អ្នកភូមិនិងអាជ្ញាធរមូលដ្ឋានបានចោទប្រកាន់ថា មន្ត្រីយោធាការពារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បានចុះហាមឃាត់និងគំរាមក្រុមអ្នកភូមិជាច្រើនគ្រួសារ មិនឲ្យកាប់ឆ្ការព្រៃបង្កបង្កើនផលលើដីដែលពួកគេធ្លាប់បានកាន់កាប់ធ្វើស្រែចម្ការជាច្រើនឆ្នាំមកហើយ ដោយមិនបានប្រាប់ពីមូលហេតុ។
លោក ស៊ុត បញ្ញា មេភូមិតាមាំង បានថ្លែងនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែតុលា ថា ទាហានការពារព្រំដែនខ្មែរឈរជើងនៅច្រកតាមាំង ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១៤ និងថ្ងៃ១៥ ខែតុលា មានគ្នា៣ទៅ៤នាក់ បានចុះហាមក្រុមអ្នកភូមិមិនឲ្យបង្កបង្កើនផលលើដីស្រែពួកគេដែលធ្លាប់ធ្វើជាច្រើនឆ្នាំមកហើយ។
លោក ស៊ុត បញ្ញា បានឲ្យដឹងដូច្នេះ ៖ «ទាហានដែលទៅឃាត់ហ្នឹង ទៅម្ដងពីរបីនាក់ ហើយទៅសម្លុត មិនបាននិយាយហេតុផលអីច្បាស់ទេ ទៅដេញចេញតែម្ដង»។
លោកបន្តថា ប្រជាពលរដ្ឋ២៧គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ១១៥គ្រួសារ ក្នុងភូមិតាមាំង អាចជួបបញ្ហាខ្វះជីវភាព ប្រសិនបើពួកគេបន្តការខកខានមិនបានបង្កបង្កើនផល។
លោក ស៊ឹម ប៊ុនធឿន ប្រធានសហគមន៍ភូមិតាមាំង បានថ្លែងថា ផ្ទៃដីអ្នកភូមិដែលត្រូវបានក្រុមទាហានចុះហាមឃាត់មានទំហំប្រហែល១០០ហិកតារ ស្ថិតនៅចំណុចចង្អើរប្រើស និងចំណុចខាងជើងស្រះបន្លែក្នុងភូមិតាមាំង។
លោក ស៊ឹម ប៊ុនធឿន បានថ្លែងដូច្នេះថា ៖ «ក្នុងដីចាស់ដែលគាត់គាស់កាយបានហ្នឹង គាត់អាចធ្វើបាន តែដីដែលគេមានរបប មានឈ្មោះ គេគ្រោងទុកហ្នឹង គេហាមឃាត់មិនឲ្យធ្វើ»។
ចំណែកឯអ្នកភូមិម្នាក់ទៀតឈ្មោះ ម៉ៅ ឈុននី បានថ្លែងថា ៖ «និយាយឲ្យចំទៅសុទ្ធតែយកអាយុជីវិតទៅប្ដូរ ដីខ្លះនៅក្នុងចម្ការមីន មានគ្រោះថ្នាក់រហូតដល់សព្វថ្ងៃមានពិការ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីក្រុមមន្ត្រីយោធា ដែលឈរការពារព្រំដែននៅច្រកតាមាំង ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានទេ។ ប៉ុន្តែលោក យង់ យឿន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក បានមានប្រសាសន៍ថា ការហាមឃាត់មិនឲ្យអ្នកភូមិបង្កបង្កើនផល គឺមានពីរចំណុច ទី១ គឺដីនៅតំបន់ស ទី២ គឺជាដីព្រះរាជក្រឹត្យប្រាសាទបន្ទាយឆ្មារ។
លោក យង់ យឿន មានប្រសាសន៍ដូច្នេះ ៖ «មិនអនុញ្ញាតឲ្យមានការរុករានកាប់ទន្រ្ទានព្រៃសាជាថ្មីម្ដងទៀតទេ»។
ទាក់ទងបញ្ហានេះ លោក ទួន ឌុល មេឃុំគោករមៀត បានថ្លែងថា ៖ «បន្តទាក់ទងទៅស្រុកដើម្បីឲ្យស្រុកគាត់ធ្វើការដោះស្រាយ»។
រីឯលោក ជី សំនៀង អភិបាលរងស្រុកថ្មពួក បានថ្លែងថា មិនទាន់ដឹងបញ្ហាខាងលើនេះទេ។ លោកបន្តថា នឹងចុះស្រាវជ្រាវ ៖ «ខ្ញុំនឹងចុះពិនិត្យមើល»។
អាជ្ញាធរមូលដ្ឋាននិងតំណាងសហគមន៍តាមាំង បានឲ្យដឹងថា ដីរបស់អ្នកភូមិនៅតំបន់ ក្នុង១គ្រួសារៗ ទំហំ៥ហិកតារ សរុបទាំងអស់១១៥គ្រួសារ ត្រូវបានលោក សូ ចាន់ហេង ដែលជាមេបញ្ជាការកងពលយោធា បែងចែកឲ្យក្រុមអ្នកភូមិបង្កបង្កើនផល តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ស្រាប់តែក្រុមទាហានការពារព្រំដែនខ្មែរ ដែលផ្លាស់ទៅកាលពីដើមខែតុលានេះ ហាមឃាត់មិនឲ្យបង្កបង្កើនផលទៅវិញ៕
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
ជនជាតិភាគតិចនៅមណ្ឌលគិរីបារម្ភថាក្រុមហ៊ុនធ្វើឲ្យបាត់ដីចម្ការវិលជុំ
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
សង្គមស៊ីវិលស៊ើបអង្កេតករណីក្រុមហ៊ុនរំលោភបំពានលើជនជាតិភាគតិច
សមត្ថកិច្ចខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៣នាក់ក្នុងរឿងជម្លោះដី
សមត្ថកិច្ចខែត្រកំពង់ធំបាញ់បង្រ្កាបការតវ៉ារបស់ពលរដ្ឋក្នុងរឿងជម្លោះដី
អាជ្ញាធរវៀតណាមហាមឃាត់ខ្មែរក្រោមមិនឲ្យធ្វើស្រែលើដីដូនតា
ក្រឡាបញ្ជីតុលាការខេត្តកំពង់ធំរងការចោទថាគំរាមពលរដ្ឋក្នុងរឿងទំនាស់ដី
អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងកោះប្រជុំក្រុមហ៊ុនដែលមិនវិនិយោគចំគោលដៅ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.