធានការ ដើម្បីចុះទៅធ្វើការដោះស្រាយ ព្រោះរឿងនេះដដែលៗ បើសិនជាមិនដូច្នោះទេ ប្រជាពលរដ្ឋគាត់អាចមានកំហឹង ។ ហើយខ្ញុំសូមផ្ដែផ្ដាំដល់ប្រជាពលរដ្ឋ សូមឲ្យគាត់ពិចារណាឲ្យបានខ្ពស់បន្តិច មុននឹងគាត់សម្រេចចិត្តថាត្រូវធ្វើអ្វីម្យ៉ាង» ។
វិវាទដីធ្លីនេះបានកើតមានឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានជាង៧ពាន់ហិកតា ឲ្យទៅក្រុមហ៊ុន ខូវជីលី និងក្រុមហ៊ុន ដាឡាត់វៀតណាម អភិវឌ្ឍដាំដើមកៅស៊ូ ហើយប៉ះពាល់លើដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋ ដែលរហូតមកទល់នឹងពេលនេះ សូម្បីតែថ្នាក់ជាតិក៏មិនទាន់អាចដោះស្រាយបាននៅឡើយផង ៕
