មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ប៉ៃលិន​ចោទ​អង្គការ​មួយ​ថា​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ៃលិន បាន​ចាប់​គ្រឿង​ចក្រ​មួយ​គ្រឿង​របស់​អង្គការ​សហគមន៍​អភិវឌ្ឍន៍​តាម​ព្រំដែន​កម្ពុជា ដែល​បាន​ឈូសឆាយ​បំផ្លាញ​ព្រៃ​ឈើ​ឡោមព័ទ្ធ​ចូល​ដី​រដ្ឋ​ទុក​ដាំ​ដុះ​កូន​ឈើ ។

លោក ពារ គឹមហេង នាយ​រង​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ក្រុងប៉ៃលិន​បាន​ថ្លែង​ថា កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ប៉ៃលិន និង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាត់ដំបង ៩​នាក់ សហការ​ជាមួយ​កង​រាជអាវុធហត្ថ​ក្រុង​ប៉ៃលិន​៧​នាក់ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា បាន​ចាប់​អេស្ការវេទ័រ​១​គ្រឿង​យក​ទុក​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​សាលាក្រៅ​ ។

លោក ពារ គឹមហេង បាន​ឲ្យ​ដឹង​ថា ៖ «ក្រោយពី​ខ្ញុំ​ចាប់​ឃាត់ មាន​អ្នក​ផ្សេង​ទេ​ដែល​គាត់​ថា ដី​នេះ​ជា​ដី​របស់​លោក កែវ សុមេទ្ធ ហើយ​អ៊ីចឹង​ខ្ញុំ​ថា​ឲ្យ​សុំ​អញ្ជើញ​ប្រធាន​សហគមន៍ កែវ សុមេទ្ធហ្នឹង​មក​ជួប​ខាង​ខ្ញុំ​មក ហើយ​យក​ឯកសារ​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​មក​ឲ្យ​ខាង​ខ្ញុំ​ត្រួតពិនិត្យ ព្រោះ​នេះ​ជា​ដី​ព្រៃ​របស់​រដ្ឋ ។ ហើយ​យើង​មុន​ធ្វើ​អី​ក៏​សហគមន៍​ត្រូវ​មាន​ការអនុញ្ញាត​ដែរ កិច្ច​អភិវឌ្ឍន៍​អី​ក៏​មាន​ការអភិវឌ្ឍ​ដែរ អ៊ីចឹង​ខ្ញុំ​ទាមទារ​យក​ឯកសារ​យក​មក​ត្រូតពិនិត្យ ។ កន្លង​មក​គាត់​អត់​ប្រគល់​ឲ្យ»

យោង​តាម​ប្លង់​ទីតាំង​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ក្រុង​ប៉ៃលិន ដី​ព្រៃ​សម្រាប់​ធ្វើការ​ដាំ​ដុះ​កូន​ឈើ​នេះ​មាន​ទំហំ​២០០ហិកតារ មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹង​ដី​បម្រុង​ទុក​ធ្វើ​ព្រលាន​យន្តហោះ ខាង​ត្បូង​ទល់​នឹង​ត្រពាំងស្នោរ ខាង​កើត​ទល់​នឹង​ជើង​ភ្នំ​កេះ ខាងលិច​ទល់​នឹង​ផ្លូវ​ស្ថិត​ក្នុង​ភូមិ​ទំនប់ សង្កាត់​ស្ទឹងត្រង់ ខណ្ឌ​សាលាក្រៅ ក្រុង​ប៉ៃលិន ។

លោក ពារ គឹមហេង បាន​ថ្លែង​ថា​តាម​ការពិនិត្យ​គ្រឿងចក្រ​បាន​ធ្វើ​សកម្មភាព​ឈូស​ចូល​ទទឹង​ប្រវែង​ជិត​៣០០​ម៉ែត្រ និង​បណ្តោយ​ជាង​១០០០ម៉ែត្រ​លើ​ផ្ទៃ​ដី​រដ្ឋ សម្រាប់​ការដាំដុះ​កូន​ឈើ​ដែល​មាន​ទំហំ​២០០​ហិកតា ។

លោក ពារ គឹមហេង បាន​មាន​ប្រសាសន៍​ថា ៖ «ដី​នេះ​ជា​ដី​គម្រោង​ដាំ​ឈើ​របស់​រដ្ឋ ដែល​សាលាក្រុង​បាន​ប្រគល់​មក​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ប៉ៃលិន ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ធ្វើការ​ដាំដុះ​កូន​ឈើ​ឡើង​វិញ ។ ហើយ​មួយ​ផ្នែក​ទៀត​ជាប់​ព្រំ​ដី​ខាង​ខ្ញុំ​គឺ កន្លងម​ក​គឺ​ឈ្មោះ​ថា សហគមន៍​ព្រៃ​ឈើ តែ​សហគមន៍​ហ្នឹង​គាត់​មិន​បាន​ធ្វើ​អី​ឲ្យ​វា​ច្បាស់លាស់​ទេ ។ យើង​តែងតែ​ហៅ​គាត់​មក​ឲ្យ​ធ្វើ​លិខិត​ស្នាម​ដើម្បី​យើង​បំពេញ​បែបបទ ស្នើ​មក​ថ្នាក់​ដឹកនាំ​យើង​ដើម្បី​ឲ្យ​គាត់​បង្កើត​ទៅ​តាម​នីតិវិធី​ច្បាប់​សហគមន៍​ព្រៃ​ឈើ ។ ស្រាប់​ដល់​ពេល​ចុះ​បង្ក្រាប​ទៅ​វា​ឃើញ​ជា​ការឈូសឆាយ​ហ៊ុមព័ទ្ធ​ទៅ​ជា​លក្ខណៈ​ចង់​យក​ដី​ធ្វើ​ជា​ដី​ឯកជន»

លោក កែវ សុមេទ្ធ ប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​តាម​ព្រំដែន​កម្ពុជា មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការឈូសឆាយ​លើ​ដី​រដ្ឋ​ទុក​ដាំ​កូន​ឈើ​នេះ​ទេ ។

ប៉ុន្តែ​បើ​តាម​លោក ពារ គឹមហេង បាន​បញ្ជាក់​ថា​ក្រោយ​ពី​អេស្កាវេទ័រ​មួយ​គ្រឿង​ត្រូវ​បាន​ចាប់​រក្សា​ទុក​នៅ​ទីបញ្ជការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​សាលាក្រៅ​រួច​មក លោក កែវ សាមេទ្ធ បាន​បើក​ឡាន​ទៅ​មើល ហើយ​បាន​បញ្ជា​ពី​ក្នុង​រថយន្ត​មក​ថា ឲ្យ​ប្រគល់​សោ​អេស្ការវេទ័រ​ទៅ​ឲ្យ​លោក​វិញ ហើយ​បោះ​ផែនទី​មិន​ច្បាស់លាស់​មួយ​តាម​កញ្ចក់​ឡាន​ចេញ​មក​ក្រៅ ទៅ​លើ​ដី​ឲ្យ​ក្រុម​រដ្ឋបាល​ព្រៃឈើ​មើល ។

លោក ពារ គឹមហេង បានបញ្ជាក់​ថា ៖ «គាត់​គប់ ហើយ​រូបភាព​នេះ គាត់​ដាក់​ក្នុង​ស៊ុម​កញ្ចក់​មួយ​យ៉ាង​ស្អាត ហើយ​គាត់​គ្រវែង​តាម​កញ្ចក់​ឡាន ហើយ​គាត់​បើក​ឡាន​ត្រឡប់​ទៅ​វិញ»

លោក អ៊ី ឈាន អភិបាល​ក្រុង​ប៉ៃលិន​ថ្លែង​ថា ការ​ដែល​គ្រឿងចក្រ​ឈូសឆាយ​ចូល​ដី​រដ្ឋ​ទុក​សម្រាប់​ដាំ​កូន​ឈើ​ដែល​មាន​ទទឹង​ជិត​៣០០​ម៉ែត្រ និង​បណ្តោយ​ជាង​១០០០ម៉ែត្រ​នោះ គឺ​ជា​រឿង​យល់​ច្រឡំ ហើយ​ចូល​ព្រំ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា ៖ «គ្រាន់តែ​ប៉ះ​ព្រំ​គ្នា​បន្តិចបន្តួច អា​នោះ​វា​ច្រឡំ វា​ច្រឡំ​ដូច​តែ​គ្នា​ហ្នឹង ។ ឥឡូវ​កំពុង​ដោះស្រាយ មិន​ត្រូវ​ទេ ពីព្រោះ​អា​ហ្នឹង​អាជ្ញាធរ​ប៉ុណ្ណា​ណី​គេ​ឲ្យ​ទៅ​ឈូស​ឆាយ​ដើម្បី​ការពារ​ព្រំដែន មិន​មែន​ឈូស​ឆាយ​បំផ្លាញ​ឯ​ណា ដើម្បី​ការពារ​អភិរក្ស​សត្វ»

លោក អ៊ី ឈាន អភិបាល​ក្រុង​ប៉ៃលិន​បាន​ប្រតិកម្ម​ខឹង​ទៅ​នឹង​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​ចាប់​អេស្ការវេទ័រ​របស់​សហគមន៍ លោក កែវ សុមេទ្ធ ដោយ​ស្តី​បន្ទោស​ថា ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​បាន​ចុះ​ចាប់​គ្រឿងចក្រ​នោះ​មិន​បាន​ជូន​ដំណឹង​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ។

លោក អ៊ី ឈាន បាន​បញ្ជាក់​ថា ៖ «ព្រោះ​អា​ហ្នឹង​វា​អត់​មាន​សហការ​ជាមួយ​អាជ្ញាធរ​អី​បន្តិច យ៉ាង​ម៉េច​ក៏​សួរ​គេ​សិន អត់​មាន​អី​សហការ​ទេ ពីព្រោះ​គេ​នៅ​កន្លែង​នេះ យ៉ាង​ម៉េច​ក៏​ដោយ​អភិបាល​ក្រុង មាន​អភិបាល​ខណ្ឌ មាន​ចៅ​សង្កាត់ មាន​មេ​ភូមិ ដឹកនាំ​តាំង​ពី​លើ​ដល់​ក្រោម ។ ហើយ​វា​អត់​មាន​សហការ​ជាមួយ​គេ​មិន​ជា​ធ្វើ​អី ហើយ​ធ្វើ​អ៊ីចឹង​ម៉េច​បាន ពីព្រោះ​ខ្ញុំ​ទៅ​ហើយ​មាន​អ្នក​ណា​ទៀត»

ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​អះអាង​ថា ពួក​គេ​មិន​ចាំបាច់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដូច​ការទាមទារ​របស់​លោក អ៊ី​ឈាន នោះ​ទេ ពីព្រោះ​ករណី​ឈូសឆាយ​ដី​រដ្ឋ​នេះ​គឺ​ជា​បទល្មើស​ជាក់ស្តែង ។

យោង​តាម​លិខិត​របស់​សាលាក្រុង​ប៉ៃលិន ចុះ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០២ លោក អ៊ី ឈាន ខ្លួនឯង បាន​យល់ព្រម​ប្រគល់​ដី​ទំហំ​២០០​ហិកតារ ស្ថិត​នៅ​ក្នុង​ភូមិ​ទំនប់ សង្កាត់​ស្ទឹងត្រង់ ខណ្ឌ​សាលាក្រៅ ក្រុង​ប៉ៃលិន​នេះ ឲ្យ​ទៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​អភិវឌ្ឍ ហើយ​តាម​ប្លង់​ទីតាំង​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ក្រុង​ប៉ៃលិន ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនលី និង​លោក ហុក សុផល ប្រធាន​ការិយាល័យ​សុរិយោដី​និង​ភូមិសាស្រ្ត កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០០២ បាន​កំណត់​ថា​ជា​ដី​សម្រាប់​ធ្វើការ​ដាំ​ដុះ​កូន​ឈើ និង​ប្រារព្ធ​ពិធី​បុណ្ណរក្ខទិវា ។

លោក ផាន់ ពេជ្រ ប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​ប៉ៃលិន បាន​ថ្លែង​ថា​បញ្ហា​ខាង​លើ​នេះ​កើតឡើង​ដោយសារ​តែ​លោក​អភិបាល​ក្រុង អ៊ី ឈាន ៖ «ខាង កែវ សាមេទ្ធ ក៏​មាន​ច្បាប់ គឺ​ច្បាប់​គាត់​ចេញ​ពី​អាជ្ញាធរ​ក្រុង អា​ហ្នឹង​ទី​១ ។ ហើយ​ទី​២ ខាង​រដ្ឋបាល​ព្រៃ​ឈើ​ក៏​មាន​ច្បាប់​ចេញ​ពី​អាជ្ញាធរ​ក្រុង​ដូច​គ្នា ។ អ៊ីចឹង​គឺ​និយាយ​ដោយ​ស្មោះ គឺ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង គឺ​អភិបាល​ក្រុង​ទទួល​ជំនួស​ចំពោះ​មុខ​អ្នក​ទាំង​ពីរ​ទើប​ប្រសើរ ព្រោះ​គាត់​ស៊ីញ៉េ​ទាំង​ពីរ ។ អ្វី​ដែល​ជា​គម្រោង​វា​មាន​ពីរ មួយ​គម្រោង​របស់​រដ្ឋ ហើយ​មួយ​របស់​អង្គការ ។ អ៊ីចឹង​គឺ​ខ្ញុំ​យល់​ថា រដ្ឋ​គេ​មាន​ទំហំ​ធំ​ជាង​ព្រោះ​អង្គការ​សិ្ថត​នៅ​ក្រោម​អាណាព្យាបាល​របស់​រដ្ឋ ហើយ​បើ​ថា​អង្គការ​គាត់​ថា គាត់​មាន​អំណាច​ជាង អា​ហ្នឹង​តាម​ដំណើរ​របស់​គាត់​ទៅ ហើយ​ចាំមើល​ទៅ​តុលាការ​គាត់​ធ្វើ​មុខ​ម៉េច​អា​ហ្នឹង​ដឹង​ហើយ»

លោក អ៊ី ឈាន បាន​អះអាង​បញ្ជាក់​ថា​ទោះ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រៀបចំ​របាយការណ៍​ប្តឹង​ទៅ​តុលាការ​ក៏​ប្តឹង​ទៅ តុលាការ​ក៏​ដោយ​ក៏​លោក​មិន​មាន​ការព្រួយបារម្ភ​អ្វី​នោះ​ទេ ៖ «អត់​អី​ទេ រាយការណ៍​រាយ​ទៅ​អត់​អី​ទេ»

ចំណែកឯ​លោក ពារ គឹមហេង នាយរង​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ប៉ៃលិន បាន​ថ្លែង​អះអាង​បញ្ជាក់​ថា លោក​បាន​ដាក់​របាយការណ៍​ជូន​ទៅ​តុលាការ​ហើយ កាលពី​ថ្ងៃ​ទី​២២ សីហា ជុំវិញ​ករណី​ចាប់​ឃាត់​អេស្កាវេទ័រ​មួយ​គ្រឿង​ដែល​បាន​ឈូស​រំលោភ​ចូល​ក្នុង​ដី​របស់​រដ្ឋ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០០៨ ៕