លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានសរសេរលិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ដោយលោកបានសុំឲ្យជួយអន្តរាគមន៍ដោះស្រាយផែ្អកតាមសេចក្តីសម្រេចរបស់ស.ជ.ណ. កាលពីឆ្នាំ២០០៤កន្លងទៅ ក្នុងការបែងចែកដីធ្លីទំនាស់នោះ។
លោកបានបញ្ជាក់បន្ថែមថា បើសិនការដោះស្រាយតាមសេចក្ដីសម្រេចកាលពីឆ្នាំ២០០៤នោះមិនអាចអនុវត្តទៅរួច លោកសុំឲ្យបុគ្គលិកនានានៃមន្ទីរព័ត៌មានក្រុងព្រះសីហនុចូលកាប់កាប់ដីធ្លី១៤ហិកតានោះវិញ។ លោកមិនបានដឹងថា ក្រុមហ៊ុនណាឬក្រុមប្រជាពលរដ្ឋណាកំពុងតែរំលោភបំពាននិងរឹបយកដីធ្លី១៤ហិកតារនោះទេ។
លោក ម៉ម ម៉ាលី ប្រធានមន្ទីរព័ត៌មានក្រុងព្រះសីហនុ ក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សកម្មភាពឈូសឆាយរឹបយកដីកំពុងតែបន្តដោយផែ្អកទៅលើលិខិតស.ជ.ណ.ថ្មីកាលពីឆ្នាំ២០០៦ ឬឆ្នាំ២០០៧ កន្លងទៅនេះ។
លោក ម៉ម ម៉ាលី បានមានប្រសាសន៍ថា ៖ «អ្នកដែលគេថា ទទួលជាម្ចាស់ដីហ្នឹង គឺគេកំពុងតែដំណើរការឈូសឆាយ។ អ៊ីចឹងគឺមន្ទីរអត់មានលទ្ធភាពក្នុងការបង្ខាំងគេបាន ប៉ុន្តែគ្រាន់តែបានធ្វើរបាយការណ៍ទៅអភិបាលក្រុងហើយនិងទៅក្រសួងប៉ុណ្ណឹង។ មាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងព័ត៌មាន។ គេឈូស អាហ្នឹងគេថា ក្នុងការគ្រប់គ្រង កម្រិតគ្រប់គ្រងរបស់គេ ប៉ុន្តែវាអាចប៉ះពាល់ដល់អង់តែន មានស.ជ.ណ.មួយរបស់ខាងទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែឥឡូវហ្នឹងមានត្រាក់ទ័រឈូសរហូតដល់អង់តែន»។
ផ្អែកតាមប្រភពបានឲ្យដឹងថា ដីធ្លីចំនួន១៤ហិកតារនោះគឺជាកម្មសិទ្ធិមានចុះក្នុងបញ្ជីសារពើភណ្ឌរបស់មន្ទីរព័ត៌មានក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ធ្លាប់មានទំនាស់ហិង្សារួចម្តងទៅហើយកាលពីឆ្នាំ២០០២កន្លងទៅ។
លោកស្រី ជៀប សុធាវី អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាហុកប្រចាំការនៅក្នុងក្រុងព្រះសីហនុដែលបានតាមដានរឿងនោះ បានមានប្រសាសន៍ថា ៖ «ដីហ្នឹងខ្ញុំធ្លាប់ឃើញឯកសាររបស់ខាងមន្ទីរព័ត៌មានហ្នឹងគាត់ប្ដឹងដែរ ប៉ុន្តែមានការឆ្លើយតបមកវិញថា មិនអាចដោះស្រាយបានទេ ដោយសារតែដីហ្នឹងបានធ្វើការបែងចែកឲ្យទៅប្រជាពលរដ្ឋរួចហើយ ហើយចុះជាប័ណ្ណកម្មសិទ្ធិទៀត។ ការប្រគល់ទៅឲ្យប្រជាពលរដ្ឋហើយមានការធ្វើប័ណ្ណកម្មសិទ្ធិហ្នឹង ចង់និយាយថា គោលបំណងនៃការប្រគល់ដីហ្នឹងឲ្យទៅប្រជាពលរដ្ឋជាប័ណ្ណកម្មសិទ្ធិហ្នឹង គោលបំណងរបស់សម្ដេចនាយកហ្នឹងថា ចង់កុំឲ្យមានបញ្ហាទំនាស់ដីធ្លីជាមួយគ្នាតទៅទៀត។ ប៉ុន្តែនៅពេលដែលប្រគល់ទៅឲ្យប្រជាពលរដ្ឋចំនួន១០៥គ្រួសារហ្នឹង គឺមានទំនាស់ទៀត»។
លោកស្រីបានសម្ដែងការព្រួយបារម្ភថា នឹងអាចមានអំពើហិង្សាជាថ្មីកើតឡើងបើសិនណាការដោះស្រាយគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់ពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីនោះជុំវិញទំនាស់ដីធ្លីនោះ៕
