ទាហាន​នៅ​រតនគិរី​បន្ត​ដាក់​របាំង​បិទ​ផ្លូវ​អ្នក​ភូមិ​មិន​ឲ្យ​ទៅ​ចម្ការ

អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កង​ទាហាន​នៅតែ​បន្ត​ដាក់​របាំង​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ទៅ​កាន់​ចម្ការ​គាត់​បាន​ឡើយ។

0:00 / 0:00

ច្រក​ផ្លូវ​សំខាន់ៗ​សម្រាប់​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​កាន់​ចម្ការ​សណ្ដែកសៀង ដែល​អ្នក​ភូមិ​ចំនួន​ពីរ​ភូមិ​កំពុង​ប្រមូល​ផល​ឆ្នាំ​នេះ​ត្រូវ​បាន​ហាមឃាត់ ៖ «កាំភ្លើង​មាន​គ្រប់​ដៃ ទាហាន​គេ​ដាក់​ពីរ​កន្លែង គេ​អត់​ឲ្យ​ចូល ខ្លះ​មាន​ដំណាំ​មាន​អី​ចូល​ទៅ​យក​លួចលាក់ ភ័យ​ភ្នែក​ស​ភ្នែក​ខ្មៅ»

កាលពី​ចុង​សប្ដាហ៍​មុន​នេះ អ្នក​ភូមិ​រាយការណ៍​ថា មេការ​ក្រុមហ៊ុន​ឌីអឹមគ្រូប​ដែល​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ប្រជាសហគមន៍​ជាង​២០០​ហិកតារ​ដើម្បី​ដាំ​កៅស៊ូ​នៅ​តំបន់​នោះ​បាន​ប្រើ​កម្មករ​អម​ដោយ​កង​ប្រដាប់​អាវុធ​ដុត​បំផ្លាញ​ខ្ទម​អ្នក​ភូមិ​ប្រមាណ​៧​រោង ហើយ​គំរាម​បណ្ដេញ​អ្នក​ភូមិ​ឲ្យ​ចាក​ចេញ​ពី​ដី​ចម្ការ​នោះ។ តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​សមាគម​អាដហុក​បញ្ជាក់​ថា ក្រុមហ៊ុន​ឌីអឹមគ្រូប មាន​អាសយដ្ឋាន​ផ្ទះ​លេខ​២៣ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

នាយិកា​ក្រុមហ៊ុន​ឈ្មោះ គឹម ចំរើន បាន​ធ្វើ​សិទ្ធិ​មើល​ការខុសត្រូវ​លើ​ដី​២៦០​ហិកតារ​នៅ​ស្រុក​លំផាត់ ទៅ​ឲ្យ​លោក គង់ ងីម នៅ​ខែ​ឧសភា ឆ្នាំ​២០០៨ ក៏ប៉ុន្តែ​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ លោក គង់ ងីម អះអាង​ថា បាន​លា​ឈប់​ពី​ការងារ​ក្រុមហ៊ុន​ហើយ បន្ទាប់ពី​ផ្ទុះ​រឿង​អាស្រូវ​រក​ឃើញ​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​និង​ទីតាំង​កាប់រាន​ព្រៃ​ឈើ​នៅ​ពី​ក្រោយ​ទីតាំង​ក្រុមហ៊ុន។ ហើយ​បច្ចុប្បន្ន​អ្នក​ភូមិ​អះអាង​ថា ឈ្មោះ មាស ម៉ុន គឺ​ជា​មេការ​ថ្មី ប៉ុន្តែ​ពុំ​មាន​នរណា​ស្គាល់​លោក​ប្រាកដ​ឬ​មាន​លេខ​ទូរស័ព្ទ​អាច​ទាក់ទង​បាន​ឡើយ។

យ៉ាង​នេះ​ក្ដី​ស្នងការ​នគរបាល​ខេត្ត លោក រ៉ែ រ៉ៃ មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​មុន​ខ្ញុំ​ឲ្យ​ប៉ុស្តិ៍​ហើយ ប៉ុន្តែ​គេ​អត់​ឲ្យ​ចូល​ដែរ»

ចំណែក​មេបញ្ជាការ​យោធា​ខេត្ត លោក ម៉ុង ថែន មាន​ប្រសាសន៍​ដែរ​ថា ៖ «ផល​វិបាក​ហ្នឹង​មិន​មែន​គេ​ប្រើប្រាស់​អ៊ីចឹង​ទេ ការ​ពិត​យើង​ការពារ​ប្រជារាស្រ្ដ ទាំង​ក្រុមហ៊ុន​ទាំង​អី​ទេ មិន​មែន​យើង​ទៅ​ធ្វើ​ព្រមាន​ប្រជារាស្ត្រ​ម៉េច»។

អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក ចាន់ សូវ៉េត ដែល​បាន​ទៅ​ដល់​ទី​កើត​ហេតុ​មាន​ប្រសាសន៍​ថា ៖ «កម្លាំង​ប្រដាប់​អាវុធ​ឯកសណ្ឋាន​ជា​យោធា​ហ្នឹង​ប្រមាណ​ជា​ជាង​១០​នាក់​ដែរ បើ​តាម​ពិនិត្យ​មើល​ទៅ ហើយ​គេ​ក៏​បាន​ឃាត់​មិន​ឲ្យ​យើង​ចូល»

ចំណែក​មេធាវី​ការពារ​ក្ដី​ជូន​អ្នក​ភូមិ លោក ឡុង លន់ បញ្ជាក់​បន្ថែម ៖ «ក្រុមហ៊ុន​តាម​គោលការណ៍​ច្បាប់ គឺ​ថា​មិន​អាច​ប្រើប្រាស់​ទាហាន​ជា​របស់​រដ្ឋ​យក​ទៅ​បំផ្លិច​បំផ្លាញ​ដល់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ទេ»

កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០០៨ តុលាការ​ខេត្ត​រតនគិរី បាន​កោះហៅ​តំណាង​សហគមន៍​ចំនួន​២​នាក់​ដែល​ជា​សកម្មជន​សមាគម​អាដហុក​ផង​នោះ ហើយ​ធ្វើការ​ចាប់​ខ្លួន​ពួក​គេ​ដោយ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បំផ្លាញ​ដើម​កៅស៊ូ​ក្រុមហ៊ុន ក៏ប៉ុន្តែ​អ្នក​ភូមិ​ប្រមាណ​ជា​៣០​នាក់​បាន​បះបោរ​សម្រុក​ចូល​ទៅ​រំដោះ​តំណាង​ម្នាក់​បាន​វិញ ហើយ​កំពុង​គេច​ខ្លួន​ជាមួយ​អ្នក​ភូមិ​៦​នាក់​ទៀត​ដោយ​ភ័យ​ខ្លាច​តុលាការ​ចាប់​ខ្លួន។

កាលពី​ថ្ងៃ​ច័ន្ទ​សមាគម​អាដហុក​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្កោលទោស​សកម្មភាព​រំលោភ​បំពាន​និង​ប្រើប្រាស់​កង​យោធា​មក​លើ​ប្រជាសហគមន៍​ជនជាតិ ហើយ​អំពាវនាវ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​តវ៉ា​ឲ្យ​មាន​ការដោះលែង​សកម្មជន​ការពារ​ដី​ធ្លី​និង​ធនធាន​ធម្មជាតិ​នោះ​មក​វិញ៕