ជនជាតិព្នងនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងតែប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យផ្តិតគាំទ្រពាក្យបណ្ដឹងចោទប្រកាន់មន្រ្តីប៉ូលិសម្នាក់ ថាបានទៅកាប់ព្រៃទន្រ្ទានយកដីជាច្រើនហិកតាទុកសម្រាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
តំណាងជនជាតិព្នងនៅភូមិពូឡេះ ឃុំដាក់ដាំ បានយកស្នាមមេដៃមួយចំនួនរបស់ប្រជាពលរដ្ឋដែលប្ដឹងចោទប្រកាន់មន្រ្តីប៉ូលិសថា បានរំលោភយកដីសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិមកជូនមន្រ្តីសិទ្ធិមនុស្សនៃអង្គការវីជីឡែន កាលពីល្ងាចថ្ងៃទី២០ សីហា ដើម្បីអន្តរាគមន៍ទៅមន្រ្តីជំនាញឲ្យជួយទប់ស្កាត់ ។
តំណាងជនជាតិព្នងដដែលបានឲ្យដឹងថា ៖ «កាប់ព្រៃហ្នឹងនៅខាងត្បូងភូមិពូឡេះ ចម្ងាយពីភូមិប្រហែលជា២គីឡូកន្លះ ។ អ្នកប្រើឲ្យកាប់ហ្នឹង គឺលោកមេប៉ុស្តិ៍ឃុំដាក់ដាំ ឈ្មោះ យោន ហាន ហើយអ្នកនាំទៅគឺលោក ខ្យុះ ត្រៃ ។ គាត់អួតខ្លួនគាត់ថា គាត់ជាមេបក្សឃុំ គណបក្សប្រជាជន» ។
តំណាងជនជាតិព្នងបានឲ្យដឹងថា គេប្រើម៉ាស៊ីនត្រង់ស៊ីន័រដើម្បីកាប់ព្រៃ តាំងពីថ្ងៃទី១៦ សីហា មកទល់នឹងថ្ងៃនេះ អស់ប្រមាណ១០ហិកតាហើយ ។ ហើយបើតាមសកម្មភាពកាប់ត្រូវបានអនុប្រធានភូមិបញ្ជាក់ថា គឺគេមិនសម្រាប់ទុកធ្វើចម្ការឡើយ ។
តំណាងជនជាតិព្នងដដែលបានមានប្រសាសន៍ថា ៖ «ខ្ញុំឈ្មោះ ចាស់ ឃ្លើត ។ បើសិនជាគេកាប់ចម្ការដូចពួកជនជាតិ ពួកខ្ញុំអីហ្នឹង គេកាប់ខែប្រាំង ខែមួយ ខែពីរយើង របស់គាត់... ។ កូនតូចៗ គាត់អត់កាប់ទេ គាត់កាប់ធំៗមុន» ។
តំណាងជនជាតិព្នងបានអះអាងថា ពួកគេបានពឹងឲ្យអង្គការក្រៅរដ្ឋាភិបាលជួយទំនាក់ទំនងទៅមន្រ្តីរដ្ឋបាលព្រៃឈើដែរ តែមិនអាចទំនាក់ទំនងបាន ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ សីហា ជនជាតិព្នងបានពឹងពាក់ឲ្យអង្គការវីជីឡែននេះ ជួយធ្វើអន្តរាគមន៍ទប់ស្កាត់ការបំផ្លាញព្រៃឈើពីសំណាក់ក្រុមហ៊ុនកូរ៉េម្ដងរួចមកហើយដែរ តែមិនទាន់មានដំណោះស្រាយផងក៏មានការកាប់ទន្រ្ទានពីសំណាក់មន្រ្តីប៉ូលិសទៀត ធ្វើឲ្យពួកគេមានការព្រួយបារម្ភកាន់តែខ្លាំង ។
តំណាងជនជាតិព្នងបានឲ្យដឹងថា ៖ «ទី១ បញ្ហាក្រុមហ៊ុនកូរ៉េ ទី២ទៀត បញ្ហាជាមួយឈ្មួញយើងហ្នឹង គេកាប់ព្រៃ ។ ប្រជាពលរដ្ឋទាំងអស់ហ្នឹង មានការព្រួយបារម្ភខ្លាចអនាគតទៅ គាត់បាត់បង់ព្រៃឈើ បាត់បង់ជម្រកសត្វព្រៃ ដែលគាត់ធ្លាប់ប្រកបរបរពីមុនមក ។ កាប់បំផ្លាញព្រៃឈើអស់ទៅ គាត់ខ្លាចអត់មានមុខរបរអី គាត់រកស៊ីចិញ្ចឹមជីវិត» ។
មន្រ្តីប៉ូលិសដែលទទួលរងការចោទប្រកាន់មិនអាចសុំការបំភ្លឺបានឡើយ ដោយនៅទីនោះពុំមានសេវាទូរស័ព្ទណាមួយអាចទាក់ទងបាន ។ ប៉ុន្តែអភិបាលស្រុកអូររាំង គឺលោក នួន សារ៉ន បានជម្រាបតាមទូរស័ព្ទថាលោកនឹងធ្វើការអង្កេតអំពីរឿងនេះ ។
លោក នួន សារ៉ន បានមានប្រសាសន៍ថា ៖ «ដោយសារប៉ុន្មានថ្ងៃនេះ យើងជាប់រវល់រហូត អ៊ីចឹងសេចក្ដីរាយការណ៍ពីឃុំមក ខ្ញុំអត់ទាន់បានទទួលដឹង ដូច្នេះចាំមើលខ្ញុំចាត់តំណាងចុះទៅមើល» ។
មន្រ្តីនៃអង្គការវីជីឡែន គឺលោក ឯម វាសនា ដែលទទួលពាក្យបណ្ដឹងនេះបានអះអាងថា លោកនឹងជួយធ្វើអន្តរាគមន៍រឿងនេះទៅមន្រ្តីជំនាញក្រោយការស៊ើបអង្កេត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ខ្ទមចាំចម្ការរបស់អ្នកភូមិប៉ាតាង ខេត្តរតនគិរី ត្រូវក្រុមហ៊ុនដុតបំផ្លាញ
ជម្លោះដីធ្លីនៅឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង
អ្នកភូមិនៅរតនគិរីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានប័នជាតិនិងសិទ្ធិមនុស្ស
ទំនាស់ដីធ្លីនៅស្រុកបាធាយ ខែត្រកំពង់ចាម
មនុស្ស៣នាក់ត្រូវតុលាការខេត្តកំពង់ឆ្នាំងចាប់ខ្លួនក្នុងករណីវិវាទដីធ្លី
ក្រសួងព័ត៌មានសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីជុំវិញបញ្ហាទំនាស់ដីនៅក្រុងព្រះសីហនុ
ពលរដ្ឋមួយក្រុមនៅខែត្រកំពតតវ៉ាប្រឆាំងការរឹបអូសយកដីធ្លី
ព្រៃចម្ការរបស់អ្នកភូមិនៅរតនគិរីត្រូវគេកាប់ទន្ទ្រានយកដី
ដីមន្ទីរព័ត៌មានក្រុងព្រះសីហនុកំពុងរងការទន្ទ្រានយក
លីកាដូផ្ដល់ជំនួយស្បៀងដល់ជនរងគ្រោះដោយអំពើហិង្សានៅខែត្រកំពត