ដី​ព្រៃ​របស់​រដ្ឋ​ជាង​៣០០​ហិកតារ​នៅ​រតនគិរី​រង​ការ​កាប់​រាន​ជា​ថ្មី​ទៀត

អ្នក​ភូមិ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភូមិ​ផ្អរ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ដី​ជាង​៣០០​ហិកតារ​ដែល​អាជ្ញាធរ​ខេត្ត​ដក​ហូត​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ត្រូវ​បាន​គេ​បំពាន​ចូល​កាន់កាប់​ជា​ថ្មី​ទៀត​ហើយ។

0:00 / 0:00

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ឃើញ​ឈ្មោះ អ៊ុំ ឡាំ មាន​ទី​លំនៅ​នៅ​ភូមិ​បានប៉ុង ស្រុក​វ៉ឺនសៃ ដឹក​នាំ​កម្មករ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ជា​ថ្មី​នៅ​លើ​ដី​នោះ ដើម្បី​ដាំ​កៅស៊ូ​កាល​ពី​ដើម​សប្តាហ៍​នេះ ៖ «ដី​ហ្នឹង​រដ្ឋ​ដក​ហូត​ចេញ​ទៅ​ហើយ ឥឡូវ​ហ្នឹង​កម្មករ​ចុះ​មក​ធ្វើ​ទៀត នរណា​ឲ្យ​ធ្វើ​ហ្នុង?»

លោក អ៊ុំ ឡាំ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​ជា​អ្នក​ម៉ៅការ​ដឹក​នាំ​កម្មករ​ដាំ​កៅស៊ូ​ឲ្យ​ម្ចាស់​ដី​មាន​ឈ្មោះ ចេន យ៉ុនអន និង ឆាយ ផុន។

អាជ្ញាធរ​មូលដ្នាន​ឃុំ​កិចុង ឲ្យ​ដឹង​ថា ដី​ជាង​៣០០​ហិកតារ ដែល​អាជ្ញាធរ​ខេត្ត​ដក​ហូត​ស្ថិត​នៅ​តំបន់​អូរស្វង។ ដី​មួយ​ចំណែក​ជា​អតីត​ដី​ព្រៃ​ចម្ការ​វិល​ជុំ​សមូហភាព​សហគមន៍ និង​មួយ​ចំណែក​ទៀត​ជា​ដី​ព្រៃ​ឈើ​សហគមន៍​ដែល​ត្រូវ​បាន​គេ​លក់​ដូរ​និង​កាប់​រាន​ដោយ​ខុស​ច្បាប់។

មេ​ឃុំ​កិចុង លោក រចំ ឡៃ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​ផ្តល់​របាយការណ៍​ពី​ការ​ចូល​ទៅ​កាន់​កាប់​ដី​ជា​ថ្មី​នោះ​មែន តែ​លោក​មិន​បាន​ទទួល​សំណើ ឬ​ឯកសារ​ណា​មួយ​ពី​អ្នក​ចូល​ទៅ​កាន់​កាប់​ដី​ជា​ថ្មី​នោះ​ទេ។

លោក រចំ ឡៃ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មិន​មែន​សុំ​ខ្ញុំ​ទេ បើ​សុំ​ខ្ញុំ ខ្ញុំ​មិន​ហ៊ាន​អនុញ្ញា​ឲ្យ​ទេ ដី​ហ្នឹង​រដ្ឋ​ដក​យក​ទៅ​ហើយ»

កាល​ពី​ដើម​ឆ្នាំ​២០០៩ អ្នក​ភូមិ​ផ្អរ​និង​អ្នក​ភូមិ​បរឡយ ភូមិ​ជាប់​គ្នា បាន​នាំ​គ្នា​ចូល​វាស់​ដី​ដែល​ដក​ហូត​នោះ​ម្តង​រួច​ទៅ​ហើយ​ដើម្បី​ចែក​គ្នា ដោយ​សំអាង​ថា ដី​នោះ​ជា​របស់​សហគមន៍ និង​ជា​ដី​ព្រៃ​ឈើ​សហគមន៍​អភិរក្ស ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រៃឈើ​បាន​ធ្វើ​ការ​ហាម​ឃាត់។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ដក​ហូត​ដី​ដោយ​សំអាង​ថា ជា​ដី​បាន​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​បាន​រក​អ្នក​ប្រព្រឹត្ត​ខុស​ឲ្យ​ទទួល​ខុស​ត្រូវ​ឡើយ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ ៖ «អាជ្ញាធរ​សមត្ថកិច្ច​បែរ​ជា​ដោះស្រាយ​ទៅ​ជា​ដក​ហូត​ដោយ​មិន​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង អ៊ីចឹង​ហើយ​បាន​ជា​វា​ជា​គំរូ​អាក្រក់»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក យូកាន វិមាន មាន​ប្រសាសន៍​ថា នៅ​រដូវ​ប្រាំង​ខាង​មុខ​នេះ ក្រុម​មន្ត្រី​ព្រៃ​ឈើ​នឹង​ចុះ​បោះ​បង្គោល​សម្គាល់​ដី​នោះ។ លោក​ថា ការ​ចូល​កាន់​កាប់​ដី​ដក​ហូត​គឺ​ជា​ប្រការ​ខុស​ច្បាប់។

លោក យូកាន វិមាន មាន​ប្រសាសន៍​ថា ៖ «អ្នក​ណា​ធ្វើ​អ្នក​ហ្នុង​ប្រឈម​ហើយ តែ​ដី​ដក​ហូត ហូត​ជា​សម្បត្តិ​រដ្ឋ​ហើយ​មិន​អាច​ប្រគល់​ឲ្យ​អ្នក​ណា​វិញ​ទេ។ សព្វថ្ងៃ​មេ​ព្រៃ​យើង ដោយសារ​ទើប​តែ​ស្ងួត​រដូវ​ប្រាំង គេ​ចាប់​ផ្ដើម​យក​ស្លាក​ទាំង​អស់​ហើយ»

មន្ត្រី​សមាគម​អាដហុក ដែល​បាន​ធ្វើការ​អង្កេត​ករណី​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ដី​ជាង​៣០០​ហិកតារ​ដែល​ខេត្ត​ដក​ហូត​មាន​ជាប់​ពាក់ព័ន្ធ​និង​អ្នក​ជំនួញ​ដី​ម្នាក់​ឈ្មោះ សេង ពិសិដ្ឋ បាន​កាន់​កាប់​ដី​នោះ​ដំបូង​ដោយ​សំអាង​ថា បាន​ទិញ​ពី​សហគមន៍​ហើយ បន្ទាប់​មក​បាន​លក់​បន្ត​ទៅ​ឲ្យ​ឈ្មោះ ចេន ឈុនអាន និង​ឈ្មោះ ឆាយ ផុន រស់​នៅ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ក៏​ប៉ុន្តែ​ក្រោយ​ពី​ខេត្ត​ដក​ហូត​ក្រុម​អាជ្ញាធរ​ខេត្ត​មិន​បាន​បង្ហាញ​ថា តើ​អ្នក​ណា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​រាន​ព្រៃ​ឈើ​យក​ដី​ទាំង​នោះ​ទេ៕