អាជ្ញាធរ​ខែត្រ​កំពង់ធំ​តាម​ចាប់​អ្នក​ភូមិ​ដែល​ចូលរួម​ក្នុង​ការ​សុំ​ដី

អ្នក​ភូមិ​នៅ​បន្ទាយរងៀង​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៤ មីនា​នេះ ថា ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​វៀតណាម តាន់បៀន ដែល​សុទ្ធ​សឹង​ជា​ក្រុម​មន្រ្តី​សមត្ថកិច្ច​ខែត្រ​កំពង់ធំ កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ភូមិ​ណា​ដែល​បាន​ចូលរួម​ក្នុង​ការ​សុំ​ដី​នៅ​បន្ទាយរងៀង ដើម្បី​ធ្វើ​ចម្ការ​ជា​បណ្តោះ​អាសន្ន​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

អ្នក​ភូមិ​នៅ​បន្ទាយរងៀង​ប្រមាណ ៥០​នាក់​កាល​ពី​ថ្ងៃ​៧ មីនា បាន​នាំ​គ្នា​ទៅ​សុំ​ក្រុម​ប្រដាប់​អាវុធ​នៃ​ក្រុមហ៊ុន តាន់បៀន ដើម្បី​សុំ​ដី​ចាស់​នៅ​បន្ទាយរងៀង​ធ្វើ​ចម្ការ​ជា​បណ្តោះ​អាសន្ន ទម្រាំ​អាជ្ញាធរ​ខែត្រ​ផ្តល់​ដី​ចម្ការ​ជូន​ពួក​គាត់ ប៉ុន្តែ​ពេល​ទៅ​ជិត​ដល់​ស្នាក់ការ កង​សន្តិសុខ​របស់​ក្រុមហ៊ុន​តាន់បៀន​បាន​មក​រាំង ហើយ​ក៏​បាញ់​រះ​មក​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ។

បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​សម្រាក​ព្យាបាល​របួស​នៅ​ខែត្រ​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​រក​ចាប់​កូន​គាត់​និង​អ្នក​ភូមិ​ផ្សេង​ទៀត ៖ «ជួយ​រក​យុត្តិធម៌! អត់​ដោះស្រាយ​ទេ រួច​ដី​ធ្លី​ក៏​អត់ អី​ក៏​អត់។ រួច​ថា​ឲ្យ​ប្រជាពលរដ្ឋ ដល់​ចុង​ក្រោយ​បាញ់​ប្រជាពលរដ្ឋ​ត្រូវ​របួស​គ្រប់​គ្នា​អ៊ីចឹង​ហើយ ដល់​ពេល​នេះ​តាម​ចាប់​អា​ពីរ​នាក់​នោះ​ធ្វើ​អី​ទៀត!»

អ្នក​ភូមិ​មួយ​រូប​ទៀត​បាន​បញ្ជាក់​ថា ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​នៅ​លំនៅ​ឋាន​ថ្មី​ដែល​គេ​ទើប​នឹង​ចែក​ឲ្យ នៅ​ក្នុង​ភូមិ​ថ្មសំលៀង​ទេ ហើយ​ចូល​លាក់​ខ្លួន​ក្នុង​ព្រៃ​ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន ៖ «ផ្ទះ​ដែល​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ហ្នឹង ទៅ​ព្រមាន​ម្ចាស់​ផ្ទះ​ម្ចាស់​អី​ឯ​ណា​ឯ​ណី​ថា លាក់​ជន​អនាធិបតេយ្យ​ឯ​ណា​ឯ​ណី​ទៀត​ហើយ! ចេះ​តែ​ព្រមាន​អ៊ីចឹង​ទៅ។ ដល់​អ៊ីចឹង​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ទៅ​នៅ​ក្នុង​ព្រៃ​ឯ​ណោះ!»

ស្នងការ​ខែត្រ​កំពង់ធំ លោក ផាន់ សុផេង បាន​បដិសេធ​ថា សមត្ថកិច្ច​របស់​លោក​ពុំ​បាន​ទៅ​តាម​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ទេ។ សមត្ថកិច្ច​របស់​លោក​បាន​ចូល​ទៅ​តំបន់​ថ្មី​ថ្មសំលៀង​នោះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ក្នុង​ការ​ចែក​ដី​ភូមិ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្តី​លោក​ស្នងការ ផាន់ សូផេង បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​និង​ខែត្រ​ធ្វើ​យ៉ាង​ណា​ចែក​ដី​ចម្ការ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ៗ​ដើម្បី​បញ្ចប់​ជម្លោះ ហើយ​បញ្ហា​ផ្ទុះ​អាវុធ​ក៏​ដោយសារ​តែ​បញ្ហា​ជម្លោះ​ដី​ធ្លី​នេះ​ដែរ។

លោក ផាន់ សូផេង បាន​បញ្ជាក់​ថា ៖ «ចង់​សំណូមពរ​ទៅ​អាជ្ញាធរ​ស្រុក ឃុំ ខែត្រ ឲ្យ​ចែក​ដី​ជូន​គាត់​ឲ្យ​បាន​លឿន ដី​លំនៅ​ឋាន ទី​២ ដី​បង្ក​បង្កើន​ផល។ គាត់​ជិត​ដល់​រដូវ​ហើយ ដល់​យឺត​អ៊ីចឹង គាត់​ចេះ​តែ​ដាក់​បញ្ហា។ តែ​គាត់​មិន​បាន​យល់ គាត់​ឃើញ​កម្លាំង​ប៉ូលិស​យើង​នៅ​ហ្នឹង។ ប៉ូលិស​យើង​ធម្មតា​គាត់​ការពារ​ផល​ប្រយោជន៍​រដ្ឋ!»

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចែក​ដី​ចម្ការ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​១​ហិកតា​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក អ៊ុត សំអន បាន​ថ្លែង​ថា ៖ «គឺ​ខ្ញុំ​នឹង​ចុះ​ទៅ​ហើយ​មើល​ជាក់ស្ដែង​បន្ថែម រួច​ហើយ​យើង​នឹង អាច​ថា ដី​ត្រូវ​ចាត់ចែង​ជា​ជំហាន​បឋម​គ្រប់​ឬ​មិន​គ្រប់​យ៉ាង​ណា យើង​ដឹង​លទ្ធផល»

ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បញ្ជាក់​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​រឿង​នេះ​កើត​ឡើង បាន​ន័យ​ថា ជា​ទិសដៅ​ដើម្បី​បង្វែរ​ពី​រឿង​តាម​រក​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស បង្ក​របួស​ស្នាម​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​យក​លេស​ដើម្បី​តាម​ចាប់​ប្រជាពលរដ្ឋ»

លោក អំ សំអាត បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​បាញ់​រះ​មក​លើ​ប្រជាពលរដ្ឋ​អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ឬ​តុលាការ​នៅតែ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ ហើយ​បែរ​ជា​មក​តាម​ច្បាប់​ប្រជាពលរដ្ឋ​ទៅ​វិញ៕