តំណាងគណៈកម្មការប្រព្រឹត្តិកម្ម លោក ចាន់ សាវ៉េត មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី៨ ខែមិថុនា ថា តុលាការខេត្តកំពង់ឆ្នាំងពន្យារបណ្តឹងពលរដ្ឋជាង៦០គ្រួសារនៅភូមិឡពាងប្តឹងច្រើនឆ្នាំមកហើយពីក្រុមហ៊ុន KDC រំលោភធ្វើរបងព័ទ្ធដីស្រែមិនឲ្យដាំដុះ។ តុលាការមិនដោះស្រាយបែរជាបង្កើនដីកាចោទមកលើអ្នកស្រុកបន្តបន្ទាប់នាំឲ្យមានការភ័យខ្លាចកើនឡើង។
លោក ចាន់ សាវ៉េត បានឲ្យដឹងថា ៖ «ដោយគណៈកម្មាធិការប្រព្រឹត្តិកម្មហ្នឹងស្នើសុំជំរុញឲ្យដោះស្រាយបញ្ហាវិវាទដីធ្លីនិងដោះលែងមនុស្សឈប់ចោទប្រកាន់តទៅទៀត»។
អ្នកស្រី អ៊ុំ សុភី មន្រ្តីរាជការរស់នៅភូមិឡពាងអះអាងថា ដីកាតុលាការខេត្តបានកោះហៅគាត់ទៅបំភ្លឺម្តងហើយ កាលពីថ្ងៃ២៩ ខែឧសភា ចោទគាត់ពីបទញុះញង់ដោយចៅក្រមស៊ើបសួរ ស៊ុន សួង។ គាត់បានបំភ្លឺច្បាស់ហើយស្រាប់តែមានដីកាមួយទៀតឲ្យគាត់ទៅបំភ្លឺរឿងដដែលនៅថ្ងៃ២២ ខែមិថុនា។
អ្នកស្រីថា ដីកាកោះហៅញឹកញាប់នេះនាំឲ្យគាត់គ្មានពេលរកស៊ី ធ្វើការ និងរងនូវភាពភ័យខ្លាច ៖ «ឲ្យខ្ញុំទៅ ខ្ញុំបារម្ភណាស់ បារម្ភថាគេលែងម្ដាយហើយ គេចាប់កូនញាត់ម្ដងដើម្បីកាច់ស្មារតីពលរដ្ឋខ្ញុំកុំឲ្យដើរប្ដឹងទៀត»។
បុរសសុំមិនប្រាប់ឈ្មោះអះអាងថា អ្នកភូមិភ័យព្រួយពីបញ្ហាស្បៀងខណៈឆ្នាំនេះដីស្រែជម្លោះមិនទាន់ដោះស្រាយផង បែរជាក្រុមហ៊ុនទៅភ្ជួរដីហើយសាបស្រូវលើដីជម្លោះ។
បុរសដដែលបានបញ្ជាក់ថា ៖ «ដីពួកខ្ញុំដែលមិនទាន់បានលក់ហ្នឹងគឺគេភ្ជួរដីហ្នឹង ព្រោះគ្រាប់ស្រូវមួយឆូតឯណេះ មួយឆូតឯណោះ បែបសន្សំរឿងក៏មិនដឹង»។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា លោកមិនបានដឹងពីការកោះហៅអ្នកភូមិជុំវិញបណ្តឹងក្រុមហ៊ុនទេ ហើយទាក់ទងនឹងបណ្តឹងរបស់ប្រជាជនវិញ តុលាការខេត្តបានផ្ទេរឲ្យតុលាការក្រុងភ្នំពេញជាអ្នកដោះស្រាយទៅហើយ។
លោក ពេញ វិបុល បានមានប្រសាសន៍ថា ៖ «ករណីរឿងបណ្ដឹងព្រហ្មទណ្ឌ ខាងព្រះរាជអាជ្ញាអត់ហ៊ានទេ ករណីហ្នឹងយើងផ្ទេរសមត្ថកិច្ចទៅតុលាការក្រុងភ្នំពេញហើយ»។
នៅមិនទាន់មានប្រតិកម្មពីតុលាការក្រុងភ្នំពេញអំពីរឿងនេះនៅឡើយទេ។
ប្រភពពីអ្នកភូមិនិងអាជ្ញាធរអះអាងថា ទំនាស់ដីធ្លីនៅភូមិឡពាងចំនួន១៨៤ហិកតាររវាងអ្នកស្រុក៦៤គ្រួសារជាមួយក្រុមហ៊ុនខេឌីស៊ីបានកើតឡើងពីឆ្នាំ១៩៩៦។ នៅឆ្នាំ២០០១តំណាងអ្នកស្រុក៣នាក់បានចាប់ដាក់គុក។ មុនបោះឆ្នោតសភាជាតិឆ្នាំ២០០៨ អ្នកស្រុកបាននាំគ្នាឡើងមកប្តឹងដល់រដ្ឋសភានិងផ្ទះនាយករដ្ឋមន្រ្តី មានការសន្យាដោះស្រាយពីថ្នាក់ខេត្តនិងតំណាងរាស្រ្តផង។ នៅខែមេសា ឆ្នាំ២០០៩ មេភូមិឡពាង អ្នកស្រី តូច លី ត្រូវចាប់ខ្លួនជាប់គុកព្រៃសក្នុងរឿងជម្លោះដីនោះដែរ។
កាលពីពេលថ្មីៗនេះតំណាងប្រជាជនភូមិឡពាង អ្នកស្រី អ៊ុន ទុំ បាននៅក្រៅឃុំក្រោយពីជាប់គុក១៨ខែ ឯបុរសឈ្មោះ ស សុង និងអ្នកស្រី តូច លី មេភូមិឡពាង នៅក្នុងគុកនៅឡើយ៕
