លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍នៅថៃ្ងពុធនេះ ថា ប្រជាពលរដ្ឋចំនួន ៤នាក់បានរងរបួសនៅក្នុងអំពើហិង្សាមួយ កាលពីថៃ្ងច័ន្ទដើមសប្តាហ៍កន្លងទៅនេះ។
លោក អំ សំអាត បានបញ្ជាក់ថា ៖ «ក្រុមហ៊ុនបានធ្វើការឈូសឆាយដោយមិនទាន់មានការដោះស្រាយឲ្យបានសមរម្យសម្រាប់ប្រជាពលរដ្ឋនៅឡើយទេ។ ក្រុមហ៊ុនបានយកកម្លាំងយោធាទៅទៀតដើម្បីធ្វើការការពារក្នុងការឈូសឆាយរបស់ខ្លួននេះ។ អ្វីដែលយើងព្រួយបារម្ភ បើសិនជាករណីនេះមិនបានដោះស្រាយឲ្យបានសមរម្យសម្រាប់ប្រជាពលរដ្ឋទេ យើងបារម្ភថ្ងៃក្រោយខ្លាចមានអំពើហិង្សាកើតឡើងកាន់តែខ្លាំងក្លា ហើយនឹងមានការចាប់ខ្លួនទៅដល់ប្រជាពលរដ្ឋ»។
អភិបាលរងខេត្តព្រះសីហនុ លោក មាស វុទ្ធី បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះនៅទ្បើយទេ ជុំវិញអំពើហិង្សាខាងលើនេះ ដោយសារតែលោកបានជាប់រវល់ ៖ «ខ្ញុំទើបតែមកពីសន្និបាតវប្បធម៌ ខ្ញុំទើបមកពីក្រសួង...»។
សុខ សេរី ៖ ពូមិនទាន់បានជ្រាបរឿងហ្នឹងទេ? មាស វុទ្ធី ៖ បាទៗ ខ្ញុំទើបតែមកពីភ្នំពេញ នៅតាមផ្លូវ។
កាលពីថៃ្ងច័ន្ទ ទី២៥ ខែមករាថ្មីៗនេះ ប្រជាពលរដ្ឋចំនួន ៤នាក់បានរងរបួសធ្ងន់នៅក្នុងអំពើហិង្សាមួយ ដោយកងកម្លាំងប្រដាប់អាវុធ ដោយសារតែគ្រួសារប្រជាពលរដ្ឋទាំងនោះបានការពារដីធ្លីរបស់ខ្លួនមិនឲ្យក្រុមហ៊ុនមួយឈ្មោះ យីជា ចាប់ផ្តើមឈូសឆាយលើដីធ្លីចំនួន ៣៣០០ហិកតា លើដីសម្បទាននៅក្នុងឧទ្យានជាតិរាមផ្តល់ដោយរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋឈ្មោះ អឹង គីមអាង អាយុ ៤៦ឆ្នាំ នៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានម្តាយអាយុ ៦៨ឆ្នាំ បានរងរបួសនៅក្នុងអំពើហិង្សាកាលពីថៃ្ងច័ន្ទនោះ បានថែ្លងថា ៖ «អត់ស្ងប់ស្ងាត់ទេ វានៅតែធ្វើបន្ត ម្សិលមិញក៏ធ្វើបន្តដែរ។ ខ្ញុំហៅខាងស្រុក ខាងខេត្ត ចុះមក វាចុះកិច្ចសន្យាថា វាអត់ធ្វើទេ អាដីដែលមិនទាន់មានដំណោះស្រាយហ្នឹង។ ខ្ញុំសូមជម្រាបទៅលោកពូ ជួយដោះស្រាយពីការប្រើអំពើហិង្សាមកលើម៉ាក់ខ្ញុំនិងលើប្រជាជន សូមកុំឲ្យធ្វើអ៊ីចឹងទៀត!»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រួសារប្រជាពលរដ្ឋចំនួនជាង ១០០គ្រួសារត្រូវបានដោះស្រាយរួចហើយអំពីបញ្ហាដីធ្លីនោះដោយក្រុមហ៊ុន។ នៅសល់គ្រួសារចំនួន ២ទៀតតែប៉ុណ្ណោះ មិនត្រូវបានដោះស្រាយនៅឡើយទើបមានការប៉ះទង្គិចគ្នារវាងកងកម្លាំងការពារក្រុមហ៊ុននិងគ្រួសារប្រជាពលរដ្ឋដែលការពារដីធ្លីរបស់ខ្លួនមិនឲ្យឈូសឆាយប៉ះពាល់នោះ។
រឿងវិវាទដីធ្លីរវាងក្រុមហ៊ុន យីជា បានចាប់ផ្តើមតាំងពីឆ្នាំ២០០៩កន្លងមក ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់តាំងពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានដីឲ្យទៅក្រុមហ៊ុនចំនួន ៣.៣០០ហិកតា នៅគ្រាដែលគ្រួសារប្រជាពលរដ្ឋចំនួនជាង ១០០គ្រួសារ ត្រូវបានទទួលស្គាល់ថា រស់នៅស្របច្បាប់ដោយអាជ្ញាធរមូលដ្ឋានតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក៕
