សេចក្តីអះអាងនេះកើតមានឡើងបន្ទាប់ពីតុលាការខេត្តបានកោះហៅតំណាងសហគមន៍ចំនួនពីរនាក់កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០០៨ ដើម្បីសាកសួរក្នុងរឿងជម្លោះទាមទារដីធ្លីជាមួយក្រុមហ៊ុនឌីអឹមហ្រ្គូប ហើយធ្វើការចាប់ខ្លួនអ្នកទាំងពីរ ក៏ប៉ុន្តែភ្លាមៗនោះអ្នកភូមិប្រមាណ៤០នាក់បានសម្រុកចូលរំដោះ ហើយក៏មានការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាមួយកងប៉ូលិសធ្វើឲ្យទាំងប៉ូលិសទាំងអ្នកភូមិចំនួន៣នាក់រងរបួស ចំណែកមេដឹកនាំសហគមន៍ម្នាក់ក្នុងចំណោមពីរនាក់ គឺលោក យ៉ាង ថន ត្រូវបានចាប់ខ្លួន។
អ្នកភូមិនិយាយថា ពួកគាត់កំពុងរស់នៅក្នុងសភាពអស់សង្ឃឹមនិងភ័យខ្លាច ហើយ៧នាក់ទៀតកំពុងលាក់ខ្លួននៅក្នុងព្រៃ ៖ «ខ្ញុំថារកស្លាប់នៅហ្នឹងហើយ ម៉េចចេះរស់ បើដីជនជាតិដើមភាគតិចគេរំលោភ។ ខ្ញុំទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយ ហើយដោះចេញមេពួកខ្ញុំ ដោះស្រាយយុត្តិធម៌ អ្នកណាខុស? អ្នកណាត្រូវ?»។
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ វិច្ឆិកានេះ អ្នកភូមិប្រមាណ៤០នាក់បានប្រមូលផ្តុំគ្នាជាថ្មីទៀតដើម្បីលើកគ្នាមកកាន់តុលាការដើម្បីទាមទារឲ្យមានការដោះលែងតំណាងពួកគាត់មកវិញ ក៏ប៉ុន្តែត្រូវផ្អាកបន្ទាប់ពីអ្នកភូមិសុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុកខេត្តរតនគិរីផ្តល់មេធាវីដើម្បីការពារក្តីក្នុងរឿងនេះ។
អនុប្រធានប៉ុស្តិ៍នគរបាលឃុំប៉ាតាង លោក កែវ វណ្ណា មានប្រសាសន៍ថា អ្នកភូមិខ្លះយកកាំបិតពូថៅជាប់ខ្លួនជាការព្រួយបារម្ភកើតមានអំពើហិង្សា។
លោក កែវ វណ្ណា បានឲ្យដឹងថា ៖ «ព្រះរាជអាជ្ញាគេមានដីកា គេមកបញ្ជាពួកខ្ញុំឲ្យទៅកន្លែងហ្នឹង គេខ្លាចធ្វើបាបគេ»។
មេធាវីការពារក្តីឲ្យអ្នកភូមិ លោក ឡុង លន់ មានប្រសាសន៍ថា អ្នកភូមិកំពុងឋិតនៅក្នុងសភាពរំជើបរំជួល កំហឹង និងការព្រួយបារម្ភ។
លោក ឡុង លន់ បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋមានការជួបជុំគ្នាច្រើនខ្លាចមានការចាប់ខ្លួនពួកគាត់តទៅទៀត ហើយគាត់ក៏បានសំណូមពរខ្ញុំបាទដែលជាមេធាវីហ្នឹងឲ្យជួយដើម្បីសុំឲ្យតុលាការក៏ដូចជារាជរដ្ឋាភិបាលជួយរកយុត្តិធម៌ជូនដល់ពួកគាត់»។
តាមមន្ត្រីឃ្លាំមើលសមាគមអាដហុកខេត្តរតនគិរីនិយាយឲ្យដឹងថា កងប៉ូលិសនិងឆ្មាំពន្ធនាគារប្រមាណ៣០នាក់ រួមទាំងរថយន្តបាញ់ទឹកមួយគ្រឿងផង ត្រូវបានដាក់នៅមុខពន្ធនាគារនៅព្រឹកថ្ងៃសៅរ៍ ក៏ប៉ុន្តែពុំមានហេតុការណ៍អ្វីកើតឡើងនោះទេ។
តាមរបាយការណ៍ស៊ើបអង្កេតរបស់សមាគមអាដហុកកាលពីឆ្នាំ២០០៥ អ្នកភូមិជនជាតិដើមភូមិសាយោះ ឃុំកាឡែង ស្រុកលំផាត់ បានលក់ដី២០០ហិកតារដែលគ្រប់គ្រងដោយអ្នកភូមិប៉ាតាង ឃុំប៉ាតាង តាំងពីឆ្នាំ១៩៧៩មក ដោយសំអាងថាជាអតីតដីដូនតាអ្នកភូមិសាយោះពីសម័យមុន ហើយជាបន្តបន្ទាប់អ្នកទិញដីបានលក់ដីនោះទៅឲ្យក្រុមហ៊ុនឈ្មោះ ឌីអឹមហ្រ្គូប ដោយមានមេឃុំនិងអភិបាលស្រុកចុះហត្ថលេខាលើការផ្ទេរសិទ្ធិលក់ដូរដីនោះ ហើយរហូតមកក្រុមហ៊ុនបានប្រើប្រាស់មន្ត្រីតួនាទីក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រីការពារគំរាមកំហែងធ្វើការឈូសឆាយលើផលដំណាំដីចម្ការវិលជុំនិងតំបន់ព្រៃឈើមួយចំនួននៅតំបន់នោះ បើទោះបីជាអ្នកភូមិប៉ាតាងបានប្តឹងតវ៉ាទៅអាជ្ញាធរមូលដ្ឋាននិងតុលាការជាច្រើនលើកច្រើនសាក្តី៕
