ក្រុមអ្នកភូមិបានចោទថា លោក លឹម ទាឡេង ជាមន្ត្រីយោធាមានអំណាចបានបែងចែកដីគាត់ឲ្យទៅប្រជាពលរដ្ឋ ៤៦គ្រួសារ ប៉ុន្តែមានគ្រួសារមួយចំនួនមិនទទួលយក ដោយសារដីនោះមានម្ចាស់ផ្សេង ទើបលោក លឹម ទាឡេង មានកំហឹង ក៏ដឹកនាំកងទាហានជាច្រើននាក់ចុះដុតបំផ្លាញខ្ទមចម្ការអ្នកភូមិអស់ចំនួន ៣កន្លែង និងបានបាញ់កាំភ្លើង ៥គ្រាប់គំរាមមិនឲ្យអ្នកភូមិតវ៉ា។
លោកស្រី ចាន់ ហឿ បានមានប្រសាសន៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីលោក លឹម ទាឡេង ជាមន្ត្រីខេត្តបាត់ដំបង បានដឹកនាំកម្លាំងយោធា ១០នាក់ចុះបែកចែកដីឲ្យអ្នកភូមិចំនួន ៤៦គ្រួសារនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកស្រី ចាន់ ហឿ បានឲ្យដឹងថា ៖ «ដុតរបស់គេចោល ហើយលោកយកដីគេមកវាស់ឲ្យពួកខ្ញុំ អ៊ីចឹងខ្ញុំអត់ព្រម។ ដល់អ៊ីចឹងគាត់ខឹង គាត់ខឹងទៅបាញ់ខ្ញុំ ៥គ្រាប់ បាញ់ខ្ញុំហើយនិងកូន»។
លោកស្រីបន្តថា លោក លឹម ទាឡេង បានរំលោភកាត់យកដី ១០ហិកតា ក្នុងទំហំដី ៤៥ហិកតាជាកម្មសិទ្ធិរបស់អ្នកភូមិ ១៥គ្រួសារ ចែកទៅឲ្យអ្នកភូមិ ៤៦គ្រួសារ តែត្រូវគ្រួសារទាំងនោះបដិសេធមិនព្រមទទួលយក ដោយសារដីនោះមានម្ចាស់កម្មសិទ្ធិផ្សេងមិនមែនជាដីរបស់លោក លឹមទាឡេង។
លោកស្រីបន្តថា រថយន្តកូរ៉េចំណុះ ១តោនកន្លះរបស់លោកស្រីក៏ត្រូវលោក លឹម ទាឡេង រឹបអូសយកទៅដាក់នៅអធិការដ្ឋានស្រុកគាស់ក្រឡដែរ។
លោក ហ៊ាន រិន អាយុ ៦៧ឆ្នាំ បានមានប្រសាសន៍ថា លោក លឹម ទាឡេង បានចុះចែកដីទំហំ ៨០ហិកតានៅភូមិកុយវែង ឃុំព្រះផុស ទៅឲ្យអ្នកភូមិ ៤៦គ្រួសារ តែការយកដីចែកនោះប៉ះចំដីលោកស្រី ចាន់ ហឿ និងគ្រួសារផ្សេងទៀត ទើបក្រុមអ្នកភូមិបដិសេធមិនព្រមទទួល ៖ «ប៉ុន្តែដី ចាន់ ហឿ ខ្ញុំអត់យកទេ ព្រោះអីម្ចាស់តវ៉ាដែរ!»។
លោកស្រី ទុន សាំង អ្នកភូមិម្នាក់ទៀតបានបន្ថែមថា លោក លឹម ទាឡេង បានបង្ខំឲ្យលោកស្រីរំលោភយកដីរបស់អ្នកដទៃ ៖ «ខ្ញុំឆ្លើយថា មិនបានយកទេ ព្រោះអីដីមានម្ចាស់ ហើយគាត់ថា ខ្លាចអីយកទៅដី ចាន់ ហឿ ហ្នឹង»។
លោក លឹម ទាឡេង ជាមន្ត្រីយោធាមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការអះអាងរបស់អ្នកភូមិបានទេ។ លោក កុក លីវ មេឃុំព្រះផុស បានបិទទូរស័ព្ទ ចំណែកលោក ឆឹង ឆាង អធិការនគរបាលស្រុកគាស់ក្រឡ បានមានប្រសាសន៍ថា កំពុងជាប់រវល់។
លោក ហេង សាយហុង មន្ត្រីសិទ្ធិមនុស្សអង្គកាលីកាដូបានរិះគន់ថា លោក លឹម ទាឡេង កំពុងប្រើអំពើហិង្សារំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក ហេង សាយហុង បានបញ្ជាក់ថា ៖ «យើងជាភាគីជម្លោះ យើងមិនគប្បីទៅធ្វើជាសមត្ថកិច្ចដោះស្រាយសាច់រឿងហ្នឹងទេ។ រឿងហ្នឹងទុកឲ្យអាជ្ញាធរដែលមានសមត្ថកិច្ច គេធ្វើការដោះស្រាយ»។
លោកបន្តថា ជម្លោះដីធ្លីខាងលើនិងជម្លោះដីធ្លីនៅក្នុងខេត្តបាត់ដំបងជាច្រើនកន្លែងផ្សេងទៀតបានកើតមានរ៉ាំរ៉ៃជាច្រើនឆ្នាំ ដូច្នេះហើយគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តមិនគួរធ្វើមិនដឹងមិនឮទេ ត្រូវពន្លឿនការដោះស្រាយឲ្យបានឆាប់៕
