ក្រុម​យោធា​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ

ក្រុម​យោធា​ប្រដាប់​អាវុធ​ដែល​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​កាលពី​ថៃ្ង​ច័ន្ទ​និង​ថៃ្ង​អង្គារ​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នោះ​ហើយ​ដោយសារ​ការរារាំង​និង​ការតវ៉ា​ជា​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ដីធ្លី​និង​ទី​ជម្រក​របស់​ខ្លួន។

0:00 / 0:00

លោក សឿន វ៉ា ជា​មន្រ្តី​យោធា​ជាន់ខ្ពស់​នៃ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ទទួល​បន្ទុក​អភិវឌ្ឍន៍​នៅ​តំបន់​ក្បាលឆាយ​ជា​តំបន់​មាន​វិវាទ​ដី​ធ្លី​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​សម្រេច​ផ្អាក​ការឈូសឆាយ​នោះ​មួយ​រយៈពេល​មួយ​សប្តាហ៍​សិន​ដោយសារ​មាន​ការតវ៉ា​ជា​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ។

លោក​បាន​អះអាង​ថា ផ្អែក​តាម​គម្រោង​របស់​លោក​គ្រោង​នឹង​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​តែ​ប៉ុណ្ណោះ​ដែល​លោក​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​ទំាង​នោះ​បាន​មក​តាំង​ទី​លំនៅ​នៅ​លើ​ដី​ធ្លី​ហាមឃាត់​ដោយ​អនុក្រឹត្យ។

លោក សឿន វ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជាជន​ទៅ​តវ៉ា ទៅ​ហាមឃាត់​មិន​ឲ្យ​ឈូស អ៊ីចឹង​ទៅ​យើង​ក៏​ផ្អាក​ការឈូស​ឆាយ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​លើ​ប្រជាជន ផ្អាក​៤​-​៥​ថ្ងៃ ហើយ​ក្នុង​ដី​តំបន់​អនុក្រឹត្យ ដី​ហ្នឹង​ចំនួន​ប្រហែល​ជា​២​ហិកតារ។ គ្រួសារ​ដែល​ទៅ​ប៉ះពាល់ មាន​គ្រាន់តែ​ថា បោះ​ជា​របង​ជា​អី​អ៊ីចឹង ហើយ​ដល់​ពេល​៧​គ្រួសារ​ហ្នឹង​បាន​ទៅ​សាងសង់ បាន​ចំនួន​២​ថ្ងៃ ហើយ​ខ្ញុំ​ហាមឃាត់​និង​រុះរើ​ចេញ»

លោក​បាន​ឲ្យ​ដឹង​ថា លោក​គ្មាន​គម្រោងការ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ទាំង​នោះ​ទេ ហើយ​នឹង​គ្មាន​គម្រោងការ​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ទេ​ដែល​រស់នៅ​ក្រៅ​តំបន់​ហាមឃាត់​នោះ។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​២ ក្រុម​៩ សង្កាត់​៤ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ៖ «គេ​រំលោភ​បំពាន​ហ្នឹង​រាង​ស្ងប់​ហើយ ប្រជាជន​រៀបចំ​ធ្វើ​ឡើង​វិញ ឥឡូវ​រាង​ស្ងប់។ ឥឡូវ​មាន​ការធូរ​អារម្មណ៍​បន្តិច»

លោក មិន ថាវរិន្ទ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​ដូច​ថា​បាន​ឈរ​មុខ​អាត្រាក់​ទៅ កម្លាំង​របស់​វា​បាន​ដក​ថយ វា​អត់​ហ៊ាន​ឈូស​បុក​ប្រជាពលរដ្ឋ​យើង​ទេ។ គម្រោង​ដែល​គេ​ឈូស​គឺ​ថា គេ​ឈូស​ពី​ចុង​ភូមិ​រហូត​ដល់​ដើម​ភូមិ ក្នុង​ភូមិ​ហ្នឹង គេ​ហៅ​ភូមិ​អារ៉េវ​ហ្នឹង វា​ជាង​៣០០​គ្រួសារ»

លោក អ៊ំ សំអាត ប្រធាន​ផែ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​កំពុង​តាមដាន​ករណី​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ «ទី​១ ឃើញ​ថា​ប្រជាពលរដ្ឋ គឺ​លោក​មិន​បាន​ដឹង​ថា តំបន់​ហ្នឹង​ជា​តំបន់​គ្រោង​អភិវឌ្ឍន៍​របស់​យោធា​ទេ ហើយ​លោក​ធ្វើ​នេះ បើ​តាម​ទទួល​ព័ត៌មាន គឺ​ពី​ការទិញ​ពី​យោធា។ អ៊ីចឹង​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​បញ្ហា​កើត​ឡើង​ភ្លាម​ដែល​មាន​បាតុភាព​ប្រជាពលរដ្ឋ គាត់​ទិញ ហើយ​សង់​អ៊ីចឹង​យោធា​គួរតែ​ជូន​ដំណឹង ឬ​ក៏​ហាម​ពួក​គាត់​ថា តំបន់​ហ្នឹង​ជា​តំបន់​អត់​ការពារ មិន​អនុញ្ញាត​ឲ្យ​សង់​ជម្រក​ទេ»

លោក​បាន​ធ្វើការ​រិះគន់​ថា ក្រុម​យោធា​ជា​អ្នក​លក់​ដី​ធ្លី​នោះ​ប្រជាពលរដ្ឋ​ជា​អ្នក​ទិញ​នៅ​ពេល​ក្រុម​យោធា​ត្រូវការ​ដី​នោះ​វិញ ប្រជាពលរដ្ឋ​ជា​អ្នក​រងគ្រោះ​ខាត់បង់​ថវិកា​នឹង​បាត់បង់​ដី​ធ្លី​នោះ៕