អាជ្ញាធរ​ខែត្រ​សៀមរាប​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​ជូន​ពលរដ្ឋ

មន្រ្តី​ខេត្ត​សៀមរាប​បាន​ចេញ​មុខ​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​ដែល​រស់​នៅ​ស្រុក​បន្ទាយ​ស្រី និង​ស្រុក​ប្រាសាទ​បាគង ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ដី​ធ្លី​ដ៏​តានតឹង​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​ជាង​មួយ​សប្តាហ៍​មកហើយ​រវាង​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្នា​សង្គ្រាម​និង​កង​ទាហាន​វិស្វកម្ម​នៃ​អគ្គ​សេនាធិការ​ក្រសួង​ការពារ​ជាតិ ខណៈ​ពេល​បញ្ជូន​គ្រឿងចក្រ​ទៅ​តំបន់​នោះ​បម្រុង​ឈូស​ឆាយ ។

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែ​មិថុនា នៅ​ឯ​សាលា​ស្រុក​ប្រាសាទ​បាគង ចំពោះ​មុខ​មន្ត្រី​ពេល​ជួប​ប្រជុំ​ដោយ​អះអាង​ថា ពួក​គាត់​ជា​អតីត​កម្លាំង​ផ្តាច់​ខ្លួន​ចេញពី​ពួក​ខ្មែរ​ក្រហម​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ស្រែចម្ការ​លើផ្ទៃដីទីនោះតាំងពីយូរមកហើយ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ការបញ្ជូន​កង​ទាហាន​និង​គ្រឿង​ចក្រ​មក​បម្រុង​ឈូស​ឆាយ​យក​ដី​របស់​គាត់​ដែល​អាច​ប្រឈមមុខ​នឹង​ការគ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទៀត​ទេ ៖ «សូម​លោក​អភិបាល​ខេត្ត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ប្រជាពលរដ្ឋ​យើង​នៅ​ទី​នេះ​គាត់​គ្មាន​ដី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ទេ»

ស្ត្រី​ម្នាក់​ទៀត​បាន​ចោទ​ប្រកាន់​ថា ការបញ្ជូន​កង​ទាហាន​និង​គ្រឿង​ចក្រ​បម្រុង​ឈូស​ឆាយ​លើ​ដី​ប្រជាពលរដ្ឋ​នោះ​គឺ​ជា​ការបំពាន​ខុស​ច្បាប់ ហើយ​គាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ផល​ប៉ះពាល់​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​នេះ ។

ស្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «យើង​មុន​នឹង​សង់​ផ្ទះ ក៏​យើង​ត្រូវ​សុំ​ច្បាប់​សាងសង់​ឬ​ក៏​ធ្វើ​អី​ដែរ ចុះ​ហេតុ​អី​មក​ឈូស​ហ៊ុម​ព័ទ្ធ​ដី​ហើយ​អត់​មាន​ច្បាប់​ទេ»

ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ឆ្លើយ​តប​ថា​ផ្ទៃ​ដី​ដែល​អ្នក​ភូមិ​កំពុង​តវ៉ា​នោះ​គឺ​មាន​ចំនួន​ជាង​២៤០០​ហិកតា​ដែល​ជា​ទ្រនាប់​ព្រៃ​ឈើ​សម្រាប់​សួន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ដែល​រដ្ឋ​បាន​ដកហូត​តាម​ដីកា​លេខ​០៨៥​ជាង​ពីរ​ឆ្នាំ​មក​ហើយ ។

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា​ការបញ្ជូន​កង​ទាហាន​វិស្វកម្ម​និង​គ្រឿងចក្រ​បម្រុង​ឈូស​ឆាយ​ផ្ទៃ​ដី​ចំនួន​ជាង​៥០០​ហិកតា​ក្នុង​ចំណោម​ដី​ដក​ហូត​ជាង​២៤០០​ហិកតា​នោះ ដើម្បី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជាតិ​ជន​ពិការ​ដែល​ជា​គម្រោង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​មែន​ជា​របស់​ក្រុមហ៊ុន​ទេ ។

ទោះ​យ៉ាង​ណា លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ខេត្ត​សុខ​ចិត្ត​ផ្អាក​គ្រឿង​ចក្រ​និង​កង​ទាហាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​បណ្តោះ​អាសន្ន ហើយ​ខេត្ត​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​ជា​បន្ទាន់​មួយ​ដែល​ត្រូវការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ផងដែរ​ដើម្បី​ចុះ​ពិនិត្យ​មើល​ឆាប់ៗ ។

លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ក្នុង​ដីកា​០៧៥​នេះ ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​មាន​ប៉ុន្មាន​ត្រូវ​ប្រគល់​ឲ្យ​អ៊ុំ​មាន​វិញ»

អ្នក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្តសៀមរាប លោក សួស ណារិន បាន​ទទួលស្គាល់​ថា ការចេញ​ដីកា​ដក​ហូត​ដី​តំបន់​នោះ​ទុក​ជា​ទ្រនាប់​ឧទ្យាន​ជាតិ​គឺ​ជា​ការត្រឹមត្រូវ ប៉ុន្តែ​លោក​បាន​រកឃើញ​ថា​ដី​មួយ​ផ្នែក​ក្នុង​នោះ​គឺ​ជា​របស់​ប្រជាពលរដ្ឋ​កាន់កាប់​មុន​ដីកា​ដក​ហូត​ទៅ​ទៀត ដូច្នេះ​គួរតែ​អាជ្ញាធរ​កាត់​ដី​ដែល​ជា​របស់​ប្រជាពលរដ្ឋ​ចេញ​មុន​ពេល​ដកហូត​ទៅ​ជា​របស់​រដ្ឋ ៖ «ប្រជាជន​បាន​រស់នៅ​មុន​ដីកា​ដក​ហូត​ពិត​ប្រាកដ​មែន»

តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​ដី​ដែល​មាន​ដីកា​ដកហូត​ជាង​២៤០០​ហិកតា​តាម​ដីកា​ដក​ហូត​របស់​សាលា​ខេត្ត​សៀមរាប ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០០៦ គឺ​មាន​ប៉ះពាល់​លើ​ដី​ស្រែ​ចម្ការ​ប្រមាណ​ជិត​១០០​ហិកតា​ដែល​ជា​របស់​ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​ដែរ ៕